កូនខ្មែរត្រូវដឹង! ​​មរកត​​​​វប្បធម៌​​​ខ្មែរ​​​​ទាំង ៩ ដែលបានចុះក្នុងបញ្ជី​​​​បេតិកភណ្ឌ​ពិភពលោក

កម្ពុជា ជាប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ ​និងមរតកវប្បធម៌ពីបុព្វបុរសដែលបន្សល់ទុកជាច្រើនទៀត ខណៈក្រសួងកំពុងស្វះស្វែង ដើម្បីដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នៅអង្គការយូណេស្កូបន្ថែមទៀតផងដែរ។

ថ្ងៃនេះ​​​ យើងខ្ញុំសូមបង្ហាញសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៩ ដែលបានចុះក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានដូចខាងក្រោមនេះ៖

១) តំបន់​អង្គរវត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ តំបន់នេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី១៦ នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។

២) របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ដោយសារភាពល្វត់ល្វន់ និងសំលៀកបំពាក់ ការតុបតែង យ៉ាងស្អាតល្អប្រណីតនោះ អង្គការ UNESCO បានដាក់បញ្ចូល របាំព្រះរាជទ្រព្យទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃ​ទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។

៣) ល្ខោន​ស្រមោល​ស្បែក ឬ​ល្ខោន​ស្បែកធំ (អរូបី)៖ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស នៅថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។

៤) ប្រាសាទ​ព្រះវិហារ (រូបី)៖ ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០០៧។

៥) ល្បែង​ទាញព្រ័ត្រ (អរូបី)៖ ត្រូវបានដាក់ជា​បេតិកភណ្ឌ​ពិភពលោក នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៥។

៦) “បណ្ឌសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង” ចុះបញ្ជីនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០០៩។

៧) ចាប៉ី​ដងវែង (អរូបី)៖ ចាប៉ីដងវែងរបស់កម្ពុជាត្រូវបាន ចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO ក្នុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

៨) ប្រាសាទ​សំបូរ​ព្រៃគុក (រូបី)៖ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុង ក្រាកូវី (Cracovie) ប្រទេសប៉ូឡូញ (Poland) នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។

៩) ល្ខោនខោលវត្ត​ស្វាយអណ្ដែត (អរូបី)៖ ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់អង្គការ UNESCO នៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង