គួរឲ្យខ្លាច! ស្រីៗដែលរំលូតកូន អាចប្រឈមនឹងជំងឺដ៏កាចសាហាវទាំងនេះបាន

បញ្ហា​រំលូត​កូន ស្រីៗ​គ្នា​យើង​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទេ បើ​មិន​មាន​ផែនការ​យក ឬ​មាន​ចង់​ផ្ទៃ​ដោយ​អចេតនា​ជាមួយ​សង្សារ គួរ​ចេះ​ការពារ​ផង ព្រោះ​បើ​មាន​ហើយ ស្រាប់​តែ​រំលូត​ចោល មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​អារម្មណ៍ អាច​បាក់​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ប្រឈម​ជំងឺ​កាច​សាហាវ​ជាច្រើន​ទៀត។ អត្ថបទ​នេះ នឹង​ប្រាប់​ពី​ផល​វិបាក​ធ្ងន់ធ្ងរ​ក្រោយ​រំលូត​កូន ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ជំងឺ​មហារីក

ស្រីៗ​ធ្លាប់​រំលូត​កូន ប្រឈម​ហានិភ័យ​កើត ជំងឺ​មហារីកមាត់​ស្បូន ខ្ពស់​ជាង​ស្រីៗ​ពុំ​ធ្លាប់​ធ្វើ​រឿង​នេះ ដល់ទៅ ២-៥ ដង ហើយ​ការ​ប្រឈម​ស្រដៀង​គ្នា​កាន់​តែ​កើន​ឡើង លើ​ស្រីៗ​មាន​ជំងឺ​មហារីក​ថ្លើម និង​មហារីក​ដៃ​ស្បូន​ផង​ដែរ។ ករណី​នេះ ក្រុម​វេជ្ជបណ្ឌិត​បក​ស្រាយ​ថា វា​បណ្តាល​មក​ពី​ការ​ប៉ះពាល់​មិន​ប្រក្រតី​ទៅ​លើ​អ័រម៉ូន ក៏​ដូច​ជា​ប្រព័ន្ធ​ភាព​ស៊ាំ។

២- រហែក​មាត់​ស្បូន

មធ្យោបាយ​រំលូត​កូន តែង​ទាមទារ​ឲ្យ​មាន​ការ​បើក​មាត់​ស្បូន​យ៉ាង​ធំ តាម​អាច​ធ្វើ​បាន ច្បាស់​ណាស់ ជា​ហេតុ​នឹង​ធ្វើ​ឲ្យ​រហែក​កោសិកា​សាច់ដុំ​មាត់​ស្បូន ហើយ​ក្នុង​ករណី​ខ្លះ​ទៀត ការ​បង្ខំ​ពង្រីក​មាត់​ស្បូន ថែមទាំង​ធ្វើ​ឲ្យ​រហែក​ធ្ងន់​ធ្ងរ​ដល់​ជញ្ជាំង​ស្បូន​ទៀត​ផង ជា​ពិសេស​ក្មេង​ស្រី​ជំទង់ ឬ​ស្រី​មាន​ផ្ទៃ​ពោះ​ត្រី​មាស​ទី ២ នៅ​ពេល​រំលូត​កូន​នោះ នឹង​ពុំ​បាន​ប្រើ​ឧបករណ៍ Laminaria ដើម្បី​បើក​មាត់​ស្បូន។ ផល​ប៉ះ​ពាល់​នេះ ធ្វើ​ឲ្យ​មាន​ជំងឺ​ខ្សោយ​មាត់​ស្បូន បណ្តាល​ឲ្យស្បូន​ខ្សោយ​ខ្លាំង​ពុំ​អាច​ទ្រទ្រង់​សុក​បាន នឹង​នាំ​ឲ្យ​ប្រឈម​ហានិភ័យ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ដល់​ទៅ ៣០០-៥០០ ភាគរយ​ឯណោះ។

ការ​សិក្សារ​មួយ​ចុះ​ផ្សាយ​ក្នុង​កាសែត Medical Journal of Australia អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ប្រហែល ៧៥% ស្រីៗ​បាន​រំលូត​កូន តែង​ចេញ​សញ្ញា​មួយ​ចំនួន​ពាក់ព័ន្ធ​ជំងឺ​ខ្សោយ​មាត់​ស្បូន។

៣- សុខភាព​ចុះ​ខ្សោយ

ការ​សិក្សារ​មួយ នៅ​ប្រទេស​កាណាដា ផ្តោត​សំខាន់​លើ​កត្តា​បង្ក និង​ផល​ប៉ះ​ពាល់​ដល់​ការ​មាន​ផ្ទៃ​ពោះ បង្ហាញ​ថា ស្រី​ពពោះ​ចំនួន ១៤២៨/២៩៦១ នាក់ មាន​ទំនាក់​ទំនង​គួរ​ឲ្យ​កត់​សម្គាល់ ករណី​បាត់​បង់​កូន​ក្នុង​ផ្ទៃ និង​ប្រឈម​ខ្ពស់​បញ្ហា​សុខភាព​ផ្សេងៗ។ ក្នុង​ចំណោម​កត្តា​ទាំង​នោះ កត្តា​រំលូត​កូន​ដោយ​ចេតនា និង​ការ​រលូត​កូន​លើក​ទី ២ និង​ទី ៣ សុទ្ធ​តែ​ប៉ះពាល់​ដល់​សុខភាព​ស្រីៗ។ ការ​សិក្សារ​បាន​បង្ហាញ​ដែរ​ថា គ្មាន​លើក​ទឹក​ចិត្ត​ពី​ប្តី ឬ​មិត្ត​ប្រុស ជា​កត្តា​ដ៏​ចម្បង បណ្តាល​ឲ្យ​មាន​ការ​រំលូត​កូន​នេះ​ឯង ហើយ​ហានិភ័យ​សម្រេច​ចិត្ត​រំលូត ខ្ពស់​ជាស្រីៗ​មាន​ដៃគូ​លើក​ទឹក​ចិត្ត​ដល់​ទៅ ៦ ដង។

៤- ផល​វិបាក​ភ្លាមៗ

ផល​វិបាក​អាច​កើត​មាន​ភ្លាមៗក្រោយ​ពេល​រំលូតកូ មាន​ដូច​ជា ក្អួត ក្តៅ​ខ្លួន​ខ្លាំង ឈឺ​ពោះ​រ៉ាំរ៉ៃ រហែក​មាត់​ស្បូន ញ័រ​ញាក់ និង​ឆ្លង​រោគ​ជាដើម។ ទាំង​នេះ​តែង​កើត​មាន​អំឡុង​ពេល​រំលូត និង​ក្រោយ​ពេល​រំលូត។ លើស​ពី​នេះ ក៏​កើន​ការ​ប្រឈម​ធ្លាក់ឈាម (Endotoxic shock) ប្រកាច់ កក​ស្ទះ​ក្នុង​សរសៃ​ឈាម (Embolism) និង​ផល​ប៉ះ​ពាល់​ផ្សេង​ទៀត បង្ក​ឡើង​ដោយ​ថ្នាំ​សណ្តំ។ ទោះ​បី​ផល​វិបាក​ភ្លាមៗ​មួយ​ចំនួន​ធំ អាច​ព្យាបាល​បាន​ក៏គិត​មែន តែ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ ដូច​ជា ការ​ខូច​ខាត​​ស្បូន ឬ​គ្មាន​កូន គឺ​ជា​បញ្ហា​ធំ ក៏​មិន​អាច​ព្យាបាល​បាន​ដែរ។

៥- ឈាន​ដល់​ស្លាប់

ករណី​រំលូត​កូន ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​អត្រា​មរណៈភាព​មាតា​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់​ទៅ ១៣ ភាគរយ។ ក្នុង​ការស្រាវ​ជ្រាវ បញ្ជាក់​ថា​ ស្រីៗ​ធ្លាប់​រំលូត​កូន​ប្រឈម នឹង​ហានិភ័យ​ស្លាប់​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ ដល់​ទៅ ៥៨ ភាគរយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ hellokrupet