កក្រើកទៀតហើយ! កម្ពុជា​នឹង​បាញ់​ផ្កាយរណប​ផ្ទាល់​ខ្លួន​ចូលអវកាសនៅឆ្នាំ២០២១

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុ​ជាតិ បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១៧ តុលា ២០១៧ នេះ​ថា ពេល​ដែល​កម្ពុជា​មាន​ប្រព័ន្ធ​ផ្កាយ​រណប​ផ្ទាល់ខ្លួន នឹង​ជួយ​សម្រួល​ដល់​ការងារ​បាន​ច្រើន នៅ​ក្នុង​វិស័យ​ការពារ​ប្រទេស ពិសេស​ការ​គ្រប់គ្រង​បាន​ល្អ​លើ​ផ្នែក​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់ ការ​គ្រប់គ្រង​បាន​ល្អ​នូវ​សន្តិសុខ​តាម​បណ្តា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង ។

លោក ឈុំ សុ​ជាតិ បាន​បន្ថែម​ថា បច្ចុប្បន្ន​នេះ បើសិន​ត្រូវការ​តាមដាន​សន្តិសុខ​សង្គម ឫ​ក៏​បញ្ហា​ព្រំដែន គឺ​តម្រូវ​ទិញ​ទិន្នន័យ​ពី​ផ្កាយ​រណប​បរទេស ដូច្នេះ​រាល់​ការ​សម្ងាត់​ខ្លះ​ៗ​របស់​យើង ពិបាក​ក្នុង​ការ​លាក់បាំង​ពី​ម្ចាស់​ប្រព័ន្ធ​ផ្កាយ​រណប​របស់​គេ​ណាស់ ហើយ​ការ​ជួល​នោះ​ក៏​មាន​តម្លៃ​ខ្ពស់​ថែម​ទៀត ។

រូបតំណាង

ការ​លើក​ឡើង​អំពី​ប្រព័ន្ធ​ផ្កាយ​រណប​បែប​នេះ គឺ​ខាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េ​ង និង​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ចិន ក្រោម​ការ​សម្របសម្រួល​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹង​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​នៅ​ក្នុង​ឆ្នាំ​២០២១ ខាង​មុខ​នេះ ។

លោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានអោយ​ដឹង​ថា គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ដំបូង​គេ​បង្អោះ​នៅ​កម្ពុជា​នេះ គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​សិក្សា​នៅឡើយ ដើម្បី​ចង់​ដឹង​អំពី​តម្រូវការ​ប្រព័ន្ធ​ផ្កាយ​រណប និង​ទំហំ​នៃ​ប្រតិបត្តិការ ។

ទំហំ​វិនិយោគ​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ផ្ទាល់ខ្លួន​របស់​ម្ពុ​ជា​នេះ​ដែរ អាច​មាន​ទឹកប្រាក់​ប្រមាណ​ជា​១៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយនឹង​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប និង​រាជរដ្ឋាភិបាល​កម្ពុជា ។

ពាក់​ព៏​ន្ធ​នឹង​ការ​វិនិយោគ​រវាង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ផ្សេង​ទៀត​នោះ ភ្នាក់ងារ​អង្រុត​ព័ត៌មាន​យើង​មិន​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​១៨ តុលា នេះ ។

រូបតំណាង

គួរជម្រាបផងដែរថា កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ កន្លង​មកនេះ ប្រទេស​ចិន​បាន​បាញ​បង្ហោះ​ផ្កាយ​រណប​គមនាគមន៍​មួយ​របស់​ឡាវ​ចេញពី​ទីតាំង​បាញ់​បង្ហោះ​ផ្កាយ​រណប​នៅ​ស៊ី​ចាង ខេត្ត​ស៊ី​ឈួ​ន ។ ពី​មុន​ឡាវ ជួល​បណ្តា​ផ្កាយ​រណប​របស់​ប្រទេស​ដទៃ ។ ពេល​នេះ​ឡាវ​មាន​ផ្កាយ​រណប​ផ្ទាល់ខ្លួន ។

ផ្កាយ​រណប LAO SAT-1 ជា​ផ្កាយ​រណប​ដំបូង​គេ​ដែល​ចិន​បញ្ជូន​ទៅ​ប្រទេស​អាស៊ាន​មួយ ហើយ​វា​ក៏​ជា​ផ្កាយ​រណប​គមនាគមន៍​ដំបូង​របស់​ឡាវ​ដែរ ។ ផ្កាយ​រណប​នោះ​នឹង​ផ្តល់​សេវាកម្ម​ផ្សាយ​ទូរទស្សន៍ ព្រមទាំង​គមនាគមន៍​អន្តរជាតិ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ angrut