កុមារ​កម្ពុជា ​ដែល​ទៅ​រស់នៅ​ប្រទេសថៃ​នឹងទទួលបានការសិក្សា​ ​១៥​ឆ្នាំ​ដោយ…

រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ថៃ ​បាន​កំពុង​បន្ត​ពិភាក្សាគ្នា​អំពី​បញ្ហា​កុមារ​កម្ពុជា ​ដែល​បាន​ទៅតាម​ឱ​ពុក​ម្តាយ​របស់​ពួកគេ​រស់នៅ ​និង​ធ្វើការ​ចំណាក់​ស្រុក​នៅ​ប្រទេស​ថៃ ដោយ​ការពិភាក្សា​នេះ​គឺ​នឹង​ត្រូវ​ផ្តល់ឱកាស​ឲ្យ​កុមារ​កម្ពុជា ដែល​កំពុង​នៅ​ទីនោះ​ទទួលបាន​ការសិក្សា​រយៈ​ពេល​១៥​ឆ្នាំ​ដោយ​មិន​គិត​ប្រាក់​សូម្បី​តែមួយ​រៀល​។​

យោងតាម​ការសិក្សា​រប​ស់​ភាគី​កម្ពុជា និង​ភាគី​ថៃ​បាន​អះអាងថា កុមារ​កម្ពុជា​យ៉ាងតិច ចំនួន​១០​ភាគរយ​ដែល​កំពុង​រស់នៅ​ជាមួយ​ឱ​ពុក​ម្តាយ​របស់​ពួកគេ​នៅ​ប្រទេស​ថៃ ដោយ​កុមារ ទាំងនោះ​ប្រឈម​នឹងមិន​ចេះ​អក្ស គ្មាន​សញ្ជាតិ​ច្បាស់លាស់ ហើយ​ភាគច្រើន​ពួកគេ​នឹងធ្វើ​ការ​ដោយ​មិន​សូវមាន​ជំនាញ​ដូច​ឱ​ពុក​ម្តាយ​របស់​ពួកគេ​យ៉ាង​ដូច្នេះ​ដែរ​។​

​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ​កម្ពុជា​-​ថៃ ដើម្បី​ពង្រឹង​កិច្ចសហការ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទេសន្តរប្រវេសន៍​នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៩​នេះ​នា​ទីស្តីការ​ក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​ន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា រដ្ឋាភិបាល​ថៃ​នឹង​ផ្តល់​ការសិក្សា​ដល់​កុមារ​កម្ពុជា​រយៈពេល​១៥​ឆ្នាំ ប៉ុន្តែ​ការផ្តល់​នេះ​គឺ​ផ្តល់​សម្រាប់​កុមា​រណា ដែល​ទៅតាម​ឱ​ពុក​ម្តាយ​របស់​ពួកគេ​ដែលជា​ទេសន្តរប្រវេសន៍​ស្របច្បាប់ ប៉ុណ្ណោះ​។​

​​លោកជំទាវ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នាពេល​បច្ចុប្បន្ននេះ​ពលករ​កម្ពុជា​ប្រមាណ​ជាង មួយ​លាន​នាក់​កំពុងស្នាក់នៅ​ជា​ទេសន្តរប្រវេសន៍​នៅ​ប្រទេស​ថៃ ហើយ​ក្នុងនោះ​មាន​កុមារ ដែល​កើត​និង​រស់នៅ​ជាមួយ​ឱ​ពុក​ម្តាយ​របស់​ពួកគេ​ចាប់ពី​៦​ទៅ​១០​ភាគរយ ហើយ​ភាគច្រើន​ពួកគេ​មិនចេះ​អក្ស​ហើយ​មិនចេះ​និយាយ​ភាសា​ដើមកំណើត​ពួកគេ​នោះឡើយ​។​

​​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នោះដែរ​លោក ស៊ុ​ពុង ស្រា​វឿន​(Sompong Sravaen)​ដែលជា​ស្ថាបនិក និង​នាយក​មូលនិធិ​បណ្តាញ​ជម្រុញ​សិទ្ធិ​ការងារ​របស់​ថៃ បាន​ឲ្យ​ដឹងផង​ដែរ​ថា ការដែល​ផ្តល់ឱកាស​ឲ្យ​កុមារ​កម្ពុជា​ទទួលបាន​ការសិក្សា​នេះ​គឺ​ក្រោយពី​រដ្ឋាភិបាល​ថៃ​ បាន​សង្កេតឃើញ​កុមារ​កម្ពុជា​ជាច្រើន​មិន​បានទទួល​ការសិក្សា ហើយ​មិនចេះ​នៅ​ភា សា​ដើមកំណើត​ខ្លួន ហើយ​មួយវិញទៀត​ដោយ​គ្មាន​ការចេះដឹង​នេះ​ពួកគេ​ទទួលរង​គ្រោះ​ពី​ការជួញដូរ​ផងដែរ​។​

​​យ៉ាងណាក៏ដោយ​ភាគី​ទាំងពីរ​មិនទាន់​បានកំណត់​ពេលវេលា​ច្បាស់លាស់ ក្នុង​ការចុះ​អនុស្សរណៈ​(MOU)​ជាមួយគ្នា​លើ​គម្រោង​នេះ​ទេ​គ្រាន់តែ​អះអាងថា​នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ BTV Cambodia