តើអ្នកដឹងទេថា មហាសេដ្ឋីនៅអាស៊ី ភាគច្រើនពួកគេរស់នៅទីក្រុងណា?

ជារឿងធម្មតារបស់មហាសេដ្ឋី នៅពេលដែលមានទ្រព្យសម្បត្តិច្រើនលើសលុបហើយ គេតែងតែចង់រស់នៅទីក្រុង ដែលប្រកបដោយភាពស៊ីវិល័យ ដើម្បីសោយសុខទ្រព្យសម្បត្តិរបស់គេ ប្រកបដោយភាពរីករាយ។ នៅក្នុងទ្វីបអាស៊ីយើង មានទីក្រុងទំនើបៗច្រើនណាស់ ដែលសម្បូរទៅដោយមហាសេដ្ឋី មិនខុសពីខ្សែរភាពយន្ដ Crazy Rich Asians នោះទេ ក្នុងនោះទីក្រុងធំៗដូចជាតូក្យូ សិង្ហបុរី ហុងកុង សៀងហៃ ប៉េកាំង និងសេអ៊ូលជាដើម។ អញ្ចឹងតើនៅអាស៊ីយើង ទីក្រុងមួយណាដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ?

ជាដំបូងយើងត្រូវចាត់ថ្នាក់មហាសេដ្ឋីជាមុនសិន ព្រោះថាមហាសេដ្ឋីមានច្រើនណាស់ ដែលមានទ្រព្យសម្បត្តិចាប់ពីខ្ទង់លាន ដល់ពាន់លាន។ សម្រាប់មហាសេដ្ឋីនៅក្នុងអត្ថបទមួយនេះ យើងលើកអំពីអ្នកដែលមានទ្រព្យសម្បត្តិចាប់ពី ៣០ លានដុល្លារឡើងទៅ គឺជាប្រាក់ (Net Worth) មិនទាន់រាប់បញ្ចូលជាមួយភូមិគ្រឹះ និងសម្ភារៈផ្សេងៗទៀតនោះទេ ដោយតាមទិន្នន័យទ្រព្យសម្បត្តិរបស់ Knight Frank បានចាត់ថ្នាក់មហាសេដ្ឋីទាំងនោះថា Ultra-High-Net-Worth Individual (UHNWI)។ ហើយនៅក្នុងឆ្នាំ ២០១៨ គេរកឃើញថាមហាសេដ្ឋី UHNWI ទាំងនេះមានភាគច្រើននៅទីក្រុង ៣ ធំៗគឺ តូក្យូ សិង្ហបុរី និងហុងកុង។

ទីក្រុងតូក្យូ គេឃើញមានមហាសេដ្ឋី UHNWI ដែលមានទ្រព្យសម្បត្តិចាប់ពី ៣០ លានដុល្លារឡើងទៅ រស់នៅច្រើនជាងគេ ដែលមានចំនួនប្រហែល ៣,៧៣២ នាក់ឯណោះ ខណៈប្រទេសសិង្ហបុរីមានចំនួនច្រើនមិនចាញ់ប៉ុន្មានឡើងគឺ ៣,៥៩៨ នាក់ និងហុងកុងមានចំនួន ៣,០១០ នាក់។ បន្ទាប់មកទៀត គេឃើញមានទីក្រុង ៣ ផ្សេងទៀតសម្បូរទៅដោយមហាសេដ្ឋី UHNWI ដែលមានទ្រព្យសម្បត្តិលើសពី ៣០ លានដុល្លារ នោះគឺនៅក្នុងទីក្រុងប៉េកាំង មានមហាសេដ្ឋីចំនួន ១,៦៧៣ នាក់, ទីក្រុងសៀងហៃមានចំនួន ១,២៦៣ នាក់, និងទីក្រុងសេអ៊ូល មានចំនួន ១,៥៩៤ នាក់រស់នៅ។

ប្រសិនបើគេនិយាយអំពី មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ចាប់ពី ១ លានដុល្លារឡើងទៅ គឺជាប្រាក់ (Net Worth) មិនរាប់បញ្ចូលភូមិគ្រឹះ និងសម្ភារៈ ដែលគេហៅថា High-Net-Worth Individual (HNWI) នោះគេឃើញថា ទីក្រុងតូក្យូនៅតែស្ថិតនៅលំដាប់លេខ ១ ដដែល ដោយក្នុងទីក្រុងនោះមានមហាសេដ្ឋី HNWI ដល់ទៅ ៤៨៨,៥៨២ នាក់រស់នៅឯណោះ។

ជាសរុបមក យើងឃើញថា នៅក្នុងតំបន់អាស៊ីយើង មិនមែនជាអាស៊ីក្រីក្រដូចលកាលពី ៥០ ឆ្នាំមុនឡើយ ដោយយើងមានមហាសេដ្ឋីជាច្រើន ដែលកំពុងធ្វើពាណិជ្ជកម្ម វិនិយោគ និងមានទ្រព្យសម្បត្តិច្រើនមហាសាលមិនចាញ់ប្រទេសជឿនលឿនក្នុងទ្វីបអឺរ៉ុប និងទ្វីបអាមេរិចឡើយ។ ប៉ុន្តែយើងក៏សង្កេតឃើញថា មហាសេដ្ឋីភាគច្រើន គឺមាននៅក្នុងទីក្រុងធំៗមួយចំនួននៅអាស៊ីបូព៌ាប៉ុណ្ណោះ ដូចជា តូក្យូ ហុងកុង សៀងហៃ ប៉េកាំង សេអ៊ូល និងរួមបញ្ចូលនាគសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍មួយទៀតគឺ សិង្ហបុរី។ ទាំងនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ទីក្រុងខាងលើ សុទ្ធតែជាតំបន់សំខាន់ៗសម្រាប់មហាសេដ្ឋីសោយសុខ និងសម្រាប់ជំនួញរបស់គេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ambodiapropertyreport