អបអរសាទរ! កម្ពុជា នឹងមានអាងចិញ្ចឹមត្រីបំពាក់សុទ្ធតែបច្ចេកវិទ្យា AI ដំបូងបំផុតហើយ

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យនៅកន្លែងកែច្នៃ និងវិចខ្ចប់ កន្លែងផលិតចំណីត្រី និងមន្ទីរពិសោធន៍ របស់ក្រុមហ៊ុន Hainan XiangTai Fishery Co, Ltd.។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបប្រជុំពិភាក្សាជាមួយលោក Liu Rong Jie ប្រធានក្រុមហ៊ុន អំពីវឌ្ឍនភាព និងគម្រោងវិនិយោគនៅក្នុងប្រទេកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថាការចិញ្ចឹមត្រីក្នុងបែរក្នុងសមុទ្រនេះមានផលចំណេញច្រើន ជាពិសេសបង្កើនប្រាក់ចំណូលដល់ប្រជាកសិកប្រមាណ១២០០០ ដុល្លា ក្នុង១ឆ្នាំ និងបង្កើតការងារប្រមាណ ៤០០០០ នាក់ ដោយរួមទាំងកម្មករកែច្នៃ ចញ្ចឹម និងមន្ទីរពិសោធន៍។

លោកប្រធានក្រុមហ៊ុនបញ្ជាក់ថា នៅកម្ពុជាមានកំរិតសីតុណ្ហភាពសមស្របអាចចិញ្ចឹមត្រីបែបនេះបានយ៉ាងល្អ ហើយក្រុមហ៊ុនកំពុងរងចាំនៅការអនុញ្ញាតពី CDC ដើម្បីដាក់ទុនវិនិយោគ និងធ្វើអោយកាន់តែប្រសើរជាងនេះទៅទៀតដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី AI (Automated Intelligence) ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍នូវការវិនិយោគបែបនេះនៅកម្ពុជា និងជំរុញអោយក្រុមហ៊ុនសហការអោយកាន់តែជិតស្និតជាមួយរដ្ឋបាលជលផល និងស្ថាប័នពាក់ពន្ធ័ដើម្បីពន្លឿននូវដំណើរការអោយបានឆាប់ ដើម្បីឆ្លើយតបនឹងតម្រូវការត្រីក្នុងស្រុកកាន់តែកើនឡើង និងនាំចេញទៅទីផ្សារអន្តរជាតិផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ