ព្រែកទាល់ ជាជម្រកសត្វស្លាបដ៏ធំរបស់កម្ពុជា និងគួរឲ្យទាក់ទាញបំផុត

ព្រែកទាល់ជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប។ ជាមួយនឹងជម្រកសត្វស្លាបដ៏ធំ និងគួរឲ្យទាក់ទាញ ព្រែកទាល់បានក្លាយទៅជាតំបន់មួយដែលទទួលបានភ្ងៀវទេសចរជាច្រើនរៀងរាល់ឆ្នាំ។ ទីនេះជាកន្លែងមួយដែលប្រមូលផ្ដុំនូវសត្វស្លាបដ៏កម្រជាច្រើនប្រភេទមករស់នៅច្រើនយ៉ាងច្រើនសម្បើម និងបង្កើតជាសំបុករស់នៅយ៉ាងគួរឲ្យចង់ទស្សនា។

នៅក្នុងចន្លោះខែធ្នូដល់ខែកុម្ភៈភ្ងៀវទេសចរនឹងបានឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់សត្វបក្សីនានា ដូចដែលអ្នកតែងតែឃើញនៅក្នុងវីឌីឯកសារសត្វនោះផងដែរ។ នៅពេលដែលទឹកនាតំបន់ផ្សេងចាប់ផ្ដើបស្រក សត្វបក្សីមកពីគ្រប់ទិសទីបានមកជួបជុំគ្នានៅទីនេះ។ បក្សីទាំងនោះនៅតែបន្តរស់នៅក្នុងតំបន់នេះរហូតដល់ចុងខែកុម្ភៈ ប៉ុន្តែទឹកមិនសូវជាច្រើនដូចពេលមុនប៉ុន្មាននោះទេ។ ហើយលោកអ្នកក៏អាចឃើញមានសត្វទាំងនេះផងដែរនៅក្នុងអំឡុងខែកញ្ញា ប៉ុន្តែវាមិនសូវមានចំនួនច្រើនប៉ុន្មាននោះទេ។

អ្នកជំនាញបានបញ្ជាក់ថាពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វនៅទីនេះគឺពេលព្រឹកព្រលឹម និងពេលរសៀល។ ដូច្នេះបើអ្នកចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះអ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ ដែលលោកអ្នកអាចស្នាក់អាស្រ័យនៅក្នុងការិយាល័យបរិស្ថានព្រែកទាល់បាន ជាមួយនឹងការរៀបចំការស្នាក់នៅបែបសាមញ្ញប៉ុន្តែអាចទទួលយកបានជាមួយតម្លៃចន្លោះ ១៥ ទៅ ២០ ដុល្លាតែប៉ុណ្ណោះ។

សម្រាប់ការទស្សនានៅទីនោះអ្នកអាចនឹងចំណាយច្រើនបន្តិច ព្រោះអ្នកត្រូវធ្វើដំណើរតាមទូកហើយវាក៏មានតម្លៃមិនថោកប៉ុន្មាននោះទេ។ មុននឹងទៅដល់ទីនោះអ្នកត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ (អាស្រ័យទៅលើកម្ពស់ទឹក) ហើយអ្នកត្រូវជួលទូកទៅកាន់ព្រែកទាល់ដោយចំណាយពី ៤៥ ទៅ ៥០ដុល្លាសម្រាប់ទូកមួយ(អាចជិះបានពី ៣ ទៅ ៤នាក់) ពេលទៅដល់ទីនោះអ្នកត្រូវចំណាយថ្លៃទូកតូចមួយទៀតដែលមានតម្លៃ ចន្លោះពី ៣៥ ទៅ ៤៥ ដុល្លាសម្រាប់ការទស្សនាព្រៃ និងសត្វស្លាប (រយៈពេលប្រហែលមួយម៉ោង)។

សម្រាប់ការចំណាយរបស់អ្នកនៅតំបន់ទេសចរណ៍ព្រែកទាល់គឺមានន័យថាលោកអ្នកបានចូលរួមចំណែកនៅក្នុងការជួយលើវិស័យអប់រំនៅតំបន់នោះផងដែរ។ អ្វីដែលលោកអ្នកគួរដឹងនោះគឺ លោកអ្នកនឹងត្រូវចំណាយពេលមួយថ្ងៃពេញដើម្បីជិះទូកដូច្នេះចូរកុំភ្លេច យកមួក និង ឡេការពារកម្ដៅថ្ងៃទៅជាមួយផង៕

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Lonely Planet