ដំណឹងរីករាយ! សាលា​ជប៉ុន​ស្តង់ដា​រៀន​ឥត​បង់ថ្លៃ នឹងបើក​ទទួល​សិស្ស​ពី​ថ្នាក់..

សាលា​ភាពជា​អ្នកដឹកនាំ​របស់​មូល​និធិ​ស៊ីសេ​ហ្វ CIESF ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា CIESF Leaders Academy គឺជា​សាលា​រៀន​គំរូ​មួយ​ដែល​មាន​ស្ដង់ដារ​សិក្សា​បែប​ប្រទេស​ជប៉ុន ប​ណ្ដុះ​បណ្ដាល​សិស្ស​ចាប់ពី​ថ្នាក់​មតេយ្យ រហូតដល់​អនុ​វិទ្យា​ល័យ ដោយ​ផ្ដោត​លើ​ចំណេះដឹង បញ្ញា​ស្មារតី ជំនាញ និង​សមត្ថភាព​ប្រកបដោយ​គុណភាព​ខ្ពស់ និង​អាច​ក្លាយ​ជា​អ្នកដឹកនាំ និង​ជា​សសរ​ទ្រូង​របស់​ប្រទេសជាតិ​នា​ថ្ងៃ​អនាគត​។

ថ្លែង​ក្នុង​ពិធី​បញ្ចប់​ការសាងសង់​អគារសិក្សា​សាលា​ភាពជា​អ្នកដឹកនាំ​របស់​មូល​និធិ​ស៊ីសេ​ហ្វ CIESF កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជូន ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែង​អំណរគុណ​ដល់​មូលនិធិ​សេ​ហ្វ CIESF និង​ជាពិសេស​រាជ​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​វិស័យ​អប់​រំ​ក្នុង​ប្រទេស​កម្ពុជា​។

​ឯកឧត្តម បាន​មាន​ប្រសាសន៍ថា ‹‹​សាលា​ភាពជា​អ្នកដឹកនាំ​នេះ បង្កើតឡើង​ដើម្បី​ប​ណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស និង​ជាពិសេស​កុមារ​កម្ពុជា​ទៅតាម​កម្មវិធីសិក្សា​បែប​ប្រទេស​ជប៉ុន ដើម្បី​ឲ្យ​ពួកគាត់​រៀន​ទាំង​ភាសា​ខ្មែរ និង​ជប៉ុន ក៏ដូចជា​ស្វែង​យល់​ពី​វ​ប្បធ​ម៌​របស់​ប្រទេស​ជប៉ុន ដើម្បី​ធ្វើ​យ៉ាងម៉េច នៅពេលដែល​កុមារ​ធំ​ឡើង​អាច​ចូលធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ជប៉ុន​បាន​។ អ៊ីចឹង​គោលដៅ​របស់​យើង គឺ​ដើម្បី​លើកកម្ពស់​ធន​ធាន​មនុស្ស និង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ដាក់ទុន​វិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន​››​។

​ឯកឧត្តម HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បញ្ចប់​ការសាងសង់​អគារសិក្សា​សាលា​ភាពជា​អ្នកដឹកនាំ​របស់​មូល​និធិ​ស៊ីសេ​ហ្វ CIESF នោះថា ការ​អប់​រំ​ត្រូវតែ​យកចិត្តទុកដាក់​ជា​ចាំបាច់ ព្រោះ​ដើម្បី​កសាង​ធន​ធា​មនុស្ស និង​ជាពិសេស​ដើម្បី​ជំរុញ​ដល់​ការ​អភិ​វ​ឌ្ឍ​សេដ្ឋ​ជាតិ​។

​លោក OKUBO Hideo ប្រធាន​មូល​និ​ធី​ស៊ីសេ​ហ្វ បាន​មាន​ប្រសាសន៍ថា​ឲ្យ​ដឹងថា សាលា​ភាពជា​អ្នកដឹកនាំ​ស៊ី​សេ​ហ្វ​នេះ បង្កើតឡើង​ក្នុង​គោល​បំណង​សំខាន់​២​យ៉ាង​គឺ ទី​១. ប​ណ្ដុះ​បណ្ដា​លអ្ន​កអប់​រំ​យ៉ាង​ពិតប្រាកដ​មួយ​ដែល​គិត​អំ​ពី​ផល​ប្រយោជន៍​ផែនដី និង​ប្រកាន់ខ្ជាប់​នូ​វ​ទឹកចិត្ត​ចំពោះ​អ្នកដទៃ និង​ទី​២ អាច​ឲ្យ​កុមារ​តូចៗ​រៀនសូត្រ​ដោយ​ខ្លួនឯង​នៅ​ទី​នេះ ហើយ​ធ្វើការ​អភិ​វ​ឌ្ឍ​ខ្លួន​ដើម្បី​បើកផ្លូវ​ទៅកាន់​អនាគត​ដោយ​ខ្លួនឯង​ក្នុង​ពិ​ភព​លោក​មួយ​ដែល​មាន​ការផ្លាស់ប្ដូរ​ឥត​ឈប់​ឈ​រ និង​បង្កើតបាន​នូ​វ​ស​ង្គ​មមួយ​ដែល​មាន​ស្ថិរភាព​។

​លោក​បាន​បន្ថែមថា នៅ​ថ្ងៃ​អនាគត​សាលា​ភាពជា​អ្នកដឹកនាំ​របស់​មូល​និធិ​ស៊ីសេ​ហ្វ CIESF នឹង​ប្រគល់ជូន​ក្រសួង​អប់​រំ​យុវជន និង​កីឡា​ក្នុងនាម​ជា​សាលា​គ​ម្រូ​។​ទ​ន្ទឹ​មនឹង​ការរីក​ដុះ​ដាល​នៅ​កម្ពុជា សាលា​នេះ​នឹង​បន្ត​រីក​ដុះ​ដាល​នៅក្នុង​បណ្ដា​ប្រទេស​នានា​ជាច្រើន​ទៀ​ត​នៅក្នុង​អាស៊ាន និង​ឈានដល់​ការផ្លាស់ប្ដូរ និង​បញ្ជូន​ធន​ធាន​មនុស្ស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

សូម​ជ​ម្រាប​ថា សាលា​ភាពជា​អ្នកដឹកនាំ​របស់​មូល​និធិ​ស៊ីសេ​ហ្វ CIESF មាន​ទីតាំង​ស្ថិតនៅ ភូមិ​កោះ​ក្របី សង្កាត់​ព្រែ​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជ​ធា​នៅ​ភ្នំពេញ​។ សាលា​ភាពជា​អ្នកដឹកនាំ​របស់​មូល​និធិ​ស៊ីសេ​ហ្វ CIESF ប​ង្រៀន​២​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​ជប៉ុន ហើយ​ការ​រៀន​នៅ​សាលា​នេះ​ពុំ​មាន​បង់ប្រាក់​នៅទេ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ joolchet