មោទនភាពជាតិ!​ ចុងភៅខ្មែរ ឈ្នះមេដាយមាសលេខ១ និងពានមាស នៅប្រទេសថៃ

សមាគមចុងភៅកម្ពុជាយើងដែលទទួលបានជ័យលាភី មេដៃមាសលេខ១ និងពានមាស Asean Gourmet Challenge ដែលមានតំណាងចូលរួមចំនួន ១៤ ប្រទេស រៀបចំឡើងនៅព្រះរាជាណាចក្រថៃ។

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូចូលរួមការប្រគួតនោះ បានឲ្យដឹងថា ៖ កម្មវិធីប្រគួតប្រជែង អាហារអាស៊ី ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក(ប្រទេសថៃ) ចាប់ផ្តើមថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផល នារាត្រីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩។ បណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង ហុងកុង វៀតណាម ម៉ាកាវ ម៉ាឡេស៊ី កោះតៃវ៉ាន់ ហ្វីលីពីន ឥណ្ឌូណេស៊ី សឹង្ហបូរី និងប៉ាគីស្ថាន។

នៅក្នុងកម្មវិធីប្រគួតប្រជែងនោះដែរ ក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន៣០ក្នុងប្រទេសថៃ ក៏បានចូលរួមផងដែរ ។ សរុបចុងភៅចូលរួមទាំងអស់ មានប្រមាណជិត ១៤០០នាក់។

លោកបញ្ជាក់ឲ្យដឹងដែរថា ៖ ផ្តើមចេញពីរសជាតិម្ហូបខ្មែរចំនួន១០មុខ សមាគមចុងភៅកម្ពុជា បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ លោកបានបង្ហាញនូវអារម្មណ៍ពិតរបស់លោកថា ទេពកោសល្យនៃការផ្សំគ្រឿងចំអិនម្ហូប វាគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេចរណ៍ខេត្តសៀមរាប វាយតម្លៃថា៖ ជ័យលាភីទាំងនេះ ពិតជាបានចូលរួមយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ពិតណាស់ថា តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ ។ លោកក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរ ចំពោះជ័យលាភី របស់សមាគមចុងភៅកម្ពុជាឆ្នាំ២០១៩នេះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប