លោកស្រី​ អង់ សានស៊ូជី នឹងមកដល់កម្ពុជាថ្ងៃស្អែក ហើយឆ្លៀតទៅមើលប្រាសាទអង្គរនៃយើងទៀត

លោកស្រី អង់ សានស៊ូជី ជាមេដឹកនាំមីយ៉ាន់ម៉ាដ៏ល្បីល្បាញ ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សា​រដ្ឋមីយ៉ាន់ម៉ា និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ហើយជាប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD)ផងដែរ។

ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកស្រី អង់ សានស៊ូជី កាលនៅប្រទេសព្រុយណេ

លោកស្រី អង់ សានស៊ូជី ដែលសព្វថ្ងៃនេះជាប្រធានក្រុមប្រឹក្សា​រដ្ឋមីយ៉ាន់ម៉ា ហើយនឹងដឹកនាំគណៈប្រតិភូមីយ៉ាន់ម៉ា មកទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃចន្ទ ទី២៩ ខែមេសា ដល់ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនោះ លោកស្រី​ នឹងចូលបង្គំគាល់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រមទាំងជួបសម្តែងការគួរសមជាបន្តបន្ទាប់ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

បន្ទាប់មកទៀត លោកស្រី​ នឹងទៅគោរពវិញ្ញាណក្ខន្ធសម្តេចតា ដែលជាព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រខ្មែរ ហើយចុងក្រោយ លោកស្រី​ ក៏មិនភ្លេចទៅទឹកដីខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទមួយចំនួនផងដែរ។

ក្នុងដំណើរទស្សនកិច្ចសិក្សាផ្លូវការរបស់លោកស្រី គឺដើម្បីពង្រឹង និងពង្រីកបន្ថែមនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើគ្រប់វិស័យ​ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគីផងដែរ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ