ព្រឺសម្បុរ! អាជ្ញាធរ រកឃើញលលាដ៏ក្បាលជាង ៣ពាន់ឆ្នាំ នៅបាតបារាយណ៍ទឹកថ្លា

សារមន្ទីរ​ព្រះ​នរោត្តម​សី​ហ​នុ-អង្គរ មាន​ដាក់​តាំង​វត្ថុ​បុរាណ​ជា​ច្រើន​ប្រភេទ​រួម​មាន បដិ​មា កុលាល​ភាជន៍ ផ្នូរ​បុរាណ សាក​សព ឬ​ឆ្អឹង​ខ្មោច​មនុស្ស​សម័យ​បុរាណ​។ល។ លលាដ៍​ក្បាល​មនុស្ស​បុរាណ​កាល ក៏​ជា​កម្ម​វត្ថុ​មួយ​ដាក់​តាំង​បង្ហាញ​ក្នុង​សារ​មន្ទីរ​នេះ​ដែរ។ លលាដ៍​ក្បាល​មនុស្ស​បុរាណ​កាល​នោះ​ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​អាយុ​ជាង ៣​ពាន់​ឆ្នាំ​មក​ហើយ​។

តាម​ឯក​សារ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា លលា​ដ៍​ក្បាល​មនុស្ស​បុរាណ​កាល​នេះ ស្ថិត​ក្នុង​សម័យ​យុគ​សំរិទ្ធ និង​បាន​រក​ឃើញ​នៅ​ក្នុង​បាត​បារាយណ៍​ទឹក​ថ្លា ក្នុង​អំឡុង​ពេល​អ្នក​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​បាន​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​នៅ​បារាយណ៍​ទឹកថ្លា​ ឆ្នាំ​២០០៤-​២០០៥។

ការ​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​ខាងលើ ធ្វើ​ឡើង​ដោយ​អ្នក​បុរាណ​វិទ្យា​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​សហការ​ជាមួយ​សាលា​បារាំង​ចុង​បូព៌ា នៅ​លើ​ទីតាំង​ចំនួន​២ គឺ​បារាយណ៍​ទឹកថ្លា និង​ស្ថា​នីយ៍​ព្រៃ​ក្មេង​។

មគ្គុទ្ទេសក៍​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ-​អង្គរ លោក​ គុន​ ផល្លី​ បាន​ឱ្យ​ដឹង​ថា លលាដ៍​ក្បាល​មនុស្ស​បុរាណ​កាល​ដែល​តាំង​ក្នុង​សារមន្ទីរ ជា​លលាដ៍​ក្បាល​របស់​មនុស្ស​ផ្សេង​គ្នា និង​ស្លាប់​ដោយ​សារ​ជំងឺ ​២​ប្រភេទ។ លោក​បញ្ជាក់​ថា លលាដ៍​ទីមួយ ​ដែល​ដាក់​តាំង​នៅ​ជាន់​លើ គឺ​ស្លាប់​ដោយ​សារ ជំងឺ​ធ្មេញ ​និង​ទី២ ស្លាប់​ដោយ​សារ​ជំងឺ​ឈាម​ស ស៊ី​ឈាម​ក្រហម។ ប្រ​ការ​នេះ ធ្វើ​ឱ្យ​អ្នក​ស្រាវ​ជ្រាវ​យល់​ថា ជំងឺ​ប្រភេទ​នេះ​មាន​តាំង​ពី​ជាង ៣​ពាន់​ឆ្នាំ​មក​ម្លេះ។

តាម​មគ្គុទ្ទេស​ក៍​ដដែល លលាដ៍​ក្បាល​មនុស្ស​បុរាណ​កាល​នេះ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បរទេស​ជា​ច្រើន ពិសេស​ទាក់​ទង​ទៅ​នឹង​​ការ​ស្លាប់​ដោយ​សារ ជំងឺ​ឈាម​ស ស៊ី​ឈាម​ក្រហម។ លោក​ ផល្លី​ ពន្យល់​ថា ភ្ញៀវ​ទេសចរ​ភ្ញាក់​ផ្អើល​ទៅ​នឹង​ជំងឺ​នេះ ព្រោះ​ថា​វា​មាន​តាំង​ពី​ជាង ៣​ពាន់​ឆ្នាំ​មក​ហើយ។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា សាកសព​ដែល​គេ​ប្រទះ​ឃើញ​នៅ​បាត​បារាយណ៍​ទឹកថ្លា ពេល​ធ្វើ​កំណាយ​ទាំង​អស់​មាន ៥៩​សាក​សព ហើយ​សាក​សព​ទាំង​នោះ​រក្សា​បាន​នូវ​ទ្រង់​ទ្រាយ​សព​ភាគ​ច្រើន។ បើ​ផ្អែក​តាម​លទ្ធ​ផល​ស្រាវ​ជ្រាវ អ្នក​ស្រាវ​ជ្រាវ​បាន​ទាញ​សេចក្តី​សន្និដ្ឋាន​ថា ​១) ​ដោយ​សារ​បាត​បារាយណ៍​ជា​ប្រភេទ​ដី​ខ្សាច់ ដែល​មិន​សម្បូរ​ជាតិ​ដែក ឬ​ជាតិ​អាស៊ីត ២)​បុព្វ​បុរស​សម័យ​នោះ បាន​លើក​ដី​ទប់​ធ្វើ​បារាយណ៍​ (បារាយណ៍​ទឹកថ្លា ឬ​ខាង​លិច) ​ដើម្បី​យក​ទឹក​ប្រើប្រាស់ ដូច្នេះ​ទើប​ធ្វើ​ឱ្យ​ទីតាំង​នេះ មាន​តុល្យ​ភាព​ត្រជាក់​ជាប់​រហូត​មក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ អាជ្ញាធរអប្សរា