ទំរាំមកដល់ថ្ងៃនេះ ត្រូវអ្នកជិតខាងមើលងាយរាប់ឆ្នាំ តែលទ្ធផលចុងក្រោយ…
ជីវិតអ្នកក្រ មិនមែនស្រួលដូចចិត្តចង់បានឡើយ ទោះបីមិនប៉ះពាល់គេ ក៏គេអាចមើលងាយពេបជ្រាយបានគ្រប់ពេល ជាពិសេសគឺអ្នកជិតខាងតែម្ដង។ និស្សិតកម្រិតបរិញ្ញាបត្រម្នាក់នៅប្រទេសថៃ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រៀបរាប់ពីជីវិតពិត ដែលអ្នកជិតខាងមើលងាយរហូតមានថ្ងៃនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយរាប់ម៉ឺនដងត្រឹមពេលយ៉ាងខ្លី។
បើតាមសារព័ត៌មាន Khoasod របស់ប្រទេសថៃ បានបញ្ជាក់ថា ក្រោយឃើញរូបភាពដ៏រំជួលចិត្តលើគណនី Facebook របស់និស្សិតឈ្មោះ Goppy Suebsamut ភ្លាម អ្នកយកព័ត៌មានក៏បានទាក់ទាញសម្ភាសភ្លាមផងដែរ ដើម្បីចង់ដឹងរឿងរ៉ាវពិត។
រូបភាពប៉ុន្មានសន្លឹក ដែលបង្ហោះដោយនិស្សិតស្រីរូបនេះ ទទួលបានការចែកចាយជាង ៤ម៉ឺនដង និងការចុច like ជាង ៦ម៉ឺនដង អមដោយពាក្យសរសើរ និងលើកទឹកចិត្តជាច្រើន។
ប្រភពដដែល បានឱ្យដឹងថា គ្រួសាររបស់និស្សិតស្រីរូបនេះ ជាអ្នកស្រែចម្ការ និងមានស្ថានភាពជីវិតក្រលំបាកបំផុត។ នៅអាយុ ៧ឆ្នាំ ម្ដាយឪពុករបស់និស្សិត Suebsamut បានលែងលះគ្នា។ ក្រោយមក យាយក៏ស្លាប់បាត់។ ពេលម្ដាយមានប្ដីថ្មី នាងគ្មានទីពឹងជាប់លាប់ឡើយ ព្រោះមិនអាចរស់នៅជាមួយឪពុកចុងបាន។ នាងក៏ត្រូវជីវិតយ៉ាងត្រដាបត្រដួសជាមួយជីតាចិត្តធម៌ម្នាក់ ដែលសព្វថ្ងៃមានអាយុ ៨០ឆ្នាំហើយ។
ជីតារបស់នាង បានធ្វើការច្រើនម៉ោង ធ្វើការងារសព្វបែបយ៉ាង ដើម្បីឱ្យនាង Suebsamut បានរៀនសូត្របន្ត។ រហូតទប់ទល់លែងបាន ក៏ត្រូវលក់គោ យកមកបង់រៀននៅសាកលវិទ្យាល័យ។ ពេលនោះ អ្នកជិតខាងបានសើចចំអករូបនាង និងជីតាថា៖ “ឱ្យរៀនធ្វើអ្វី គ្មានប្រយោជន៍ទេ។
ទៅរៀននៅទីក្រុង ដឹងតែមានកូនមុនពេលរៀនចប់ហើយ”។ ពាក្យលឺផ្ទាល់ត្រចៀកនេះ ធ្វើឱ្យនាងខឹងខ្លាំងណាស់ ប៉ុន្តែប្រឹងទប់អារម្មណ៍។
ទោះម្ដាយមានថ្មីមែនពិត ក៏ផ្ញើលុយឱ្យនាងបានរៀនខ្លះ ប៉ុន្តែតិចតួចណាស់ ព្រោះត្រូវចិញ្ចឹមកូន ២នាក់ផ្សេងទៀត។ ចំណែកអ្នកទំនុកបម្រុងធំបំផុតគឺជីតា ដែលលក់គោ ឱ្យនាងរៀន។ ក្រោយមក នាងក៏បានរកការងារក្រៅម៉ោងធ្វើ ដើម្បីសន្សំលុយជួយដល់ជីតាវិញ។
ត្រឹមអាយុ ២៣ឆ្នាំ នាងអាចមានការងារល្អច្រើនកន្លែង និងទទួលបានប្រាក់ខែគ្រាន់បើដែរ ដើម្បីផ្គត់ផ្គង់ជីវភាព ព្រមទាំងទិញបានទាំងឡានមួយគ្រឿង និងដឹកជីតាជូនដើរលេង ហើយទទួលទានម្ហូបថ្លៃថ្លៃទៀតផង៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ cambodiawikinews