គួរឲ្យសរសើរ! ស្នាដៃកូនឆ្លាក់រូបចម្លាក់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពីដីឥដ្ឋ

បងប្អូនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកំពុងតែចាប់អារម្មណ៏យ៉ាងខ្លំាងពីរូបភាពមួយដែលបានបង្ហាញពីស្នាដៃកូនខ្មែរបានស្មូនរូបព្រះសង្ឃរាជ ជួន ណាត ធ្វើពីដីឥដ្ឋពិតជាមានសមភាពដូចរូបពិតចឹង។ក្រោយបង្ហោះរូបភាពនេះត្រូវបានមាហាជនកោតសរសើរមិនដាច់ពីមាត់ពីស្នារដៃក៏កម្រមួយនេះ។

ខាងក្រោមនេះជាព្រះរាជ​ជីវប្រវត្តិ និង​ស្នា​ព្រះ​ហស្ត​នៃ​សម្តេចព្រះសង្ឃរាជ​ជួន ណាតដែលខ្មែរគ្រប់រូបគួរតែដឹង៖

លោ​កន​ង លន់ លេខាធិការ​នៃ​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ ក្នុង​កំណត់​ត្រា​ចុះ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​១៩៦៩ បាន​រៀបរៀង ចងក្រង​ព្រះរាជ​ជីវប្រវត្តិ និង​ស្នា​ព្រះ​ហស្ត​នៃ​សម្តេចព្រះ​មហាសុមេធាធិបតី​ជួន ណាត ព្រះ​សង្ឃរាជ​ថ្នាក់​ទី​១ គណៈមហានិកាយ ។

សម្តេចព្រះ​មហាសុមេធាធិបតី​ជួន ណាត ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ពុទ្ធសករាជ ២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​១៨៨៣ នៅ​ភូមិ​កំ​រៀង សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ព្រះ​បិតា​នាម​ជួន ព្រះ​មាតា​នាម យក់ ។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​គត់​គឺ​សម្តេច និង​ឧក​ញ៉ាសោ​ភ​ណ​មន្ត្រី​ជួន នុ​ត ។

កាល​នៅ​ជា​កុមារ​បាន​សិក្សា​អក្សរ និង​លេខ​ដរាប​ដល់​ជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ​ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ​២៤៤១ (​ឧសភា ១៨៩៧) នៅ​វត្ត​ពោធិព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ បួស​ជា​សាមណេរ​បាន​ពីរ​ឆ្នាំ ក្នុង​ពុទ្ធ​សករាជ​​២៤៤៣ គ្រឹ​ស្ត​សករាជ​១៨៨៩ សម្តេច​បាន​ចូល​សិក្សា​ព្រះ​បរិយត្តិ​ធម៌​នៅ​វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​។ លុះ​បាន​ជន្មាយុ​គ្រប់​២១​ឆ្នាំ បាន​ទៅ​សូម​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅ​ថ្ងៃ​១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ​២៤៤៨ ( មិថុនា ១៩០៤) នៅ​វត្ត​ពោធិព្រឹក្ស ដែល​ជា​វត្ត​ដើម បាន​និមន្ត​ព្រះ​តេជគុណ ព្រះ​ពុទ្ធឃោសាចារ្យ ម៉ា កេ​ត សុវណ្ណ​ប្ប​ញ្ញោ កាល​នៅ​ជា​ចៅអធិការ​វត្ត​ពោធិ៍ព្រឹក្ស ជា​ឧបជ្ឈាយ៍ ព្រះ​តេជគុណ​កែ ម៉​ម មិ​ស្សនា​គោ ជា​គ្រូសូត្រ​ធម្ម​វាចា​ចា​រ្យ និង​ព្រះតេជព្រះគុណ អីុ​ន ខឹ​ម តិ​ក្ខ​ប្ប​ញ្ញោ ជា​គ្រូសូត្រ​អនុស្សាវនាចារ្យ ។ សម្តេច​បាន​ទ្រង់​ទទួល​នាមប្បញ្ញត្តិ​ថា ជោ​ត​ញ្ញា​ណោ ។ បាន​ទ្រង់​បំពេញ​ជា​ភិក្ខុ​ហើយ សម្តេច​និមន្ត​ត្រឡប់​មក​គង់នៅ​វត្ត​ឧណ្ណាលោម​វិញ ។

ចំណេះវិជ្ជា និង​កិច្ចការ​ដែល​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនាក្រៅពី​ភាសា​ខ្មែរ​ដែល​សម្តេច​ទ្រង់​បាន​ស្រាវជ្រាវ​យង់យល់​ឫសគល់​ពិតប្រាកដ សម្តេច​ចេះ​ភាសាបាលី​អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​ទាំងអស់ គឺ​សំនៀង​លង្កា ភូមា មន សៀម និង​លាវ បាន​ឥត​មាន​ទើស​ទាក់ ។

នៅ​ពុទ្ធសករាជ​២៤៦៦ និង​២៤៦៧ (១៩២២-១៩២៣) កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា បាន​ទៅ​បំពេញវិជ្ជា​ខាង​ភាសាសំស្ក្រឹត និង​អក្សរ​សិលាចារឹក​ជាដើម នៅ​សាលា​បារាំងសែស​ចុង​បូព៌ា​ប្រទេស​នា​ក្រុង​ហាណូយ (​វៀតណាម​ខាងជើង​) ក្នុង​សំណាក់​លោក ល្វី ហ្វ៊ី ណូ​ត៍ ជាតិ​បារាំងសែស​ជា​ចាងហ្វាង​សាលា​នេះ ។

សម្តេច​ទ្រង់​ចេះអក្សរ និង​ភាសា​សៀម​-​លាវ យ៉ាង​ជាក់លាក់ និង​ភាសា​បារាំងសែស​ល្មម​ប្រាស្រ័យ​ការ​បាន ដោយ​សំនៀង​គួរ​សរសើរ ភាសា​អង់គ្លេស​និង​ភាសា​វៀតណាម​ផង ។

នៅ​ពុទ្ធសករាជ​២៤៥៧ គ្រឹ​ស្ត​សករាជ​១៩១៣ សម្តេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញប្រយោគ​ក្នុង​ព្រះ​ឧបោសថរតនារាម (​វិហារ​ព្រះ​កែវ​មរកត​) ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ស៊ី​សុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ ។

ពុទ្ធសករាជ​២៤៥៩​គ្រឹ​ស្ត​សករាជ​១៩១៥ សម្តេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់ខ្ពស់ ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ។

ពុទ្ធសករាជ​២៤៦៣ គ្រឹ​ស្ត​សករាជ​១៩១៩ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ​កាន់​កិច្ចការ​ផ្ទាល់ លុះត្រា​បាន​ចាប់​ចុង​ចប់​ដើម ។

ពុទ្ធសករាជ​២៤៦៩ គ្រឹ​ស្ត​សករាជ​១៩២៥ សម្តេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សេចក្តី​ខុស​ត្រូវ​នៃ​សៀវភៅ​នានា​ដែល​សាលា​បាលី​ជាន់ខ្ពស់​បោះពុម្ពផ្សាយ ។

ពុទ្ធសករាជ​២៤៧០ គ្រឹ​ស្ត​សករាជ​១៩២៦ តម​ក​ជា​ច្រើន​ឆ្នាំ សម្តេចព្រះសង្ឃរាជ​ជួន ណាត​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ​ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនបត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាបត្រ​បឋម​សិក្សា​ជាន់ខ្ពស់​បារាំង​-​ខ្មែរ នៅ​ក្រុងភ្នំពេញ ។

ពុទ្ធសករាជ​២៤៧១ គ្រឹ​ស្ត​សករាជ ១៩២៧ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​វចនានុក្រម​ខ្មែរ ហើយ​សម្តេច​ទ្រង់​បាន​ទទួល​ធ្វើ​វចនា​នុ​ក្រុម​តែ​មួយ​ព្រះ​អង្គ​ឯង​ដរាប​ដល់​បាន​ចប់​សព្វគ្រប់ បាន​បោះពុម្ពផ្សាយ​ទាំង​ភាគ​១ និង​ភាគ​២ ។

ក្នុង​ឆ្នាំ​ដដែល​នេះ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្តាច់​ឆ្នាំ​សម្រាប់​ព្រះរាជ​បណ្ណាល័យ​កម្ពុជា ដែល​សព្វថ្ងៃ​ហៅ​ថា បណ្ណាល័យ​ពុទ្ធ​សាសន​បណ្ឌិត្យ ។

ពុទ្ធសករាជ​២៤៧៤ គ្រឹ​ស្ត​សករាជ​១៩៣០ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ក្នុង​មុខងារ​ជា​ចាងហ្វាង​រង​នៃ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ​សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​ជំនួយ​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ទៀត ។

ពុទ្ធសករាជ ២៤៧៦ គ្រឹ​ស្ត​សករាជ​១៩៣២ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យពេចន៍​ក្នុង​ផ្ទៃ​នៃ​កវីនិពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំងនេះ​ទៅ​ក្នុង​វចនានុក្រម​ខ្មែរ ។

ពុទ្ធសករាជ​២៤៧៧ គ្រឹ​ស្ត​សករាជ​១៩៣៣ សម្តេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សម​ជិ​ក​នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សាធិការ​ជាតិ​បោះពុម្ពផ្សាយ ។

ពុទ្ធសករាជ​២៤៧៨ គ្រឹ​ស្ត​សករាជ​១៩៣៤ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ ។

ពុទ្ធសករាជ​២៤៧៩ គ្រឹ​ស្ត​សករាជ​១៩៣៥ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសាបាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទីបំផុត​នៃ​មធ្យមសិក្សា​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ក្រុងភ្នំពេញ ។

ពុទ្ធសករាជ​២៤៨៦ គ្រឹ​ស្ត​សករាជ​១៩៤២ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ចាងហ្វាង​នៃ​សាលា​បាលី​ជាន់ខ្ពស់ ក្រុងភ្នំពេញ (​ពុទ្ធិកវិទ្យាល័យ ព្រះ​សុរា​ម្រឹត​) ។

ពុទ្ធសករាជ​២៤៨៨ គ្រឹ​ស្ត​សករាជ​១៩៤៤ សម្តេច​បាន​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ចៅអធិការ​វត្ត​ឧណ្ណាលោម ។

ពុទ្ធសករាជ ២៤៨៩ គ្រឹ​ស្ត​សករាជ​១៩៤៥ សម្តេច​ទ្រង់​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរ​សភា​គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​ព្រះសង្ឃ ។

ពុទ្ធសករាជ​២៤៩១ គ្រឹ​ស្ត​សករាជ​១៩៤៧ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​អនុប្រធាន​គណៈកម្មការ​វប្បធម៌ ផ្នែក​អក្សរ (​ក​) នៃ​គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា ។

ពុទ្ធសករាជ​២៤៩២ គ្រឹ​ស្ត​សករាជ​១៩៤៨ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​ប្រធាន​នៃ​គណៈកម្មការ​ធម្ម​វិន័យ ពិនិត្យ​ការ​ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្ម​វិន័យ ក្នុង​ព្រះរាជាណាចក្រ ។

ពុទ្ធសករាជ​២៥០៥ គ្រឹ​ស្ត​សករាជ​១៩៦១ រហូត​មក សម្តេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​ពី​សមាគម​អ្នកនិពន្ធ​ខ្មែរ ធ្វើ​ជា​ប្រធាន​នៃ​ការ​សម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​សំឡេង​វិទ្យុជាតិ​រាល់ថ្ងៃ​សុក្រ ។

គ្រឹ​ស្ត​សករាជ​១៩៦៨ ទ្រង់​ទទួល​ព្រះ​ឋានៈ​ជា​ព្រះប្រធាន​នៃ​គណៈកម្មការ​ពិនិត្យ​ស្នាដៃ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ ។

គ្រឹ​ស្ត​សករាជ ១៩៦៩ ព្រះ​អង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ព្រះប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ ។

គ្រឹ​ស្ត​សករាជ ១៩៦៩ សម្តេចព្រះសង្ឃរាជ​ជួន ណាត ទទួល​ការ​តែងតាំង​ជា​ព្រះប្រធានគណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់ជាតិ​ខ្មែរ ។

ព្រះរាជ​កិច្ចការ​ដែល​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស
នៅ​ពុទ្ធសករាជ​២៤៧៥ គ្រឹ​ស្ត​សករាជ​១៩៣១ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​នៃ​មន្ត្រី​សង្ឃ​ទៅ​កាន់​ក្រុង​វៀងចន្ទន៍ និង​ក្រុង​ហ្លួងព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ​ផង ។

នៅ​ពុទ្ធសករាជ​២៤៧៧ គ្រឹ​ស្ត​សករាជ​១៩៣៣ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ព្រះសង្ឃ​ខ្មែរ ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ក្នុង​ដែន​កូសាំងស៊ីន ប្រទេស​វៀតណាម​ខាងត្បូង ។

នៅ​ពុទ្ធសករាជ​២៤៨៣ គ្រឹ​ស្ត​សករាជ​១៩៣៩ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្តងទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅ​ប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់តឿន​ប្រជាជាតិ​លាវ​នៅ​ក្នុង​ទីប្រជុំជន ក្នុង​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​លាវ​ឱ្យ​ខំប្រឹង​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រង់​តាម​គន្លង​ព្រះពុទ្ធ​សាសនា​ផង ។

នៅ​ពុទ្ធសករាជ​២៤៨៧ គ្រឹ​ស្ត​សករាជ​១៩៤៣ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំងសែស​នៅ​ចុង​បូព៌​៌ា​ប្រទេស ហើយ​នៅ​ពុទ្ធសករាជ​២៤៩២ គ្រឹ​ស្ត​សករាជ​១៩៤៨ សម្តេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​រៀង​មក ។

ពុទ្ធសករាជ​២៤៩៤ គ្រឹ​ស្ត​សករាជ​១៩៥០ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​ប្រជុំ​សន្និសីទ​អន្តរជាតិ ដើម្បី​បង្កើត​ពុទ្ធិក​សមាគម​ពិភពលោក នៅ​ក្រុង​កោ​ល​ម្បូ​លង្កាទ្វីប ។

ពុទ្ធសករាជ​២៤៩៧ គ្រឹ​ស្ត​សករាជ​១៩៥៣ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​បំពេញបេសកកម្ម​សុច្ឆន្ទៈ ប្រឹក្សា​សម្រេច​រឿង​ធ្វើ​ឆ​ដ្ឋ​សង្គាយនា នៅ​ក្រុង​រ៉​ង់​ហ្គូ​ន សហភាព​ភូមា ។

ពុទ្ធសករាជ​២៤៩៨ គ្រឹ​ស្ត​សករាជ​១៩៥៤ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​ចូលរួម​ប្រជុំ​ធ្វើ​ឆ​ដ្ឋ​សង្គាយនា​សម័យប្រជុំ​ដំបូង នា​ក្រុង​រ៉​ង់​ហ្គូ​ន​ប្រទេស​ភូមា​ម្តងទៀត ។

ពុទ្ធសករាជ​២៤៩៩ គ្រឹ​ស្ត​សករាជ​១៩៥៥ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ធ្វើ​ឆ​ដ្ឋ​សង្គាយនា ក្រុង​រ៉​ង់​ហ្គូ​ន​ប្រទេស​ភូមា​ជា​លើក​ទី​បី ដើម្បី​ប្រជុំ ហើយ​បិទ​ពេល​ប្រជុំ​ប្រចាំឆ្នាំ ។

ពុទ្ធសករាជ​២៥០៣ គ្រឹ​ស្ត​សករាជ ១៩៥៩ សម្តេច​បាន​ទ្រង់​ដឹកនាំ​គណៈប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ហ្សា​ការ​តា និង​ក្រុង​សឺ​មា​៉​រាំ​ុ​ង​កោះ​ជ្វា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដើម្បី​រួបរួម​ក្នុង​ពិធីបុណ្យ​វិសាខបូជា និង​ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រមទាំង​ពិធី​សន្មត​រោង​ឧបោសថ និង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុលបុត្រ​អ្នក​ប្រទេស​នោះ​ចំនួន​៣​រូប​ផង ។

សមណសក្តិ ដែល​សម្តេច​បាន​ទទួលដោយ​ព្រះ​មហា​វីរិយភាព​ក្នុង​កិច្ចការ​ដ៏ ធំ​ៗ សម្តេច​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់​ដូច​តទៅ ៖

ពុទ្ធសករាជ​២៤៥៤ គ្រឹ​ស្ត​សករាជ​១៩១០ ជា​ព្រះ​បាឡាត់​សាក្យ​បុ​ត្តឹ​យ៍ (​បាឡាត់​របស់​ព្រះ​សាក្យវង្ស នុ​ត វត្ត​ឧណ្ណាលោម​) ។

ពុទ្ធសករាជ​២៤៥៦ គ្រឹ​ស្ត​សករាជ​១៩១២ សម្តេចព្រះសង្ឃរាជ​ជួន ណាត បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​ស​ត្ថា (​ទី​ឋានានុក្រម​សម្រាប់​ឯក​របស់​សម្តេចព្រះ​មហាសង្ឃរាជ​ព្រះ​នាម​ទៀង​) ។

ពុទ្ធសករាជ​២៤៧៥ គ្រឹ​ស្ត​សករាជ​១៩៣១ សម្តេច​បាន​ឡើង​សមណសក្តិ​ជា​ព្រះ​សាសន​សោភ័ណ (​រាជាគណៈ​កិត្តិយស​) ។

ពុទ្ធសករាជ​២៤៨៤ គ្រឹ​ស្ត​សករាជ​១៩៤០ សម្តេច​បាន​ឡើង​សមណសក្តិ​ជា​ព្រះ​ពុទ្ធឃោសាចារ្យ (​រាជាគណៈ​ថ្នាក់​ទោ​) ។

ពុទ្ធសករាជ​២៤៨៨ គ្រឹ​ស្ត​សករាជ​១៩៤៤ សម្តេច​បាន​ឡើង​សមណសក្តិ​ជា​ព្រះ​ពោធិវ័ង្ស (​រាជាគណៈ​ថ្នាក់​ឯក​) ។

ពុទ្ធសករាជ ២៤៩២ គ្រឹ​ស្ត​សករាជ​១៩៤៨ សម្តេច​បាន​ឡើង​សមណសក្តិ​ជាន់ខ្ពស់​បំផុត​ជា​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈមហានិកាយ ។

ពុទ្ធសករាជ​២៤៩៤ គ្រឹ​ស្ត​សករាជ ១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត ទ្រង់​បាន​ប្រោស​ព្រះ​រាជទាន ព្រះ​ឋានៈ​ជា សម្តេចព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈមហានិកាយ ។

មួយវិញទៀត រដ្ឋាភិបាល​នៃ​សហភាព​ភូមា បាន​ប្រគេន​ព្រះ​ឋានៈ​សម្តេច ជា​ព្រះ​អគ្គមហាបណ្ឌិត​នៃ​សហភាព​ភូមា នៅ​ពុទ្ធសករាជ​២៤៩៨ គ្រឹ​ស្ត​សករាជ​១៩៥៤ ។

លុះ​មក​ដល់​ពុទ្ធសករាជ​២៥០១ គ្រឹ​ស្ត​សករាជ​១៩៥៧ រដ្ឋាភិបាល​នៃ​សហភាព​ភូមា​បាន​សុំ​ដំឡើង​ព្រះ​ឋានៈ​សម្តេច ជា​ព្រះ​អភិ​ធ​ជ​មា​រដ្ឋ​គរុ នៃ​សហភាព​ភូមា ដែល​ជា​សមណសក្តិ​ដ៏​ខ្ពង់ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា ។

ក្នុង​ខែកុម្ភៈ គ្រឹ​ស្ត​សករាជ​១៩៦៤ អ្នកនិពន្ធ​ខ្មែរ​ទាំងអស់​បាន​ថ្វាយ​ឋានៈ​ព្រះ​អង្គជា​ព្រះ​អគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ផង ។

ពុទ្ធសករាជ​២៥០៧ គ្រឹ​ស្ត​សករាជ​១៩៦៣ សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​ប្រមុខរដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ព្រះ​រាជទាន​ប្រគេន​ព្រះ​ឋានៈ​សម្តេច ជា​សម្តេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ ។

សម្តេចព្រះសង្ឃរាជ ជា​ម្ចាស់​ទ្រង់​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​អក្សរសាស្ត្រ​ពេញ​លក្ខណៈ​ពី​សម្តេចព្រះ​ប្រមុខរដ្ឋ ក្នុង​នាម​នៃ​មហា​វិទ្យា​ល័ យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​នៃ​ភូមិន្ទ​សាកលវិទ្យាល័យ​នា​ថ្ងៃ​ទី​២៨ ឧសភា ១៩៦៧ ។

គ្រឿង​ឥស្សរិយយស
សម្តេច​បាន​ទទួល​គ្រឿង​ឥស្សរិយយស​ដូច​តទៅ ៖
មេដាយ​អស្សរឹទ្ធិ​មុនី​សារា​ភរ​ណ៍​នៅ​ពុទ្ធសករាជ​២៤៦១ គ្រឹ​ស្ត​សករាជ ១៩១៧ ។

មេដាយ​អស្សរឹទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា ពុទ្ធសករាជ ២៤៧៦ គ្រឹ​ស្ត​សករាជ ១៩៣២ ។

មេដាយ​អស្សរឹទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ​នៅ​ពុទ្ធសករាជ ២៤៧៦ គ្រឹ​ស្ត​សករាជ ១៩៣២ ។

មេដាយ​សេនា​នៃ​បណ្ឌិត្យសភា សាធារណរដ្ឋ​បារាំង នៅ​ពុទ្ធសករាជ ២៤៨១ គ្រឹ​ស្ត​សករាជ​១៩៣៧ ។

មេដាយ​អស្សរឹទ្ធិ ដឺ​ឡា​ឡេ​ស្យុ​ង ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង នៅ​ពុទ្ធសករាជ ២៤៨៦ គ្រឹ​ស្ត​សករាជ ១៩៤២ ។

មេដាយ​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពុទ្ធសករាជ ២៤៨៨ គ្រឹ​ស្ត​សករាជ​១៩៤៤ ។ មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​នៅ​ពុទ្ធសករាជ ២៤៩២ គ្រឹ​ស្ត​សករាជ ១៩៤៨ ។

មេដាយ​សេនា​ដឺ​ឡា​ឡេ​ស្យុ​ង​ដុ​ណ្ណើ​រ នៃ​សាធារណរដ្ឋ​បារាំង​នៅ​ពុទ្ធសករាជ ២៤៩២ គ្រឹ​ស្ត​សករាជ ១៩៤៨ ។

មេដាយ​មហា​សិរី​វឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពុទ្ធសករាជ ២៥០៥ គ្រឹ​ស្ត​សករាជ​១៩៦២​។

មេដាយ​មហា​សិរី​វឌ្ឍន៍​សុ​វត្ថា​រា ពុទ្ធសករាជ​២៥០៦ គ្រឹ​ស្ត​សករាជ ១៩៦៣ ។

មេដាយ​ជា​តូប​ការ​ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពុទ្ធសករាជ ២៥១៣ គ្រឹ​ស្ត​សករាជ​១៩៦៩ ។

កិច្ចការ​ជា​ស្នា​ព្រះ​ហស្ត​នៃ​សម្តេច
កិច្ចការ​ឯទៀត​ក្រៅពី​មុខការ​ខាងលើ​នេះ ដែល​សុទ្ធសឹងតែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ជា​អនេក និយាយ​ដោយ​សង្ខេប គឺ​ចាប់តាំងពី​ឆ្នាំឆ្លូវ សប្តស័ក ពុទ្ធសករាជ ២៤៧០ គ្រឹ​ស្ត​សករាជ​១៩២៥ រៀង​មក សម្តេច​បាន​ទ្រង់​ធ្វើការ​ឧបត្ថម្ភ វត្ត​ពោធិព្រឹក្ស (​ហៅ​វត្ត​ពោល្យំ​) ក្នុង​សង្កាត់​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជាទី​ជាតិភូមិ​របស់​សម្តេច ដោយ​សម្តេច បាន​ជាវ​ទឹកដី​ជុំវិញ​វត្ត​ចំនួន​ជាង​៣​ហិ​កតា ពង្រីក​ទី​វត្ត​ឱ្យ​បាន​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម ។

បាន​ជួយ​ឧបត្ថម្ភ​លើកថ្នល់​ភ្ជាប់​ពី​ថ្នល់ជាតិ​ចូល​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស រួម​ចម្ងាយ​៣​គីឡូម៉ែត្រ ព្រមទាំង​បាន​ឧបត្ថម្ភ​ឱ្យ​ថ្នល់​លំ​នេះ បាន​ចាក់​ក្រួស​បាយក្រៀម អាច​ឱ្យ​ប្រើ​ការ​ដោយ​ងាយស្រួល​ផង ។

បាន​ស្ថាបនា​វិហារ​ពី​បេតុងអារម៉េ ពុទ្ធិកបឋមសិក្សា និង​រៀបចំ​ទី​វត្ត​ទាំងមូល​មាន​ទេសភាព​សមរម្យ​គួរ​ជាទី​រីករាយ​ទៅ​តាម​សម័យនិយម ។

បាន​ស្ថាបនា​ស្ពាន​ធំ​១ តូច​១ សុទ្ធតែ​បេតុងអារម៉េ ឆ្លង​ស្ទឹងតូច រាំង​ព្រំប្រទល់​សង្កាត់​រកា​កោះ និង​សង្កាត់​រលាំង​កែន ។

បាន​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញវិជ្ជា (​សុរភី​ពោធិព្រឹក្ស​) ៣​ខ្នង តាំងពី​គ្រឹ​ស្ត​សករាជ ១៩៤៨ ហើយ​ទ្រង់​បាន​ជួយ​ឧបត្ថម្ភ​សាលា​នេះ​រហូត​ដល់​ឡើង​ដល់​ថ្នាក់​ទី​៧​ទំនើប សម្រាប់​ឱ្យ​កូនចៅ​អ្នកស្រុក​ចំណុះ​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស​រៀនសូត្រ ។

បាន​ស្ថាបនា​ខ្លោងទ្វារ​បេតុងអារម៉េ​១ បាន​ស្ថាបនា​អាវ​ស​ថ​សាលា​(​សាលាសំណាក់​)១​ខ្នង ។

បានឱ្យ​ជីក​ស្រះ​ទំហំ​១០០​ម៉ែត្រ​៤​ជ្រុង ។
បាន​ជួ​យ​ឧបត្ថម្ភ​ឱ្យ​ជីក​អណ្តូងយោង​១៦​កន្លែង អណ្តូង​បុក​ប្រើ​ស្នប់​៣​កន្លែង ។

បាន​ស្ថាបនា​គិលានដ្ឋាន​១​ខ្នង ប្រសូត​គ្រឹះ (​មន្ទីរសម្ភព​) ១​ខ្នង ដោយ​បេតុងអារម៉េ និង​កំពែង​បេតុងអារម៉េ​បណ្តោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ទាំង​២​ខ្នង​នេះ ។

បាន​ស្ថាបនា​អគារ​គ​ព្ពិ​នី​សំណាក់​ក្នុង​កំពែង​នេះ​ដែរ ។

បាន​ស្ថាបនា​អគារ​បេតុងអារម៉េ ២​ខ្នង សម្រាប់​គិលាន​សមណៈ នៅ​ក្រៅ​កំពែង​នោះ ។

បាន​ជាវ​ទី​ដី​ចំនួន​៣​ហិ​កតា​កន្លះ ហើយ​ទ្រង់​សព្វព្រះរាជហឫទ័យ​លះបង់​ទី​ដែល​បានជា​វហើយ​នេះ​ជូន​ទៅ​រាជរដ្ឋាភិបាល ឱ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម (​ប៉ុស្តិ៍​ប៉ូលិស​) និង​មន្ទីរ​រាជ​សហករណ៍ ។

បាន​ចាត់ការ​ឱ្យ​លើក​ទំនប់​ទឹក​មួយ​កន្លែង មាន​បណ្តោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ ។

បានឱ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​នៅ​លើ​ដី​ជិត​អាស្រម​មនោ​រម្យ ដើម្បី​ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូត​គ្រឹះ​នៅ​ក្នុង​អនាគតកាល ។​ល​។

(​ស្ថាបនកម្ម​ទាំងនេះ នៅ​ក្នុងភូមិ​ស្រែ​បន្ទាយ សង្កាត់​រកា​កោះ​) ។

កិច្ចការ​ជា​ស្នា​ព្រះ​ហស្ត​ខាង​អក្សរសាស្ត្រ
សម្តេច​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន បាន​ទាំង​ប្រែភាសា​បាលី ហើយ​រៀបរៀង​ធ្វើ​ជា​សៀវភៅ ដែល​កម្រ​នឹង​ធ្វើ​កើត​ដែល​មាន​ប្រយោជន៍​ច្រើន​នោះ​គឺ ៈ

វចនានុក្រម​ខ្មែរ​ភាគ​១​និង​ភាគ​២ ពុទ្ធសករាជ ២៤៦១ គ្រឹ​ស្ត​សករាជ​១៩២០ និង​ឆ្នាំ ត​ៗ​រៀង​មក ។

ក​ច្ចាយ​នូ​ប​ត្ថ​ម្តកៈ (​វេយ្យាករណ៍​បាលី​) មាន​២​ភាគ ចាប់ផ្តើម​ធ្វើ​នៅ​ពុទ្ធសករាជ​២៤៦២ គ្រឹ​ស្ត​សករាជ​១៩២០ ។

គិ​ហិប​ដិ​ប​ត្តិ ក្នុង​ពុទ្ធសករាជ​២៤៦៨ គ្រឹ​ស្ត​សករាជ​១៩២៦ ។

សាមណេរ​វិន័យ ក្នុង​ពុទ្ធសករាជ​២៤៦០ គ្រឹ​ស្ត​សករាជ​១៩១៧ ។

បាតិមោក្ខ​សង្ខេប (​សម្រាយ​) ពុទ្ធសករាជ​២៤៧០ គ្រឹ​ស្ត​សករាជ​១៩២៨ មាន​សៀវភៅ ឯទៀត​ៗ​ជា​ច្រើន​ដែល​ជា​ការ​បន្ទាប់បន្សំ​គឺ ៈ

កាព្យ​លោកធម៌ បោះពុម្ព​ដំបូង​ក្នុង​ពុទ្ធសករាជ​២៥០០ ។

បព្វ​ជ្ជូ​ប​សម្បទា ពុទ្ធសករាជ​២៥០០ គ្រឹ​ស្ត​សករាជ ១៩៥៧ ។
នា​គោ​ប​មា​ទិ​កថា ពុទ្ធសករាជ​២៤៧៥ គ្រឹ​ស្ត​សករាជ​១៩៣៣ ។

សុភមង្គល​គាថា ប​ឋ្យា​វត្ត​៧​គាថា ជា​ភាសាបាលី និង​ប្រែ សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សិរី​សួស្តី ចំពោះ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​ពុទ្ធសករាជ​២៤៨៤ គ្រឹ​ស្ត​សករាជ​១៩៤១ ។

អត្ថបទ ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា របស់​ពុទ្ធ​សាសន​បណ្ឌិត្យ​តាំងពី​ក្នុង​ឆ្នាំ​១៩២៦ ។

អត្ថបទ ផ្សេង​ៗ​ក្នុង​ទស្សនាវដ្តី​ពន្លឺ​ពុទ្ធចក្រ​របស់​ពុទ្ធិក​សមាគម មជ្ឈមណ្ឌល​កម្ពុជរដ្ឋ ។

ជា​ពិសេស ស្នា​ព្រះ​ហស្ត​ដែល​រំលឹក​ឃើញ​រាល់ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​បទ «​នគររាជ​» សម្រាប់​ភ្លេងជាតិ​ខ្មែរ ព្រះរាជ​និពន្ធ​ពី​ថ្ងៃ​ទី​២០ កក្កដា ១៩៤១ និង​បទសរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​ក្នុង​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០ ។

អវសានកាល
នៅ​ពេល​រសៀល​នៃ​ថ្ងៃ​អង្គារ ១២ កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ពុទ្ធសករាជ​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ១៩៦៩ វេលា​ម៉ោង​៣​និង​៤៥​នាទី សម្តេច​ទ្រង់​ព្រះ​ប្រឈួន​ក្រោយ​ពេល​ដែល​គ្រូពេទ្យ​ទាំងឡាយ​បាន​ចូល​ព្យាបាល ឃើញ​ថា​ព្រះ​អាការរោគ​មិនជា​ធ្ងន់​ប៉ុន្មាន ប៉ុន្តែ​ក្រសួងសុខាភិបាល​ក៏​បាន​ចាត់​គ្រូពេទ្យ​ឱ្យទៅ​រក្សា​ព្រះ​អាការរោគ និង​ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ពុទ្ធសករាជ​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី ២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ព្រះ​អស្សាសប្បស្សាសៈ នៃ​ព្រះ​អង្គ បាន​ចាក​ចេញពី​ព្រះ​កាយ ទ្រង់​សោយ​ទិវង្គត ដោយ​ស្ងប់ស្ងៀម​នៅ​ក្នុង​ព្រះ​ដំណាក់​ព្រះ​អង្គនា​វត្ត​ឧណ្ណាលោម ។

ក្នុង​រយៈ​កាលដែល​សម្តេច​ទ្រង់​ព្រះ​ប្រឈួន​នេះ ឯកឧត្តម​អឹ​ុ​ង ហុង​សាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្តេចព្រះ​ប្រមុខរដ្ឋ បាន​ចាត់​អស់លោក​វេជ្ជបណ្ឌិត​ខ្មែរ​-​បារាំង ដ៏ ជំនាញ​ៗ​ទាំងឡាយ​ឱ្យ​ខ្វល់ខ្វាយ ព្យាបាល​ព្រះ​អាការរោគ​ព្រះ​អង្គ​យា​៉​ង​ពេញលេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្តេច​ឡើយ​នឹង​យកជ័យ​ជម្នះ​លើ​ស្តេច​មច្ចុ​បាន ។

សម្តេចព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បានដឹង​ព្រះ​អង្គជា​មុន ចាប់តាំងពី​ថ្ងៃ​ព្រះ​ប្រឈួន​ទ្រង់មាន​ព្រះ​បន្ទូល​ប្រាប់​ព្រះសង្ឃ និង​អស់លោក​ដែល​ទៅ​ថ្វាយបង្គំ​សាកសួរ​ព្រះ​សុខភាព​ថា «​ខ្ញុំកូណា អាត្មា​ហាក់ដូចជា​គ្មាន​សង្ឃឹម​ទេ​…» ព្រះរាជ​បន្ទូល​នេះ​ធ្វើ​ឱ្យ​យើង​រាល់គ្នា​មាន​សេចក្តី​រន្ធត់​តក់ស្លុត​ពន់ពេក ប៉ុន្តែ​យើង​រាល់គ្នា​នៅ​តែ​ជឿជាក់​ថា ព្រះ​អង្គ​នឹង​នៅ​គង់​ព្រះ​ជន្មាយុ​តទៅ​ទៀត ព្រោះ​បាន​សង្កេត​ឃើញ​ព្រះ​សិរី​រា​កា​រៈ​របស់​ព្រះ​អង្គ​ពុំ​មាន​ប្រែប្រួល​អ្វី​ប៉ុន្មាន ទ្រង់មាន​ព្រះ​ស្មារតី​រឹង​ប៉ឹង​ល្អ​ណាស់​អាច​មាន​ព្រះ​បន្ទូល​សាសង​សំណេះសំណាល​ជា​ហូរហែ​អំពី​សិ​ង្គុ​តរ​ចេតិយ និង​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ ដែល​ព្រះ​អង្គ​បាន​ខិតខំ​កែសម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ជាមួយនឹង​អស់លោក​ដែល​មក​ក្រាប​បង្គំ​គាល់​សាកសួរ​ព្រះ​សុខភាព​របស់​ព្រះ​អង្គ មិន​គួរ​ឡើយ​ប្រែប្រួល​ទៅ​ជា​សោយ​ព្រះ​ទិវង្គត​សោះ​។ យើង​រាល់គ្នា​មាន​សេចក្តី​សោកស្តាយ អាឡោះអាល័យ​និង​រក​វត្ថុ​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews