បុរសចិត្តធម៏ម្នាក់ ចំណាយប្រាក់ខែជាងពាក់កណ្តាល ព្រោះតែចិញ្ចឹម សត្វ….

បុរសចិត្តល្អម្នាក់ ត្រូវបានមហាជនមានការកោតសរសើរនឹងរូបគេជាខ្លាំង បន្ទាប់ពីគេបានលះបង់ពេលវេលា និងប្រាក់ខែរបស់គេជាងពាក់កណ្តាល ព្រោះតែចិញ្ចឹមសត្វឆ្កែ-ឆ្មាអនាថា។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Azman Ali បានចែករំលែករឿងរ៉ាវដ៏សែនក្តុកក្តួលមួយទាក់ទិនទៅនឹងបុរសចិត្តល្អម្នាក់ ដែលខំធ្វើការងារពីរកន្លែង និងបានចំណាយប្រាក់ខែរបស់គាត់អស់ជាងពាក់កណ្តាលដើម្បីតែចិញ្ចឹមឆ្កែ-ឆ្មាអនាថា។

បុរសចិត្តល្អម្នាក់នេះត្រូវបានស្គាល់ថាឈ្មោះ Anfalazie Anuar ឬ Ann ហើយសព្វថ្ងៃគេគឺជាអ្នកសម្អាត និងជាអ្នកកឹបសំបុត្រម៉ូតូ-ឡានមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី។

ជារឿយៗលោក Ann តែងតែយកចំណីអាហារឱ្យឆ្កែ និងឆ្មាអនាថាទាំងនេះ ស៊ីពីរដងក្នុងមួយថ្ងៃ ហើយលោកតែងតែធ្វើបែបនេះរាល់ថ្ងៃ មិនថាអាកាសធាតុក្តៅយ៉ាងណានោះទេ។ លើសពីនេះទៅទៀត លោកបានចិញ្ចឹមសត្វឆ្កែ និងឆ្មាអនាថាទាំងនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ប្រាក់ខែធ្វើជាអ្នកសម្អាតរបស់លោក Ann បានត្រឹមតែជាង ២០០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។ ចំពោះធ្វើជាអ្នកកឹបសំបុត្រម៉ូតូ-ឡានវិញ លោកអាចរកបានជាង ៧ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្តែលោកត្រូវចំណាយអស់ជាង ១២ដុល្លារក្នុងមួយថ្ងៃសម្រាប់ចំណីអាហាររបស់ឆ្កែ និងឆ្មាអនាថាទាំងនេះ។

លោក Ann បានពន្យល់ប្រាប់ថា លុយ ៧ដុល្លារបានពីការកិបសំបុត្រម៉ូតូ-ឡាននោះ លោកបានចំណាយវាអស់ទាំងស្រុង ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ។ ដូច្នេះលោកត្រូវចំណាយ ៥ដុល្លារបន្ថែមទៀត ដែលលុយទាំងនេះត្រូវដកចេញពីប្រាក់ខែធ្វើជាអ្នកសម្អាត។

ដូច្នេះ លោកសល់តែប្រាក់ខែតែបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ចិញ្ចឹមជីវិតខ្លួនឯង។

«ខ្ញុំពិតជាមានសេចក្តីអំណរណាស់ចំពោះអ្វីដែលខ្ញុំមាននៅសព្វថ្ងៃ។ វាគឺគ្រប់គ្រាន់សម្រាប់ខ្ញុំរស់ និងចំណាយពេលវេលាជាមួយក្រុមគ្រួសាររបស់ខ្ញុំ និងថែមទាំងចិញ្ចឹមឆ្កែ-ឆ្មាទាំងនេះ។» (សម្តីរបស់លោក Ann)

លោក Ann បាននិយាយថា នៅពេលលោកមានអារម្មណ៍មិនសប្បាយចិត្ត លោកតែងតែទៅយកចំណីអាហារឱ្យឆ្កែ-ឆ្មាអនាថាទាំងនោះស៊ី ហើយការធ្វើបែបនេះពិតជាធ្វើឱ្យលោកសប្បាយចិត្តពិតមែន។

ក្រោយមក រឿងរ៉ាវនេះត្រូវបានលិចឮនៅលើបណ្តាញសង្គម ហើយមនុស្សម្នាជាច្រើនសុទ្ធសឹងតែមានការកោតសរសើរចំពោះស្មារតីលះបង់របស់លោក Ann ជាខ្លាំង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload