មិនធម្មតា! ផ្ទះទាំង៤របស់តាម៉ុក ពិតជាមានអាថ៌កំបាំងច្រើន ពុំសូវមានអ្នកដឹង

ផ្ទះ​តាម៉ុក​ សាង​សង់​ឡើង​នៅ​ថ្ងៃ​ទី​១៧​ តុលា​ ឆ្នាំ​១៩៩៣​ សាង​សង់​​លើ​ផ្ទៃ​ដី​ ១,៦១ ​ហិតា​ មាន​ចម្ងាយ​២​គីឡូ​ម៉ែត្រ​ពី​រង្វង់​មូល​ស្រុក​អន្លង់វែង​ និង​បត់​ស្តាំ​ពី​ផ្លូវ​ជាតិ​ប្រហែល​៥០០ម៉ែត្រ។ ផ្ទះ​តាម៉ុក​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់វែង​ ស្រុក​អន្លង់វែង​នេះ​មាន​៤​៖

ផ្ទះ​ទី១​៖ ធ្វើ​អំពី​ឈើ ប្រក់​ហ្វ្រីប្រូស៊ីម៉ង់ត៍ និង​ក្រាល​បេតុង ​ផ្ទះ​នេះ​ជាស្នាក់​ការ​របស់​តាម៉ុក​​​​សម្រាប់​មើល​កម្មករ​ជីក​ដី​សាងសង់​ទំនប់​អូជីក និង​ជា​ចំណត​ឡាន។

ផ្ទះ​ទី២​៖ ផ្ទះ​ទី​២​នេះ​កសាង​ក្នុង​ឆ្នាំ​១៩៩៤​ ហើយ​បញ្ចប់​នៅ​ឆ្នាំ​១៩៩៦​។ ផ្ទះ​នេះ​មាន​៣​ជាន់ ជាន់​លើ​ ជា​កន្លែង​ស្នាក់​នៅ​របស់​តាម៉ុក​ ជាន់​កណ្ដាល​ជា​កន្លែង​ទទួល​ភ្ញៀវ​​ និងជាន់​ក្រោម​ជា​បន្ទប់​សំងាត់​របស់​តាម៉ុក។

ផ្ទះ​ទី​៣​៖ ជា​កន្លែង​សម្រាប់​ស្នាក់​នៅ​របស់​ក្រុម​គ្រួសារ​ និង​ភ្ញៀវ​របស់​តាម៉ុកពេលមកលេង ហើយ​ក៏​ជា​កន្លែង​ចែក​អំណោយ​ដល់ប្រជាជននៅសម័យនោះ។

ផ្ទះ​ទី​៤​៖ ផ្ទះ​នេះ​មាន​ ៣​ជាន់​ ជាន់​ក្រោម​ជា​លេណដ្ឋាន​ ជាន់​កណ្ដាល​ជា​រោង​​បាយ​របស់​បុគ្គលិក​ និង​ចុងភៅ​តាម៉ុក​ និង​ជាន់​លើ​ជា​កន្លែង​ដេក​របស់​ចុងភៅ​។

ផ្ទះទី៤ របស់តាម៉ុក ​លោក​បណ្ឌិត​ លី​ សុខ​ឃាង​ ជា​អ្នក​ស្រាវ​ជ្រាវ​ប្រវត្តិសាស្ត្រ​ ស្រុក​អន្លង់វែង និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ បាន​លើក​ឡើង​ថា​ ផ្ទះទាំង៤ របស់តាម៉ុកមានចំណុច និងអាថ៌កំបាំងដែល​ភ្ញៀវ​មក​ទស្សនា​មិន​បាន​ដឹង​ និង​ចាប់​អារម្មណ៍​។​ ភ្ញៀវភាគច្រើនដែលបានមកទស្សនាទីនេះមិនបានគិតថាផ្ទះទាំង៤របស់តាម៉ុក​មាន​អ្វី​ប្លែក​ និង​អាថ៌កំបាំង​អ្វី​នោះ​ទេ​ ​​ក្រៅ​តែ​ពី​ដឹង​ថា​ នេះ​​ជា​ផ្ទះ​តាម៉ុក​ដែល​ជា​មេ​ដឹក​នាំ​ធំ​មួយ​របស់​ខ្មែរ​ក្រហម​តែប៉ុណ្ណោះ​។

លោកបណ្ឌិត លី សុខឃាង ប្រធានមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង និងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រស្រុកអន្លង់វែង លោក​បណ្ឌិត​បន្ត​ថា​ ផ្ទះ​តាម៉ុក​ទាំង​បួន​នេះ​មាន​ភាព​ប្លែក​ និង​អាថ៌កំបាំង​ច្រើន​ដែល​ប្រជាជន​ ពិសេស​ភ្ញៀវ​ទាំងអស់​ដែល​បាន​មក​ទស្សនា​នៅ​ទី​នេះ​មិន​ដឹង​។ ភាព​ប្លែក​ ​និង​អាថ៌កំបាំង​របស់​ផ្ទះ​តាម៉ុក​មាន​ដូច​ជា​ ​​

ផ្ទះ​ទី​២​ដែល​ផ្ទះ​ស្នាក់​នៅ​​របស់​តាម៉ុក​មាន​​រូប​រាង​ប្លែក​គេ​​ ផ្ទះ​ធ្វើ​ពី​ឈើ​លាយ​ស៊ីម៉ង​ក្រាល​បេតុង ​ផ្ទះ​ទី​២នៅ​ជាន់​​លើ និង​ជាន់កណ្តាល​​​​ ក្រៅ​ពី​បន្ទប់​ដេក​តាម៉ុក​ ​នៅ​ក្នុង​ផ្ទះ​​គ្មាន​ជញ្ជាំង​បិទ​បាំង​ ​ ផ្ទះ​ទី២​ សសរ​ផ្ទះ​យក​ដើម​​ឈើ​ទ្រាស​ទាំង​មូល​យក​មក​ធ្វើ​ដោយ​មិន​ឈូស​ និង​កែ​ច្នៃ​ទាំង​អស់​ ផ្ទះ​ទី​២​ បង្គន់​បត់​ជើង​ជាន់​ក្រោម​មាន​ទំហំ​ធំ​ជាង​ជិត​២​ដង​បន្ទប់​ដេក ផ្ទះ​ទី​២​ នៅ​ជាន់​ក្រោម​មាន​បន្ទប់​ និង​​ច្រក​ចេញ​ចូល​សំងាត់​​មួយ​មាន​ទំហំ​៤​ម៉ែត្រ​ មិន​មាន​នរណា​ចេញ​ចូល​បាន​ក្រៅ​ពី​តាម៉ុក បន្ទប់​នេះ​ជា​បន្ទប់​សម្ភារៈ​សំខាន់ៗ​មាន​ដូចជា​ រូប​ចម្លាក់ វត្ថុបុរាណ​ ព្រះ​ពុទ្ធរូប​តូច​ធំ​ច្រើន​អង្គ​ និង​ជាទី​សក្ការបូជា​របស់​តាម៉ុក​​ ​​ឈើ​ធ្នឹម​ផ្ទះ ជញ្ជាំង​ផ្ទះ ​ទាំង​៤​ វែង​លយ​ចេញ មាន​ជាប់​ដែក​គោល​ មិន​កាត់​ និង​ដក​ចេញ នៅ​​ពេល​យប់​ក្នុង​បរិវេណ​ផ្ទះ​ទាំង​មូល​​ការពារ​ដោយ​ឆ្កែ​បែក​ហ្សេ​ធំ​ៗ​ជា​ច្រើន​ក្បាល​​​​ ខាង​ក្រោមនេះជារូបដែលបង្ហាញពីអាថ៌កំបាំងរបស់ផ្ទះតាម៉ុក

​បណ្ឌិត លី សុខឃាង​ បាន​បញ្ជាក់​បន្ថែម​ត្រង់​​ឈើ​ធ្នឹម​ផ្ទះ​វែង​លយ​ចេញ​​មិន​ព្រម​កាត់​ និង​ជាប់​ដែក​គោល​មិន​ព្រម​ដក​ចេញ​ថា នេះ​ជា​បញ្ជា​ដាច់​ខាត​របស់​តាម៉ុក​ប្រាប់​ទៅ​ជាង​ធ្វើ​ផ្ទះ​ទាំង​អស់​មិន​ឲ្យកាត់ ឬដកចេញ។ ចំពោះ​មូល​ហេតុ​ដែល​មិន​ព្រម​ឲ្យ​ជាង​ដក​ដែក​គោល​ និង​កាត់​ឈើ​លយ​តម្រឹម​ឲ្យ​ស្មើ​នោះ​ រហូត​មក​ដល់​ពេល​នេះ​ក៏​មិន​មាន​សាក្សី​ណា​អាច​បញ្ជាក់​ប្រាប់​ថា​មក​ពី​មូល​ហេតុ​អ្វី​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews