អស់ទាស់! យុវជនសំរាម ល្បីដល់កាសែតជប៉ុន ចុះសំភាសន៍ដល់កន្លែងតែម្តង

កាលពីពេលថ្មីៗនេះ បើយោងតាមហ្វេសប៊ុករបស់លោក សាន ដារ៉ាវីត បានបង្ហោះសារ និងរូបភាពខ្លះៗពីសកម្មភាពរបស់ខាងកាសែតជប៉ុន ដែលបានមកសំភាសន៍ រូបលោកដល់កន្លែងតែម្តង។ ក្នុងនោះ លោក ដារ៉ាវីត ក៏បានភ្ជាប់សារខ្លីមួយថា៖

“ថ្ងៃនេះខាងកាសែតជប៉ុនមកសំភាសន៍ដល់កន្លែង អំពីការផ្លាស់ប្តូរផ្នត់គំនិតប្រជាជនកម្ពុជា និង ការផ្លាស់ប្តូរមុខមាត់ថ្មីនៃទីក្រុងភ្នំពេញ!! សង្ឃឹមថា ឆ្នាំ2020 ក្រុមយុវជនសំរាមនឹងបានទៅ ទស្សនកិច្ចនៅប្រទេសជប៉ុន!!”។

សូមរំលឹងដែរងថា ថ្មីៗនេះ គេបានឃើញជនជាតិជប៉ុនមួយក្រុមក៏បានមកដល់កន្លែងរបស់ក្រុមយុវជនសំរាមនេះផងដែរ ដោយមានគំរោង៣ឆ្នាំ ក្នុងការកែច្នៃប្រឡាយបឹងត្របែកឱ្យក្លាយជាកន្លែងចិញ្ចឹមត្រីដូចនៅប្រទេសជប៉ុនអញ្ចឹងដែរ។ តែអ្វីដែលគួរយកចិត្តទុកដាក់បំផុតនោះគឺធ្វើយ៉ាងណាឱ្យប្រជាជនយើងឈប់បោះសំរាមចូលទៅក្នុងប្រឡាយតទៅទៀត។

ហើយ លោក សាន ដារ៉ាវីត ដែលជា​អ្នក​បង្កើត​ យុវជន​សំរាម បានបង្ហាញសកម្មភាព យ៉ាងមមាញឹក ក្នុងការនាំគ្នាទៅប្រមូល សម្រាមមួយថ្លុក នៅក្នុង តំបន់លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក ដែលមានទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រ តាំងពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ ជាក់ស្តែងថ្មីៗនេះ លោកបានបង្ហោះវីដេអូមួយ ដោយមានការតាំងចិត្តថា៖

“ខ្ញុំសូមសន្យាថា មិនធ្វើឲ្យអ្នកទាំងអស់គ្នាខកបំណងនោះទេ ខ្ញុំនឹងធ្វើឲ្យប្រទេសកម្ពុជា គ្មានសម្រាម ទោះបីជាត្រូវប្រើរយៈពេលអស់មួយជីវិតក៏ដោយ”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក