ចង់ដាច់ផ្ងារ! ក្រោយអានរឿងរបស់លោកគ្រូពេទ្យម្នាក់កាលពីឆ្នាំ ២០០២ ដែល..

ធ្វើពេទ្យសើមជាង២៤ឆ្នាំហើយ បានភ្លក់ច្រើនរស់ជាតិគួរសម។ លើកមួយមកបរិយាយចុះ ប្រហែលនៅឆ្នាំ២០០២ អ្នកជំងឺម្នាក់បានស្លាប់ បងប្អូនក្រុមគ្រួសារ មានកាំភ្លើងច្រូងច្រាង រករឿងពេទ្យសុទ្ធតែបាញ់ក្រវាត់ចោល ខ្ញុំភ័យញាប់ញ័រលេចនោមដាក់ខោឡើងឆ្អេះង៉ោង។

អ្នកខ្លះយំសោកបោកខ្លួន អោបត្រកងបីសាកសព រៀបរាប់រឿងរ៉ាវកាលសពនៅរស់ហើយក៍មិនភ្លេចឆ្លៀតជេរដៀលពេទ្យកប់ៗមាត់។ ខ្ញុំទាល់តំរិះអេះអុញ ក៍សំរេចចិត្តប្រាប់ការពិតទាំងញ័រមាត់ថា «អ្នកជំងឺស្លាប់ដោយសារកើតអេដស៍ » ខុសពីបណ្តាំសពកាលនៅរស់ ប្រាប់អោយជួយលាក់ការណ៍ កុំអោយក្រុមគ្រួសារគាត់ដឹង ។

គ្រាន់តែដឹងភ្លាម ម៉ែអើយម៉ែ អ្នកមានកាំភ្លើងរត់ប្រ៉ុចៗ អស់រលីង គាត់មិនមែនខ្លាចខ្ញុំទេ គាត់ខ្លាចអេដស៍ អ្នកយំអោបសាកសព ប្រញាប់ប្រញាល់សុំទឹក សុំសាប៊ូខ្ញុំសំអាតកាយ អោយសាប៊ូ លុច អត់យកទេ យក viso វិញ ខ្លាំងជាង ខ្លាចឆ្លងអេដស៍ ។ ទុកសពចោលនៅពេទ្យមិនយកទៅផ្ទះធើ្វបុណ្យអីទេ ក្លាយជាសពអនាថាគ្មានបងប្អូន បានមន្ទីរពេទ្យចេញលុយដឹកទៅវត្តបូជាទៅហោង ។

ខ្ញុំបានរស់ដល់សព្វថ្ងៃ… ខ្ញុំបានសុំទោស សាកសពថា សាកសពអើយ បើមិនប្រាប់ការពិតគេបាញ់ខ្ញុំក្រវាត់ចោលហើយ ខ្ញុំមិនទាន់ចង់ស្លាប់ទេ អហោសិកម្មអោយខ្ញុំផង។ តែឥលូវមិនមានកាំភ្លើងផ្ជុងទេ មានទូរសព្ទឬកាម៉ារ៉ាផ្ជុងថតពេទ្យយកទៅបង្ហោះ អោយអ្នកមិនដឹងរឿង ជេរពេទ្យកំសាន្តលេង។ សូមមេត្តាកុំភ្លេចខ្លាចអេដស៍!អេដស៍មិនដែលភ្លេចយើងទេ! អេដស៍២០១៩កាចជាងអេដស៍២០០២ទៀត។ ព្រោះអាចឆ្លងមេរោគស៊ាំថ្នាំ ពិបាកព្យាបាល ណាស់។ អត់ អត់ចុះ កុំអោយតែអេដស៍។និយាយមែនទែន អត់និយាយលេងទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Prak Narom