តើអ្នកដឹងទេថា ទេពធីតាសង្រ្កាន្តទាំង៧ មានប្រភពបែបណា?

ព្រះព្រហ្ម ជាអាទិទេពចំបងបំផុតនៃព្រាហ្មណ៍សាសនា ព្រោះព្រះព្រហ្មជាអ្នកបង្កើតលោក ភាវៈ ធម្មជាតិ ទាំងអស់នឹងគម្ពីរវេទពោលគឺជាអ្នកសាងលោក។

លក្ខណៈពិសេសសំគាល់ព្រះព្រហ្ម ៖

មុខបួន

ដៃបួនកាន់គម្ពីរវេទ ឬ ផ្កាឈូក

កាយសម្បុរក្រហម

កេតនភណ្ឌ ថូផ្កា ថាស ស្លាបព្រា

ពាហនៈ សត្វហង្សជាយានជំនិះ

មហេសីទី1 នាងហ្គ៉ាយ៉ាទ្រី នាងមិនមានកូននោះទេ ទើបព្រះព្រហ្មឲនាងផឹកអង្កាំប្រាំពីរគ្រាប់ ដែលនៅក្នុងកេតនភណ្ឌ ថូផ្កា របស់ព្រះព្រហ្ម ហើយបង្កើតបានបុត្រីទាំង៧ តំណាងឲ្យថ្ងៃទាំង៧នៅលើផែនដីមាន នាងសង្ក្រាន្ត (ទុង្សៈទេវី) (គោរាគៈទេវី) (រាគ្សៈសាទេវី) (មណ្ឌាទេវី) (កិរិណនីទេវី) (កិមិរ៉ាទេវី) (មហោទរាទេវី) ។

មហេសីទី2 នាងសារ៉ាវត្តី នាងមានបុត្របីអង្គ (ទក្សៈ) (ភុគ៌ៈ) (សន្ធិយា) ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។

ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួនចន្ទគតិ (ដំណើរនៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែកក្តិក ជា​ខែ​ទី ១២។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (ដំណើរនៃ​ព្រះអាទិត្យ)។

ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែចេត្រ (ខែទី ៤) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ (ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៣ នៃឆ្នាំចាស់ដូចឆ្នាំបន្ទាប់) គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃ (ថ្ងៃ ១៤) ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃ ១៦។

មហាសសង្ក្រាន្ត ​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា “សាមញ្ញសង្ក្រាន្ត” (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែល​ប្រើ​របៀប​គន់​គូរ​តាមចន្ទគតិ ​ហៅថា “អាយន្តសង្ក្រាន្ត” (វេលាដែលព្រះអាទិត្យដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ ​ដោយ​យោង​ទៅ​សុរិយគតិ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិច្រើន។

ចំណែក​ឯថ្ងៃ​ចូលឆ្នាំតាមចន្ទគតិ​ មិន​​ទៀង​ទាត់​ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​។ ប៉ុន្តែ​នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខទេ។ ដូចនេះ​ សង្ក្រាន្តខ្លះ​ អាចធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ។

ទំនៀមផ្សេងៗ ដែល​ប្រជាជន​​ខ្មែរ​​រៀបចំ​តាម​ប្រពៃណី​​ មាន​ដូច​តទៅ ៖ ​

ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ សំអាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម។

ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

ថ្ងៃទី ១ ៖ គេ​ត្រូវជួបជុំគ្រួសារ ត្រៀមអុចធូបបន់ស្រន់ទទួលទេវតាឆ្នាំថ្មីដែលចុះមកដើម្បីសុំនូវសេចក្ដីសុខ ហើយនិងការបន់ស្រន់សុំសំរេចនូវបំណងប្រាថ្នាអ្វីមួយពីទេវតាឆ្នាំថ្មី បន្ទាប់មកកូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។

ថ្ងៃទី ២ ៖ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា។

ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ។

ថ្ងៃទី ៣ ៖ ពេល​ព្រឹក​គេនិមន្តព្រះរស់នៅក្នុងផ្ទះដែលយើងហៅថាឪពុកកម្ដាយដើម្បីស្រង់ទឹកលាងបាប និង ជាការដឹងគុណផង ពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុព្ទចង្រៃផ្សេងៗ រួចគេនិមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ពេល​ល្ងាចភិក្ខុ​សង្ឃត្រូវចេញទៅស្រង់​ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅ អំពើល្អនិងត្រលប់សងមកវិញ។

នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​ទាំងបីថ្ងៃនេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​ល្បែង ទាញព្រ័ត្រ ស្ដេចចង់ បោះ​អង្គញ់ ចោល​ឈូង លាក់​កន្សែង ខ្លែងឆាបកូនមាន់​ ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​តាមចង្វាក់ភ្លេងសម័យ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម៕

 

ដកស្រង់ដោយ៖ លោក ​ប៊ុត ហេង

ប្រភព៖ វីគីភីឌៀ