ព្រះមហាក្សត្រ សីហមុនី ផ្ញើសារលិខិត ទៅកាន់សម្តេចតេជោ ដើម្បីអបអរ….

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានទទួលគោរមងាជា “សាស្ដ្រចារ្យកិត្ដិយស ផ្នែកទំនាក់ទំនងអន្ដរជាតិ” ពីសាកលវិទ្យាល័យ ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ទ្រង់បានផ្ញើរសារលិខិតអបអរសាទរ ដល់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ដោយក្នុុងនោះផងដែរព្រះរាជសារអបអរសាទរ ដែលចុះនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានមានព្រះរាជបន្ទូលដូច្នេះថា៖

”សម្ដេចអគ្គមហាសេនាបតីតេជោ ជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុត និងរាប់អានដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលបានទទួលដំណឹងដ៏ល្អប្រសើរ ស្ដីពី សម្ដេចអគ្គមហាសេនាបតីតេជោ បានទទួលគោរមងាជា “សាស្ដ្រចារ្យកិត្ដិយស ផ្នែកទំនាក់ទំនងអន្ដរជាតិ” ពីសាកលវិទ្យាល័យ ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។

ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរដ៏កក់ក្ដៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ បានដឹងនាំប្រទេស ប្រកបដោយគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្ដុង្គឧត្ដម និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្ដិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍជាតិរីកចំរើនលើគ្រប់វិស័យ។

ខ្ញុំសូមជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ដិត ព្រមទាំងក្រុមគ្រួសារសូមទទួលបាននូវមហាជោគជ័យថ្មីៗ ថែមទៀត ដើម្បីជាប្រយោជន៏ជូនប្រជាជាតិ និងប្រជារាស្រ្ដកម្ពុជា និងសូមបានប្រកបតែនិងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្ដេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំ”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង