តាមពិត មុខងារថ្មី Explore Feed មានតែ ៦ ប្រទេសសោះ បូករួមទាំងកម្ពុជាយើងផងដែរ
កាលពីពេលថ្មីនេះ ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) បានសម្រេចចិត្តជ្រើសរើសប្រទេសចំនួន ៦ ដែលរួមមានទាំងកម្ពុជាផងដែរ សាកល្បងធ្វើការបន្ថែមមុខងារថ្មី Explore Feed ជំនួសឲ្យ News Feed មុននឹងសម្រេចដាក់ឲ្យដំណើរការជាផ្លូវការទូទាំងពិភពលោក។
មុខងារថ្មីមួយនេះ (Explore Feed) ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកដាក់ឲ្យដំណើរការបានទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ។ កម្មវិធីនេះទៀតសោត ត្រូវបានប្រើដើម្បីជាបណ្តុំគេហទំព័រ (Facebook Page) ទាំងអស់ មិនថាអ្នកបាន Like ឫ មិនបាន Like ក៏ដោយ។
ជាធម្មតាយើងអាចទទួលបានព័ត៌មានពី Page ទាំងអស់ដែលយើងបាន Like ហើយរាល់ការបង្ហោះ (Post) ផ្សេងៗពី Page ដែលយើងបាន Like នឹងបង្ហាញឲ្យយើងឃើញដោយផ្ទាល់ ប៉ុន្តែពេលនេះដើម្បីមើលឃើញការបង្ហោះ (Post) ពីPage ដែលអ្នកបាន Like អ្នកត្រូវចូលទៅក្នុង Explore Feed។
ការកែសម្រួលនេះមានន័យថាប្រសិនបើ Page ទាំងឡាយណា ចង់បង្ហាញខ្លួនលើ News Feed គឺត្រូវចំណាយលុយលើការផ្សព្វផ្សាយជាមួយហ្វេសប៊ុក ឬការបង្ហោះ (Post) របស់ Page នោះត្រូវបានគេចែករំលែក (Share) លើ Timeline ឬ ក្នុងក្រុម (Group)។
ក្រុមហ៊ុន Facebook បានបញ្ជាក់ឲ្យដឹងផងដែរថា ការដាក់ដំណើរការសាកល្បងនេះ ក្នុងគោលបំណងចង់ដឹងថា តើនឹងមានការពេញចិត្ត ឫ មតិរិះគន់ខ្លាំងប៉ុណ្ណាពីអ្នកប្រើប្រាស់? ប្រសិនបើមិនមានមតិរិះគន់ ហើយវាមានដំណើរការល្អ ក្រុមហ៊ុន Facebook នឹងពង្រីកការដំណើរការមុខងារថ្មីនេះ ទៅកាន់បណ្តាប្រទេសផ្សេងទៀត នៅលើពិភពលោក។
មុខងារថ្មីនេះ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នករកស៊ីតាមអនឡាញ មិនថាអ្នកប្រើប្រាស់ Facebook ឫ Website នោះទេ ព្រោះវាធ្វើអ្នកទាំងនោះពិបាករកអតិថិជន អ្នក Like និងអ្នកចូលក្នុងគេហទំព័រ ខណៈអាជីវកម្មអនឡាញបានចាត់ទុកហ្វេសប៊ុកគឺជាប្រព័ន្ធផ្សព្វផ្សាយដោយសេរី និងឥតគិតថ្លៃជាយូរមកហើយ
គួរជម្រាបផងដែរថា ប្រទេសដែលយកមកធ្វើការពិសោធន៍សាកល្បងទាំង៦នោះរួមមាន៖ ប្រទេសកម្ពុជា ស្រីលង្កា ប្រទេសបូលីវី ស្លូវ៉ាគី ស៊ែប៊ី និងប្រទេសហ្គាតេម៉ាឡា ហើយខណៈពេលនេះក្រុមហ៊ុន Facebook ក៏មិនទាន់មានគម្រោងថានឹងដាក់ដំណើរការមុខងារថ្មីនេះទូទាំងពិភពលោកនៅឡើយដែរ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ business-cambodia