នេះគឺជាបំណុលរបស់កម្ពុជាទាំងអស់នៅ​ដំណាច់​ឆ្នាំ​២០១៨

រដ្ឋាភិបាល​កម្ពុជា ​គ្រោង​ខ្ចី​ប្រាក់​ប្រមាណ ១៤០០​លាន​ដុល្លារ ដើម្បី​សម្រេច​បាន​នូវ​ទិសដៅ​ថវិកា​ដែល​គ្រោង​ទុក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៨ ដែល​ធ្វើឲ្យ​បំណុល​ជាតិ​គិត​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៨ កើន​ឡើង​ដល់ ៧,៦​ពាន់​លាន​ដុល្លារ ខណៈ​គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១៧ មាន​ចំនួន ៦,២​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ថវិកា​ជាតិ​ឆ្នាំ​២០១៨ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០១៧។

ទំហំ​ប្រាក់​កម្ចី ១៤០០​លាន​ដុល្លារ បាន​មក​ពី​ការ​ចុះ​ហត្ថលេខា​ខ្ចី​លើ​គម្រោង​សរុប​ចំនួន​២៦ ពី​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង និង ឥណ្ឌា។

តាម​ទិន្នន័យ​គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច​ស្ដីពី​បំណុល​សាធារណៈ​កម្ពុជា បាន​បង្ហាញ​ថា ចិន​បាន​ឈរ​លេខ​រៀង​ទី​មួយ ដែល​ជា​ម្ចាស់​បំណុល​ធំ​ជាងគេ​របស់​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ ស្មើ​នឹង ៤២,៩៨%។ បន្ទាប់​មក លេខ​រៀង​ទី​ពីរ​គឺ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ចំនួន​ជាង ២ពាន់​លាន​ដុល្លារ ស្មើ​នឹង ២២,៣៣% លេខ​បី គឺ ប្រទេស​ជប៉ុន ដែល​មាន​ចំនួន​ជាង ១​ពាន់​លាន​ដុល្លារ ស្មើ​នឹង ១១,១២%។ បន្ត​មក​ទៀត គឺ ធនាគារ​ពិភពលោក ដែល​មាន​ចំនួន ៩០០​លាន​ដុល្លារ ស្មើ​នឹង ១០,២០%, កូរ៉េខាងត្បូង ជិត ៧០០​លាន​ដុល្លារ ស្មើ​នឹង ៧,៣៣%, បារាំង ចំនួន​ជាង ១០០​លាន​ដុល្លារ ស្មើ​នឹង ១,៤៥% និង ឥណ្ឌា ជាង ៧៥​លាន​ដុល្លារ ស្មើ​នឹង ០,៨១% ​។

ទោះ​បី​ជា​តួលេខ​នៃ​បំណុល​កើន​ឡើង​ក្ដី ក៏​ក្រសួង​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​បង្កើន​ទំហំ​នៃ​កម្ចី នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​ដល់​កម្ពុជា​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​រំពឹង​ទៅ​លើ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ។ ដូច្នេះ សមត្ថភាព​សង​របស់​កម្ពុជា ក៏​ខ្ពស់​ជាងមុន​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay