សូមប្រុងប្រយ័ត្ន! ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាន​រាលដាលដល់ កម្ពុជាយើង ហើយ..

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាន​រាលដាលដល់ ប្រទេសកម្ពុជាហើយ​ ដោយជំងឺនេះ ត្រូវបាន​រកឃើញកើត ​មានឡើងនៅក្នុងភូមិមួយរបស់ស្រុកអូរយ៉ាដាវ ​ខេត្តរតនគិរី​ ជាប់ព្រំដែនប្រទេសវៀតណាម បណ្ដាលឱ្យ​ ជ្រូកជាច្រើនក្បាលងាប់។

យោង​តាមការប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានបញ្ជាក់ថា ​ចាប់តាំងពី ករណីជំងឺនេះ ឆ្លងចូលដល់ខេត្តរតនគិរី​ កាលពីថ្ងៃទី២២ ខែមីនា ​ឆ្នាំ២០១៩ ​រហូតមកដល់ថ្ងៃនេះ ​បាន ​សម្លាប់សត្វជ្រូក ប្រមាណ ៤០០ក្បាល ។ ជំងឺប៉េស្ដជ្រូកអាហ្រ្វិក​ នៅខេត្តរតនគិរីនេះ​ មិនមែនមកពីការនាំ សត្វជ្រូកចូលពីប្រទេសវៀតណាមឡើយ​​ ដោយសារខេត្តនេះ ពុំមានការ​ អនុញ្ញាត​ឲ្យនាំចូលសត្វជ្រូកឡើយ ប៉ុន្តែអាច​ដោយ​សារ​ក្រុមជនជាតិវៀតណាម​ បាន​ដឹកបន្លែ​ និង​សាច់​គ្រប់ប្រភេទ​មកលក់​ ក្នុងខេត្តនេះ​ ទើប ឆ្លង​ជំងឺទៅសត្វជ្រូកនៅកម្ពុជា។

ក្រសួងកសិកម្ម ​និងអាជ្ញាធរខេត្តរតនគិរី ​បាននឹងកំពុង​មានវិធានការជាបន្ទាន់​ ដើម្បី​ទប់ស្កាត់ ​ការ​រីករាលដាល នៃជំងឺប្រភេទនេះ។​ យ៉ាងណាក៏ដោយ ​ជំងឺនេះ មិនប៉ះពាល់ ​និងឆ្លងដល់មនុស្សឡើយ។

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ក្រសួងកសិកម្ម​ បានចេញសេចក្ដីប្រកាសពីការកំណត់​តំបន់ ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក​ នៅក្នុងភូមិសោមកានិញ​ ខណៈបណ្ដាលឲ្យជ្រូកឈឺ ​និងងាប់​ មានអត្រាខ្ពស់ រហូតទៅដល់ ១០០ភាគរយឯណោះ។ ​ការចិញ្ចឹម ទិញ លក់ ​និងដឹកជញ្ជូនសត្វជ្រូក ​សាច់ជ្រូក​ និងផលិត ផល ដែលមានដើម​កំណើតពីសត្វជ្រូក​ គ្រប់ប្រភេទ​ ក្នុងតំបន់ផ្ទុះជំងឺនេះ​ ត្រូវផ្អាកជា​បណ្ដោះអាសន្ន។ វិធានការ​ចំពោះមុខនេះ ​ក្រសួងបាន​ប្រមូល​ទិញសត្វជ្រូក​ នៅ​កន្លែងផ្ទុះជំងឺ​ ប្រមាណ១០០ក្បាល ​យកទៅ ​សម្លាប់ និង​ដុតបំផ្លាញចោល ​និង​មានវិធានការ​ទប់ស្កាត់​ចរាចរ​ជ្រូក ​ក្នុង​រង្វង់បីគីឡូម៉ែត្រ ​ហើយ​តាមដាន​ ស្រាវជ្រាវ​បន្ដទៀត ក្នុងរង្វង់១០គីឡូម៉ែត្រ។

យោង​តាមស្ថិតិរបស់​សមាគម​អ្នកចិញ្ចឹមសត្វ ​បានឲ្យដឹងថា ​ក្នុងមួយថ្ងៃ ​កម្ពុជា​ទទួលទានសាច់ ​ជ្រូក ​ពី​បួនពាន់ ទៅ​ប្រាំពាន់ក្បាល​ ហើយ​អាច​នាំចូលពីមួយពាន់​ ទៅ​ពីរពាន់ក្បាល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ bayontv