វត្តមួយនៅប្រទេសថៃមានប្រវត្តិទាក់ទងទៅនឹងការាជាភិសេកព្រះចៅក្រុង….

វត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ (ថៃ៖ วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร) ឬវត្តពោធិ៍ (ថៃ៖ วัดโพธิ์) ជាវត្តដ៏សំខាន់មួយរបស់រាជអាណាចក្រថៃ ដែលត្រូវបានចាត់ជាព្រះអារាមហ្លួងថ្នាក់ឯកប្រភេទរាជវរមហាវិហារ និងជាវត្តប្រចាំរជ្ជកាលទី១ (ព្រះមហាក្សត្រីថៃ ក្រុងរតនកោសិន្ទ្រ) និងមិនត្រឹមប៉ុណ្ណោះសោត វត្តនេះប្រៀបដូចជាសាកលវិទ្យាល័យដំបូងបង្អស់របស់ប្រទេសថៃទៀតផង។

វត្តនេះត្រូវបានអង្គការយូណេស្កូចុះជាបេតិកភណ្ឌពិភពលោក ប្រចាំភូមិភាគអាស៊ីប៉ាស៊ីហ្វិក កាលពីខែមីនា ព.ស.២៥៥១ ទៀតផង។ ក្រៅពីវត្ថុមានតម្លៃច្រើនរាប់មិនអស់នៅក្នុងទីអារាមនេះ វត្តនេះក៏ជាទីប្រតិស្ឋានព្រះចេតិយ៍ព្រះមហាក្សត្រិយ៍ជាច្រើនព្រះអង្គផងទៀត។

ពិធីរាជាភិសេកព្រះបាទ នរោត្ដម នៅក្នុងវត្តព្រះជេតុពនវិមលមង្គលារាម នាក្រុងទេពមហានគរ ក្រុងស្យាមអ្វីដែលពិសេសទាក់ទងនឹងប្រវត្តិសាស្ត្រកម្ពុជា ចំពោះវត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ គឺថា វត្តនេះ គឺជាទីប្រារព្ធបរមរាជាភិសេក ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី មុនពេលដែលព្រះអង្គយាងត្រឡប់មកសោយរាជ្យនៅនគរកម្ពុជាជាផ្លូវការផងដែរ។

ដូចលោកអ្នកបានដឹងស្រាប់ហើយ ប្រទេសកម្ពុជាយើងក្រោយសម័យអង្គរបានធ្លាក់ដុនដាបរហូតស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្យាមអស់ជាច្រើនសតវត្ស។ កម្ពុជាបានក្លាយជាទីហែកហួររវាងប្រទេសអណ្ណាម និងសៀម។ ក្រោយពេលព្រះករុណា ព្រះហរិរក្សរាមាធិបតី ព្រះអង្គដួង ទ្រង់សុគតទៅ សៀមបានសម្រេចចិត្តគាំទ្រ ព្រះអង្គម្ចាស់រាជាវតី (ព្រះនាមព្រះ នរោត្ដម មុនរាជាភិសេក) ឲ្យឡើងគ្រងរាជ្យនៅកម្ពុជា ដោយចាត់ព្រះរាជ្យពិធីរាជាភិសេកដោយនីតិន័យ នៅក្នុងបរិវេណខាងក្នុងនៃវត្តព្រះជេតុពនវិមលមង្គលារាមរាជវរមហាវិហារ នេះឯង ដោយមានខុនណាងខ្មែរនៅក្រុងទេពមហានគរ ជួយប្រកបពិធីរាជាភិសេកផងទៀត មុនពេលដែលពិធីរាជាភិសេកម្ដងទៀត នៅក្រុងភ្នំពេញ ដោយព្រឹត្តិន័យ។

បន្ទាប់ពីពិធីរាជាភិសេករួច ព្រះអង្គត្រូវបានព្រះមហាក្សត្រីថៃយាងចូលគាល់ ដើម្បីជម្រាបលា ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួរ ព្រមទាំងបានប្រទានព្រះបរមាភិធេយ្យជា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស ព្រះចៅក្រុងកម្ពុជាធិបតី។ បន្ទាប់មករាជការស្យាមបានចាត់ទ័ពជើងទឹកបញ្ជូនព្រះអង្គមកក្រុងកំពត និងបន្តដំណើរមកក្រុងឧត្ដុង្គមានជ័យ និងក្រោយមកពិធីរាជាភិសេកជាព្រះមហាក្សត្រីកម្ពុជា យ៉ាងពេញលេញតាមបរមខត្តិយរាជប្រពៃណី ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ដោយមានតំណាងរាជការបារាំងសេស និងរាជការសៀមចូលរួមផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ស្រែខ្មុក