បើមិនជឿកុំប្រមាថ! កូនសង្វារស្រណុំ អាចជួយឲ្យជៀសផុតពីគ្រោះថ្នាក់បាន

ប្រទេសកម្ពុជាយើងជាប្រទេស ដែលកាន់សាសនាព្រះពុទ្ធ ហើយទន្ទឹមនឹងនោះ ប្រជាជនខ្មែរយើង មានទំនៀមទម្លាប់ប្រពៃណី ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួន ពីបុព្វបុរសជំនាន់ដើមជាយូរលង់ណាស់មកហើយ។ ថ្វីត្បិតតែអបិយជំនឿ មិនមែនជារឿងដែលស្តាប់ទៅ សមហេតុសមផល សម្រាប់មនុស្សសម័យទំនើបក្តី ក៏ចាស់ៗសម័យមុន តែងតែណែនាំកូនចៅ មិនឲ្យប្រមាថឡើយ បើទោះបីជាមិនជឿក៏ដោយ និងដូចពាក្យគេថា “អាគម ផ្សំអាយុ” ដូច្នោះឯង។ ក្នុងចំណោមអបិយជំនឿជាច្រើន មានអបិយជំនឿមួយចំនួន ដែលពាក់ព័ន្ធទៅនឹង ទារក ឬកូនសង្វារស្រណុំដែរ។

ចង់ដឹងថា កូនសង្វារ កូនស្រណុំនេះ ជាអ្វី ហើយមានជំនឿប្លែកៗទាក់ទង យ៉ាងណាខ្លះនោះ ក្រុមការងារយើងបានធ្វើការសាកសួរ អ្នកគ្រូកម្រិតមធ្យមសិក្សាម្នាក់ឈ្មោះ “ម៉ុណ្ណា” និងស្រ្តីមេផ្ទះវ័យ ៦០ ឆ្នាំម្នាក់ទៀតឈ្មោះ “ឡេងស៊ីម” ដើម្បីចែករំលែកអត្ថន័យយ៉ាងណាខ្លះ ជូនប្រិយមិត្តតាមដានដូចខាងក្រោម។

កូនសង្វារ កូនស្រណុំនេះ មានចំនួន ២ប្រភេទគឺ ទារកដែលកើតមកមាពាក់ឈៀង រីឯមួយទៀតគឺ ទារកដែលមានពាក់មួកលើក្បាលមកជាប់ជាមួយ នៅពេលចាប់កំណើតភ្លាមមកនោះ។ អ្នកប្រហែលជាឆ្ងល់ហើយថាតើ តើពាក់ឈៀង ឬពាក់មួកពីខាងក្នុងពោះម្តាយបានយ៉ាងដូចម្តេចហើយមែនដែរឬទេ? គួរបញ្ជាក់ផងដែរថា ឈៀង ឬមួក ដែលចាស់ៗខ្មែរយើងនិយមហៅតាំងពីយូរយារមកហើយនោះ គឺធាតុពិតវាជា “ទងសុក” ដែលមានទាក់នៅជាប់ខ្លួនទារក និងរុំជាប់លើក្បាលរបស់ទារក នៅពេលកើតមកនោះឯង ដែលវាមើលទៅហាក់ដូចជាឈៀង និងមួក របស់ទារក ទើបបានជាគេនាំគ្នាហៅយ៉ាងដូច្នេះ។

លើសពីនេះទៅទៀត អ្នកស្រី “ឡេងស៊ីម” ដែលជាមេផ្ទះវ័យចំណាស់ បានបន្ថែមថា កូនសង្វារស្រណុំ ដ៏ពិសេសនេះ ត្រូវបានគេមានជំនឿមួយដ៏ចម្លែកថែមទៀតផង គឺរន្ទះបាញ់មិនត្រូវនោះទេ។ គេជឿថាដោយសារមានគ្រូកាន់ ជាពិសេសគឺមិនត្រូវឈរ ឬនៅជិតកូនស្រណុំនោះឡើយនៅពេលមានភ្លៀងផ្គររន្ទះ ពីព្រោះរន្ទះនឹងផ្លាតមកបាញ់អ្នក ដែលឈរជិតពួកគេវិញជាមិនខាន។ កាន់តែមិនគួរឲ្យជឿជាងនេះទៅទៀតគឺ បើទោះជាបាញ់ចំ ក៏មិនស្លាប់ដែរ ហើយថែមទាំងអាចបណ្តាល ឲ្យស្លាប់អ្នកនៅក្បែរនោះទៅវិញទៀតផង។

សរុបមក ជំនឿទាក់ទងនឹងកូនសង្វារស្រណុំនេះ ហាក់ដូចជាមិនគួរឲ្យជឿទាល់តែសោះសម្រាប់ អ្នកដែលរស់នៅក្នុងសម័យវិទ្យាសាស្រ្តដូចសព្វថ្ងៃនេះ។ ប៉ុន្តែ ជាក់ស្តែង ជនជាតិខ្មែរយើងភាគច្រើន នៅតែមានជំនឿនិងការអនុវត្ត ជាបន្តបន្ទាប់ ពីព្រោះផ្នត់គំនិតទាំងនេះ ត្រូវបានប្រកាន់ខ្ជាប់ ជាយូរយារណាស់មកហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerpart