ចំនួនអ្នកស្លាប់ដោយអគារបាក់រលំកើនដល់១៧នាក់ របួស២៤នាក់ គិតត្រឹម…

ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង០៦៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤១រូបក្នុងនោះស្លាប់ចំនួន១៧នាក់ ហើយអ្នករងរបួសចំនួន២៤រូប។

ក្រុមកម្លាំងសង្គ្រោះបានបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់អគារនេះ។ មានក្រុមគ្រួសារមួយចំនួន បានបំពេញបែបប ទយកសពទៅធ្វើបុណ្យ៩នាក់រួចហើយ។​

នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោដនាកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោដនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។

ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង ថវិការនេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia