ឲ្យរាងលើកក្រោយ! ចំណាយពេលជាង ៥ម៉ោង ទម្រាំតែជួយបាន ព្រោះតែ….

ស្រ្តីជនជាតិកូឡុំប៊ីម្នាក់ បានធ្វើឲ្យគ្រប់គ្នាហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំង ក្រោយសុខៗស្រាប់តែទៅជាប់ក្បាល ក្នុងប្រហោងទ្វារដែកផ្ទះអ្នកជិតខាង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ស្រ្តីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេរាយការណ៍ថា រស់នៅក្នុងទីក្រុង La Virginia ប្រទេសកូឡុំប៊ី បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់នាង ត្រូវបានគេថតយកទៅបង្ហោះចែកចាយ លើបណ្តាញសង្គម ជុំវិញនឹងករណីជាប់ក្បាលនៅនឹងទ្វារផ្ទះអ្នកជិតខាង ក៏ព្រោះតែក្នុងគោលបំណង អើតមើលចង់ដឹងថាម្ចាស់ផ្ទះនោះ នៅក្នុងផ្ទះឬអត់។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គេមិនច្បាស់ទេថា ស្រ្តីខាងលើនេះ មានគោលបំណងបែបណាឲ្យពិតប្រាកនោះឡើយ រហូតដល់ថ្នាក់តាមស៊ើបអង្កេតផ្ទះអ្នកជិតខាង ទាល់តែជាប់ក្បាលបែបនេះ។

ប្រភពដដែលបន្តថា នៅក្នុងថ្ងៃកើតហេតុនោះ ក្រោយជាប់ក្បាលបែបនេះ ស្រ្តីរងគ្រោះបានស្រែកយំ និងបានព្យាយាមរំដោះក្បាលរបស់ខ្លួនឯងចេញមកវិញផងដែរ ប៉ុន្តែជាលទ្ធផលនៅតែមិនអាចទៅរួច។ ជាសំណាងល្អ ដែលមានគេឮសូរសំឡេងនាងយំ ស្រែកហៅឲ្យជួយ ហើយក្រោយមកអ្នកជិតខាងក៏បានទាក់ទងហៅប៉ូលិស ដើម្បីឲ្យមកជួយធ្វើអន្តរាគមន៍។

ផ្ទុយទៅវិញ នៅពេលប៉ូលិសទៅដល់ ក៏នៅតែមិនអាចជួយអ្វីបាន ទើបពួកគេសម្រេចចិត្តហៅខាងក្រុមភ្នាក់ងារជួយសង្គ្រោះ ឬក្រុមពន្លត់អគ្គិភ័យជាបន្ត ដើម្បីឲ្យមកជួយដោះស្រាយលើបញ្ហានេះ។ ក្រុមពន្លត់អគ្គិភ័យ បានចំណាយពេលអស់ ៥ម៉ោង លើករណីនេះ ទម្រាំតែបានសម្រេច។

គួរឲ្យដឹងផងដែរថា រូបភាពក្នុងថ្ងៃកើតហេតុខាងលើនេះ ត្រូវបានគេយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ តាំងតែពីថ្ងៃទី១៩ ឧសភា កន្លងទៅនេះមកម៉្លេះ។

ជុំវិញនឹងករណីខាងលើនេះ ពុំមានការបញ្ជាក់លម្អិតពីស្រ្តីរងគ្រោះនោះឡើយ ដោយនាងគ្រាន់តែត្រូវបានគេដឹងថា អើតក្បាលចូលដើម្បីមើលថា ម្ចាស់ផ្ទះនៅក្នុងផ្ទះ ឬក៏អត់តែប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload