កាត់បន្ថយបានកាត់ទៅ! ក្មេងជំទង់ម្នាក់ ស្លាប់ដោយសារតែលេង PUBG Moblie

នៅក្នុងសម័យនេះ ការលេងហ្គេមគឺជារឿងធម្មតាទៅហើយសម្រាប់ពួកយើងទាំងអស់គ្នា។ អ្នកខ្លះចំណាយពេលលេងហ្គេមតែបន្តិចបន្តួច រួចក៏ត្រលប់ទៅរៀនឬក៏ធ្វើការវិញ។ ប៉ុន្តែអ្នកខ្លះទៀតលេងហ្គេមរហូតដល់ដាច់បាយដាច់ទឹកក៏មានដែរ។ ជាក់ស្តែងការលេងហ្គេមជាប់គ្នាយូរបែបនេះ គឺមិនល្អសម្រាប់យើងនោះទេ ពោលគឺវាអាចប៉ះពាល់ដល់សុខភាព ហើយករណីធ្ងន់អាចស្លាប់ក៏មានដែរ។

ថ្មីៗនេះ មានក្មេងជំទង់ម្នាក់ឈ្មោះ Furkhan Qureshi អាយុ ១៦ឆ្នាំ រស់នៅក្នុងទីក្រុង Neemuch រដ្ឋ Madhya Pradesh បានគាំងបេះដូងស្លាប់ ព្រោះតែលេងហ្គេម PUBG អស់ ៦ម៉ោងជាប់គ្នា។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ Furkhan បានលេងហ្គេម PUBG នៅលើទូរស័ព្ទអស់រយៈពេល ៦ម៉ោងជាប់គ្នាមុនពេលដួលសន្លប់បាត់បង់ស្មារតី។

ក្រោយមករូបគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្រ្គោះបន្ទាន់។ ប៉ុន្តែជាអកុសលបេះដូងរបស់គេឈប់លោតទៅហើយ នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ។

ក្នុងនោះ លោកគ្រូពេទ្យ Ashok Jain បាននិយាយថា៖

«ពួកយើងព្យាយាមជួយសង្រ្គោះជីវិតគេដែរ ប៉ុន្តែវាហួសពេលបាត់ទៅហើយ។»

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការលេងហ្គេមអាចធ្វើឱ្យមនុស្សយើងរំភើបខ្លាំង ដែលនេះក៏ជាមូលហេតុធ្វើឱ្យ Furkhan ត្រូវគាំងបេះដូងស្លាប់ផងដែរ។

យោងតាមការសិក្សាមួយរបស់សមាគមចិត្តសាស្រ្តអាមេរិកបានបង្ហាញថា ការញៀនហ្គេម ឬវក់ហ្គេម មានផលប៉ះពាល់ខ្លាំងដូចទៅនឹងការញៀនការរួមភេទ (sex addiction) ដែរ។

ដូច្នេះសម្រាប់មិត្តៗយុវវ័យទាំងអស់ សូមកុំព្យាយាមលេងហ្គេមច្រើនម៉ោងជាប់គ្នាពេក។ គួរតែចេះបែងចែកពេលវេលាលេងហ្គេមឱ្យបានសមល្មមនោះទើបជាការល្អប្រសើរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload