ទីបំផុត! ដំរី​ ដែលតែងតែដឹក​អ្នកទេសចរ​នៅ​តំបន់​អង្គរ​ ត្រូវដោះលែង​ទៅក្នុងព្រៃ​ធម្មជាតិ​វិញហើយ

សៀមរាប ៖ ​ដំរី​ជាង​១០​ក្បាល​ នឹង​ត្រូវ​បញ្ឈប់​សេវា​ ដឹកជញ្ជូន​ភ្ញៀវទេសចរ ​នៅ​តំបន់​អង្គរ ​ដើម្បី​អោយ​ឱ្យទៅ​រស់នៅ​តាម​បែប​ធម្ម​ជាតិ​ នៅក្នុង​ព្រៃ​សហគមន៍​វិញ​។

អាជ្ញាធរ​ជាតិ​អប្សរា​ បានអោយដឹងថា​ សត្វ​ដំរី​ចំនួន​១៤​ក្បាល​នៅក្នុង​តំបន់​អង្គរ​នឹង​ត្រូវ​បញ្ឈប់​ ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ ​ដោយ​ត្រូវ​បញ្ជូន​ទៅឱ្យ​រស់នៅ​តាម​បែប​ធម្មជាតិ​នៅ​ក្នុង​ព្រៃ​សហគមន៍​បុស្ស​ធំ​ស្ថិតនៅ​ស្រុក​សូទ្រនិគម ​ខេត្តសៀមរាប ​ដើម្បី​រៀបចំ​ឱ្យ​អ្នកទេសចរ​ទៅ​ទស្សនា​សត្វ​ដំរី​ទាំងនោះ​នៅក្នុង​ព្រៃ ​ធម្មជាតិ​វិញ​។

លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យដឹង​នៅ​ថ្ងៃទី​២០ ​ខែមិថុនា​ថា បន្ទាប់ពី​ពិនិត្យ​ឃើញថា ​ការប្រើប្រាស់​សត្វ​ដំរី​ដើម្បី​ដឹក​អ្នក​ទេសចរណ៍​កម្សាន្ត​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ​ធ្វើឱ្យប៉ះពាល់​ដល់​ការរស់នៅ​តាម​បែប​ធម្ម​ជាតិ​របស់​វា​ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ប្រជុំពិភាក្សា​គ្នា​ជា​ មួយ​អ្នកគ្រប់គ្រង​ដំរី​នៅ​តំបន់​អង្គរ​នេះ ​ដើម្បី​រក​ដំណោះស្រាយ​។

នៅក្នុង​កិច្ចប្រជុំ​នោះ​អ្នកគ្រប់គ្រង​សត្វ​ដំរី និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឯកភាពគ្នា​ឱ្យ​ឈប់​ការ​ប្រើប្រាស់​សត្វ​ដំរី ដើម្បី​ដឹក​អ្នកទេសចរ​កម្សាន្ត​នៅត្រឹម​ឆ្នាំ​២០២០​។ ​ហើយ​បញ្ជូន​សត្វ​ដំរី​ទាំងនោះ​ទៅ​មណ្ឌល​អភិរក្ស ​និង​មជ្ឈមណ្ឌល​បង្កាត់​ពូជ ដើម្បី​ឱ្យ​ពួកវា​រស់នៅ​តាម​បែប​ធម្មជាតិ​វិញ​។

លោក អ៊ា​ន គី​រី ប្រធាន​គណៈកម្មាធិការ​ដំរី​អង្គរ​ បានឱ្យដឹងថា​ សត្វ​ដំរី​ដែល​ដឹក​អ្នកទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​បច្ចុប្បន្ននេះ​ មាន​ចំនួន​១៤​ក្បាល ហើយ​ចំពោះ​ព័ត៌មាន​ថា បញ្ឈប់ ​សេវាកម្ម​យក​សត្វ​ដំរី​ដឹក​អ្នកទេសចរ​កម្សាន្ត​នៅ​តំបន់​អង្គរ​នេះ ​លោក​ជា​អ្នកគ្រប់គ្រង​ដំរី​ និង​អនុវត្ត​ទៅតាម​ការសម្រេច​របស់​ក្រុមហ៊ុន ​និង​អាជ្ញាធរ​ជាតិ​អប្សរា​។

លោក ម៉ុង ប៊ុន​លីម ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ បានឱ្យដឹង​ថា ដើម្បី​រក​កន្លែង​ដាក់​សត្វ​ដំរី​ឱ្យ​រស់នៅ​ក្នុងព្រៃ​តាម​បែប​ធម្មជាតិ​វិញ​ខាង​ក្រុមហ៊ុន​គ្រប់គ្រង​ដំរី​នៅ​តំបន់​អង្គរ​បាន​ទាក់ទង​មក​ខាង​រដ្ឋបាល​ព្រៃឈើ ​ដើម្បី​រក​ព្រៃ​ណាមួយ​ក្នុង​ខេត្តសៀមរាប​ ឱ្យ​ពួកវា​រស់នៅ​។​ហើយ​ខាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឯកភាព​ឱ្យ​យក​សត្វ​ដំរី​ទាំងនេះ ​ទៅ​ដាក់​នៅក្នុង​ព្រៃ​សហគមន៍​បុស្ស​ធំ ​ស្ថិតនៅ​ក្នុងស្រុក​សូទ្រនិគម​ខេត្តសៀមរាប ​ដែល​មាន​ផ្ទៃដី​៤០០​ហិកតា​ ។ ​ប៉ុន្តែ​កន្លែង​សម្រាប់​ឱ្យ​សត្វ​ដំរី​រស់នៅ​មាន​ចំនួន ​៤០​ហិកតា​ ដោយ​ធ្វើការ​ផ្លាស់​ទី​ក្នុង​មួយ​ឆ្នាំ​ម្តង​។​ជាមួយគ្នា​នោះ​បើ​សិន​ការ​ខូចខាត​ព្រៃឈើ ​ក្រុមហ៊ុន​គ្រប់គ្រង​សត្វ​ដំរី​នឹង​ត្រូវ​ដាំ​ដើមឈើ​អោយ​សហគមន៍​វិញ​។

លោក​បញ្ជាក់ថា​ ចំពោះ​អ្នកទេសចរ​នៅតែ​អាច​ទៅ​ទស្សនា​សត្វ​ដំរី​នេះ​បាន ​ដោយ​ខាង​ក្រុមហ៊ុន និង​រៀបចំ​កម្មវិធី​ឱ្យ​អ្នកទេសចរ​ទៅ​ទស្សនា​សត្វ​ដំរី​ទាំងនេះ​នៅក្នុង​ព្រៃ​ ដោយ​ខាង​អ្នកគ្រប់គ្រង​ដំរី និង​បង្ហាត់បង្រៀន​ពួកវា​ឱ្យ​ចេះ​គូរ គំនូរ ​ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ ​ដែល​ធ្វើឱ្យ​អ្នកទេសចរ​ចង់​ទស្សនា​​ភាព​ប៉ិនប្រសព្វ​របស់​ពួកវា​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ bayontv