អបអរសាទរ! វៀតណាម សម្រេចផ្តល់​អគ្គិសនីបន្ថែមដល់កម្ពុជា ដើម្បីផ្គត់ផ្គង់ការខ្វះខាតហើយ

យោងតាមប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងឲ្យសារព័ត៌មានដឹង​កាលពីម្សិលមិញគឺ នាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក បានសម្រេច​ផ្តល់បន្ថែមនូ​វ​ថាម​ពលអគ្គិសនីចំនួនពី២០០ ទៅ ២៥០​មេហ្គា​ត់ ដល់កម្ពុជាដែលកំពុងខ្វះខាត ខណៈការ​បន្ថែ​ម​៥០មេហ្គាវ៉ាត់ នឹងបញ្ជូន​មកដល់​កម្ពុជា​នៅថ្ងៃម្សិលមិញនេះតែម្តង ដើម្បីឲ្យ​បងប្អូនប្រជាពល​រដ្ឋ​កម្ពុជា ប្រើប្រាស់ក្នុងឱកាស​បុណ្យចូល​ឆ្នាំ​ប្រពៃ​ណីជាតិខ្មែរ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្រ្តីវៀតណាមបានទូរស័ព្ទ​មកដោយថ្លែងផ្ញើសារថ្វាយ ពរចំពោះព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជាទាំងអស់ នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។ សម្តេចតេជោបានបន្ថែមថា ក្រៅពីថ្លែងសារជូនពរនាយករដ្ឋមន្រ្តីវៀតណាម ក៏បានពិភាក្សាជាពិសេស​លើទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ និងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីបង្កើនការ វិនិយោគទុនបន្ថែមទៀត ហើយជាពិសេសបំផុតនោះ​គឺវៀតណាមបាន​សម្រេចផ្តល់​ថាមពល​អគ្គិសនីបន្ថែមដល់កម្ពុជាពី២០០ ទៅ ២៥០មេហ្គាវ៉ាត់។

ការសម្រេចផ្តល់បន្ថែមថាមពលអគ្គិសនីពីរដ្ឋាភិបាលវៀតណាមចំនួន៥០មេហ្គាវ៉ាត់ ធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតកាលពីចុងខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ បច្ចុប្បន្នកម្ពុជា បាននឹងកំពុងខ្វះខាតថាមពលអគ្គិសនី​ប្រមាណ​៤០០មេហ្គាវ៉ាត់ នៅក្នុងរដូវប្រាំងដោយសារបញ្ហាខ្វះខាតទឹក ប៉ុន្តែតាមការឲ្យដឹង​ពីអគ្គិសនី​កម្ពុជា បញ្ហានេះនឹងត្រឡប់មករកភាពប្រក្រតីវិញ នៅចុងខែឧសភាខាងមុខ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news