សម្តេច ហ៊ុន សែន ផ្តល់ថវិកា ៣៧ ០០០ ដុល្លារ​ដល់ក្រុមជម្រើសជាតិកម្ពុជា

ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា កាលពីម្សិលមិញនេះ នាថ្ងៃទី ១១​ ខែ មិថុនា ឆ្នាំ ២០១៩ ក្រុមបាល់ទាត់ជំរើសជាតិកម្ពុជា​យើងបានយកឈ្នះ​ក្រុមជំរើស​ជាតិប៉ាគីស្ថានក្នុងលទ្ធផល ២ទលនឹង១ នៅក្នុងជំនួបជើងទី២។

សូមបញ្ជក់ផងដែរថា កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៩ ​ចំពោះ​ប្រកួត​លើក​ទីមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា​យកឈ្នះ​ប៉ាគីស្ថាន ២:០ ផងដែរ។

ក្រោយពីកម្ពុជាទទួលបានជ័យជំនះទាំងពីជើងរួចមក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ឧបត្ថម្ភប្រាក់ចំនួន ៣៧ ០០០ ដុល្លារអាមេរិកដល់គ្រូបង្វឹក និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ជា​ការ​លើកទឹកចិត្ត​ចំពោះ​ការ​ប្រឹងប្រែងរហូត​ទទួល​ជ័យ​ជំនះទាំង​ពីរលើក​ចំពោះ​ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានក្នុងវគ្គជម្រុះ World Cup 2022 នៅប្រទេសកាតា។

ដោយយោងតាមការបញ្ជាក់របស់លោក​ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​អំឡុង​ពេល​ទៅទទួល​ក្រុមជម្រើសជាតិកម្ពុជានៅព្រលានយន្តហោះភ្នំពេញថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៩ ថាលោក​បាន​នាំ​យក​ថវិកា ៣៧ ០០០ ដុល្លារ​នោះ​ទៅប្រគល់ជូន​ទាំង​កីឡាករ​និង​គ្រូបង្វឹកដល់ដៃ​តែម្តង៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង