អស់ទាស់! Google Translate នឹងធ្វើការបកប្រែ ដោយប្រើសម្លេងរបស់អ្នកផ្ទាល់

ជារឿងដែលពិបាកបំផុតនៅពេលដែលអ្នកទៅដល់ប្រទេសណាមួយ ប៉ុន្តែអ្នកមិនចេះនិយាយភាសានៃប្រទេសនោះ។ ប្រសិនបើនោះជាសុបិន្តអាក្រក់របស់អ្នក យើងសូមប្រាប់នូវដំណឹងដ៏ល្អមួយ។ Google កំពុងធ្វើការលើ AI ដែលអាចឲ្យអ្នកនិយាយភាសាផ្សេងដោយប្រើសំលេងផ្ទាល់ខ្លួនរបស់អ្នកតាមរយៈកម្មវិធី។

Translatotron ជាប្រភេទនៃការបកប្រែតាមប្រព័ន្ធ AI ដោយអ្នកនិយាយដោយផ្ទាល់ទៅជនជាតិផ្សេងៗ ដូចជាការសន្ទនាជាមួយជនជាតិរបស់អ្នក។ វាប្រហាក់ប្រហែលទៅនឹង Google Translate ដែរ ប៉ុន្តែវាមានភាពឆ្លាតវៃជាង ដោយសារតែរបកគំឃើញដែលដូចទៅនឹងប្រព័ន្ធសរសៃប្រសាទនៃមនុស្ស។ ការសន្ទនារបស់អ្នកហាក់ដូចជា ការសន្ទនាទៅនឹងមនុស្ស និង​មនុស្ស ដោយសារសម្លេងនៃការបកប្រែប្រែប្រួលទៅតាមសម្លេងរបស់អ្នកដែលបាននិយាយ។

AI ថ្មីមានគុណសម្បត្តិច្រើនជាងមុនដោយវាអាចផ្លាស់ប្ដូរខ្លួនទៅតាមប្រពៃណីនៃការបញ្ចេញសម្លេងរបស់ជនជាតិដើម។ ជាក់ស្ដែង Google បានចង្អុលបង្ហាញល្បឿនក្នុងការបកប្រែដែលវាមានភាពលឿននិងរហ័សដោយលុបបំបាត់នូវកំហុសឆ្គងនៃពាក្យដែលមិនត្រូវការបកប្រែនូវក្នុងការសន្ទនាពិតប្រាកដ ហើយវាអាចហៅឈ្មោះ និងនាមត្រកូលរបស់អ្នកត្រឹមត្រូវតាមអក្សរាវិរុទ្ធទៅតាមប្រទេសដើមកំណើត។

បច្ចុប្បន្ននេះមានកម្មវិធីបកប្រែអត្ថបទទៅជាសំលេងច្រើនណាស់រួមមាន ក្រុមហ៊ុន Google Translate, ក្រុមហ៊ុន SayHi, ក្រុមហ៊ុន Microsoft Translator,ក្រុមហ៊ុន iTranslate និង ក្រុមហ៊ុន TripLingo។ ដែលនិយាយបានថា គ្មានក្រុមហ៊ុនណាមួយក្នុងចំនោមពួកគេប្រើសំលេងពិតប្រាកដរបស់អ្នកនៅក្នុងការសន្ទនាបើទោះបីជាវាជាបច្ចេកវិទ្យាចុងក្រោយរបស់ពួកគេក៏ដោយ ហើយអាចនិយាយបានថា វាជារឿងកំប្លែងនៅក្នុងជីវិតពិត ដោយការបកប្រែមានលក្ខណៈដូចជា ក្មេងទើបរៀននិយាយ ឬកំពុងតែរៀនបន្តក្នុងការនិយាយ។

Translatotron អាចនឹងត្រូវបានប្រើប្រាស់នាពេលអនាគត ដោយមិនចាំបាច់ប្រើម្រាមដៃចុចដើម្បីធ្វើការបកប្រែ ហើយយើងក៏លែងមានការភ័យខ្លាចក្នុងការនិយាយ នៅពេលដែលយើងចង់ទៅលេងប្រទេសណាមួយដែលជាក្ដីស្រមៃរបស់យើង ព្រមទាំងភាពអាម៉ាស់នៃការបកប្រែខុសដែលវាដូចជា រឿងកំប្លែង ហើយវានឹងត្រូវបានបញ្ចប់នៅពេលដែលកម្មវិធី Translatotron ត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sakarach