រំភើបណាស់! ភ្នំពេញ នឹងមានផ្លូវអទិភាពសម្រាប់ឡានក្រុងធ្វើដំណើរ ឱ្យកាន់តែលឿនថែមទៀត

អាជ្ញាធររាជធានីភ្នំពេញ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការរដ្ឋាករស្វយ័ត រថយន្ដក្រុង និងចំណតរថយន្ដក្រុងដែលមានទំហំដី៤ហិកតា និងពិធីប្រគល់ទទួល រថយន្ដក្រុងចំនួន ៨០គ្រឿង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅភូមិ ព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ កាលពីពញរឹកថ្ងៃពុធ ២រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINO UCHI) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការកំណត់ផ្លូវអាទិភាព សម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះឱ្យកាន់តែទទួលបានប្រជាប្រិយភាព ពោលគឺទាក់ទាញអ្នក ជិះឱ្យបានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន សំដៅរំដោះ ការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។ គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្ត ក្រុងសាធារណៈនៅរាជធានីភ្នំពេញនេះ ដោយសារតែបណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយ ចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ហើយមានការរំលោភលើ ចំណីផ្លូវសាធារណៈ ដែលបង្កការរំខានដល់ការ ធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។

ឯកឧត្ដមបន្ដថា រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការឱ្យបានឆាប់ជាទី បំផុត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតឡើងជាញឹកញាប់នៅក្នុង រាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រក ដោយភាពងាយស្រួល និងធានាសុវត្ថិភាព។

ឯកឧត្ដមបន្ដថា រដ្ឋាបាលរាជធានីភ្នំពេញ និងខិតខំឱ្យរថយន្តដឹកជញ្ជូនសាធារណៈនេះ ធ្វើដំណើរឱ្យបានទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិសដើម្បីធ្វើយ៉ាង ណាឱ្យអ្នក បើកបរគោរពពេលវេលាទៀត ទាត់ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរ ពីការធ្វើដំណើរដោយឯកជនមកធ្វើ ដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះបើយើងធ្វើ បានហើយគួបផ្សំនឹងផែនការរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់ គ្រប់ខណ្ឌទំាង១៤ យើងនឹងសម្រេចការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ដែលជួយ សន្សំសំចៃថវិការបស់ប្រជាពលរដ្ឋទីក្រុងក៏មានសណ្តាប់ធ្នាប់សាធារណៈផងដែរ។

ឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUC HI) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា មធ្យោបាយដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើន សម្រាប់ទីក្រុង និងមានសុវត្ថិភាពសម្រាប់អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជា ពលរដ្ឋនឹងជួយជំរុញឱ្យរាជធានី ភ្នំពេញដោះស្រាយបានបញ្ហា កកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យដំណើរការ សេវារថយន្តក្រុងសាធារណៈបានចំនួន១៣ខ្សែ នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយជាមធ្យម ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវានេះ ចន្លោះពី២ម៉ឺន ៦ពាន់នាក់ ទៅ៣ម៉ឺននាក់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងព័ត៌មាន