កូនខ្មែរគួរដឹង! មានព្រះវិហារដ៏ចំណាស់មួយ មានអាយុកាលរហូតដល់ជាង ៣០០ឆ្នាំឯណោះ

វត្ត​សំរោង​ក្នុង​មាន​វ័យ​ចំណាស់​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​វត្ត​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង ហើយមាន​ផ្ទៃដី​ទំហំ ​២៩,៩៣៧​ម៉ែត្រក្រឡា ដោយកសាង​ក្នុង​អំឡុង​ឆ្នាំ ១៧០៧ ដែល​រៀបចំ​ដោយ​ព្រះសង្ឃ​ធុតង្គ​មួយ​អង្គ​ព្រះ​នាម ​«​ជ័យ​» ដោយដំបូងឡើយធ្វើពី​ឈើ តែ​ក្រោយមក​បាន​សាងសង់​ពី​ឥដ្ឋ​បូក​បាយអ ប្រក់​ក្បឿង សសរឈើ។

ព្រះ​វិហារ​ដ៏​ចំណាស់ ដែល​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ នៅ​វត្ត​សំរោង​ក្នុង ស្ថិត​ក្នុងភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលបានត្រៀមទុកជាសម្បត្តិ​វប្បធម៌ ឬ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ទៅ​ទស្សនា និង​ស្រាវជ្រាវបន្ថែម។ សំណង់ទាំងនេះមានបន្សល់ទុកនៅក្នុងបរិវេណវត្តសំរោងក្នុង ហើយបើគិតមកដល់បច្ចុប្បន្នសំណង់ព្រះវិហារចាស់នេះ មានអាយុកាល ៣១១ ឆ្នាំហើយ។

នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ វត្តសំរោងក្នុង បានក្លាយជាគុកសម្រាប់ដាក់អ្នកទោសក្នុងរបប «កម្ពុជាប្រជាធិបតេយ្យ» ។ ពួកខ្មែរក្រហមបានយកព្រះវិហារបុរាណនេះ ធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងវត្តសំរោងក្នុងត្រូវបានបំផ្លាញទាំងស្រុង ដោយរបបខ្មែរក្រហម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia