ស្ទើរមួយជីវិតរបស់គាត់ គឺដើម្បីអភិរក្សរជួសជុល និងសង្គ្រោះប្រាសាទ​ខ្មែរ

លោក លឹម គង់ មានស្រុកកំណើតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប លោកមានអាយុ ៥៧ ឆ្នាំ បានចំណាយពេលអស់ ១៥ ឆ្នាំ ជាអ្នកជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ រហូតក្លាយជាអ្នកជំនាញរៀបថ្ម តថ្ម ដែលទទួលបានការងារ ជាបន្តបន្ទាប់ ហើយបានបង្រៀនដល់អ្នកជំនាន់ក្រោយអំពីវិជ្ជាជីវៈជំនាញរបស់ខ្លួនទៀតផង ។

សព្វថ្ងៃ លោក លឹម គង់ កំពុងបំពេញភារកិច្ចជាមេក្រុមមួយផ្នែកលើការជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិច ដែលជាគម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង ស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា ។

បើទោះបីមិនមែនជាអ្នកជំនាញ ដែលទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រ ឬ បណ្ឌិតជំនាញជួសជុលប្រាសាទក៏ពិតមែន ក៏មេក្រុមជួសជុលប្រចាំការដ្ឋានប្រាសាទមេបុណ្យខាងលិចរូបនេះ មានបទពិសោធន៍គ្រប់គ្រាន់ច្បាស់លាស់ក្នុងការតថ្ម រៀបថ្ម ដាប់ថ្ម លាយកាវ និង បង្រៀនកូនក្រុមអំពីការងារបានយ៉ាងល្អ ។

ក្នុងនាមជាអ្នកជួសជុលប្រាសាទដូនតាមួយរូប លោក លឹម គង់ បានបង្ហាញនូវឆន្ទៈ និង ក្តីស្រឡាញ់ចំពោះការងារថា «ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំចង់ធ្វើតែប្រាសាទ ។ មួយជីវិតខ្ញុំនៅតែចង់បន្តធ្វើការងារនេះរហូតឱ្យតែនៅមានកម្លាំង ព្រោះខ្ញុំចង់ឱ្យបេតិកភណ្ឌពិភពលោកកាន់តែរីកចម្រើនតទៅមុខ កុំឱ្យរលុះបាក់បែក ។

ខ្ញុំសោកស្តាយណាស់ ដែលប្រាសាទខ្មែរជាច្រើនខូចខាត ខ្ទេចខ្ទាំ ខ្ញុំចង់ជួសជុលថ្មីឱ្យបានល្អដូចបុរាណវិញ តាមសមត្ថភាព និង ការចេះដឹងរបស់ខ្ញុំ» ។

លោកមេក្រុម គង់ បានបញ្ជាក់ផងដែរថា បទពិសោធការងារជាអ្នកជួសជុលប្រាសាទដំបូងឡើយ លោកបានធ្វើការជាមួយអ្នកជំនាញចិន ដែលជួសជុលនៅប្រាសាទចៅសាយទេវតា និង ប្រាសាទតាកែវ ។ ក្រោយពីចប់គម្រោង លោកក៏បានបន្តការងារជាមួយអ្នកជំនាញឥណ្ឌា នៅប្រាសាទតាព្រហ្ម និង ជាមួយអ្នកជំនាញខ្មែរ ដែលធ្វើការជួសជុលនៅប្រាសាទបាសែត ប្រាសាទអូរជីក និង ប្រាសាទបន្ទាយឆ្មារ ។

ការអនុវត្តជាប្រចាំនេះហើយ ដែលធ្វើឱ្យលោកអាចស្គាល់ពីគុណភាពថ្ម រៀបថ្មឱ្យជាប់មាំទាំ ជិត ល្អដូចបុរាណ ហើយមានសមត្ថភាពអាចសង្គ្រោះប្រាសាទបុរាណបាន ។

លោកក៏សង្ឃឹមថា មិនយូរទេប្រាសាទក្នុងប្រទេសខ្មែរនឹងទទួលបានការអភិរក្សជួសជុលឱ្យរួចផុតពីហានិភ័យ ហើយសូមឱ្យកូនខ្មែរទាំងអស់ចេះស្រឡាញ់ ការពារ ថែរក្សាប្រាសាទដូនតាជា បេតិកភណ្ឌពិភពលោកទាំងអស់គ្នា។ ចំពោះលោកវិញ លោកមានមោទកភាពណាស់ ហើយប្តេជ្ញានឹងបន្តការងារនេះរហូត ព្រោះបានបន្សល់នូវស្នាដៃថ្មីលើវត្ថុបុរាណទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ សុថាត់(ប្រភព អាជ្ញាធរជាតិអប្សរា )