ដឹងហើយញាក់សាច់! ក្រៅពីលុយ ស្តេចស៊ុលតង់​ប្រ៊ុយណេ មានទ្រព្យសម្បត្តិមហាសាលផ្សេងៗទៀត

ប្រ៊ុយណេ​ ជា​ប្រទេស​​តូច​មួយ​នៅ​លើ​កោះ​ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ម៉ាឡេស៊ី និង​សមុទ្រ​ចិន​ខាង​ត្បូង។ ប្រជាជន​នៃ​ប្រទេស​នេះ​ដែល​មាន​ចំនួន​ប្រមាណ​កន្លះ​លាន​នាក់ មាន​កម្រិត​ជីវភាព​ខ្ពស់​ ដោយសារ​ទ្រព្យ​សម្បត្តិ​មហាសាល​នៃ​ប្រទេស​នេះ​ដែល​បាន​មក​ពី​ធនធាន​ប្រេងកាត។

ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ ព្រះនាម ហាស្សាណាល់ បូលគៀ (Hassanal Bolkiah) ជា​ស្ដេច​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ទីពីរ នៅ​លើ​ពិភព​លោក។ ទ្រព្យ​មហាសាល​នេះ គឺ​បាន​មក​ពី​ធនធាន​ប្រេងកាត​ដែល​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ។

ទ្រព្យ​សម្បត្តិ​សរុប​របស់​ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ចំនួន​សរុប ២០ប៊ីលាន​ (ម្ភៃ​ពាន់​លាន)​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៤។ 

ស្ដេច​ស៊ុលតង់​គង់​ក្នុង​ព្រះរាជវាំង​ ដែល​មាន​បន្ទប់​ដេក ១.៧៨៨​បន្ទប់ និង​បន្ទប់​ទឹក ២៥៧​បន្ទប់។ ព្រះរាជវាំង​របស់​ស្ដេច​ស៊ុលតង់ ត្រូវ​គេ​ចាត់ទុក​ថា​ជា​ព្រះរាជវាំង​ធំ​ជាង​គេ​បំផុត​ទីពីរ នៅ​លើ​ពិភព​លោក និង​​សាងសង់​អស់​ទឹក​ប្រាក់​ប្រហែល ៣៥០​លាន​ដុល្លារ​អាមេរិក។

ព្រះរាជ​វាំង​ស្តេច​ស៊ុលតង់ មាន​អាង​ហែលទឹក​ចំនួន ៥ មាន​យានដ្ឋាន​មួយ​ដែល​អាច​ផ្ទុក​រថយន្ត​បាន ១១០​គ្រឿង និង​មានក្រោល​សេះ​មួយ មាន​សេះ​ ២០០​ក្បាល។ 

គេ​មិន​ដឹង​ចំនួន​ពិត​ប្រាកដ​នៃ​រថយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ស៊ុលតង់​ទេ ប៉ុន្តែ រថយន្ត​ម៉ាក Rolls Royce ស្លាក​មាស និង​ Rolls Royce Phantom VI ស្ថិត​ក្នុង​ចំណោម​រថយន្ត​ប្រណីតៗ​ដែល​ស្ដេច​ស៊ុលតង់​ប្រើ​ប្រាស់។

សៀវភៅ​កំណត់ត្រា​ឯតទគ្គកម្ម​ពិភព​លោក សរសេរ​ថា ​ស្ដេច​ស៊ុលតង់​មាន​រថយន្ត​ទំនើប​ម៉ាក Ferrari ជាង ៤៥០​គ្រឿង និង​រថយន្ត​ទំនើប​ម៉ាក Koenigseggs ចំនួន ១៣៤​គ្រឿង។

កាល​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ រថយន្ត​ប្រណីត​ Rolls Royce ជិត​ ៥០ភាគរយ នៃ​ចំនួន​រថយន្ត​ Rolls Royce ដែល​លក់ទាំង​អស់ គឺ​ទិញ​ដោយ​រាជ​វង្ស​ប្រ៊ុយណេ។

គេ​ប៉ាន់ស្មានថា ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ​ មាន​រថយន្ត​សរុប​ទាំងអស់​ប្រហែល ៧០០០​គ្រឿង ដែល​មាន​តម្លៃ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambonomist