កក្រើកវិស័យជំនួញ! ក្រុមហ៊ុនយក្ស និងសេដ្ឋីខ្មែរទាំង ១០ ដែលគ្រប់ដណ្តប់សេដ្ឋកិច្ចនៅកម្ពុជា

ដ្បិត​តែ​ឱកាស​សម្រាប់​ចាប់​ផ្ដើម​មាន​ដូចគ្នា ប៉ុន្ដែ កម្រិត​នៃ​ការ​លូតលាស់​និង​សក្ដានុពល​របស់​ក្រុមហ៊ុន​នីមួយៗ គឺ​មាន​មិន​ដូច​គ្នា​នោះ​ទេ។ ខេមបូណូមីស សូម​លើក​យក​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​ចំនួន​១០ ដែល​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​វាយ​តម្លៃ ឬ​ឲ្យ​ចំណាត់​ថ្នាក់​ផ្លូវ​ការ​នោះ​ទេ ប៉ុន្ដែ វា​គ្រាន់​តែ​ជា​ការ​កត់​សម្គាល់​របស់ ខេមបូណូមីស ប៉ុណ្ណោះ។ 

ក្រុមហ៊ុន​ទាំង​នោះ រួមមាន​ដូច​ខាង​ក្រោម៖

១) ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group)

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា

ចំពោះ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អាច​និយាយ​បាន​ថា គឺ​ជា​ម្ចាស់​អាណាចក្រ​នៃ​វិស័យ​ជំនួញ​នៅ​កម្ពុជា ខណៈ​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ គឺ​ជា​បណ្ដុំ​នូវ​ការ​វិនិយោគ​ធំៗ​រវាង​ក្រុមហ៊ុន​ជា​ដៃគូ​ជា​ច្រើន​មក​ពី​បរទេស។

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​មួយ​នេះ​មាន​វិសាល​ភាព​គ្រប​ដណ្ដប់​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​​ថា គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ការ​វិនិយោគ​ច្រើន​មុខ​ជំនួញ​ជាង​គេ​នៅ​កម្ពុជា តួយ៉ាង ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ ធនាគារ​និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង សណ្ឋាគារ និង​រមណីយ​ដ្ឋាន ការ​អប់រំ អភិវឌ្ឍន៍​អចលន​ទ្រព្យ ការជួញ​ដូរ​ទំនិញ និង​កសិកម្ម​ជា​ដើម។

គួរ​រំលេច​ថា ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បានគេ​​ដឹង​ថា មាន​ការ​គ្រប់គ្រង​ដោយ​មហា​សេដ្ឋី​ល្បី​ឈ្មោះ និង​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​សមរភូមិ​មុខ​ជំនួញ គឺ​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ផង និង​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ផង។

ខាង​ក្រោម​នេះ​ជា​ឈ្មោះ​ក្រុមហ៊ុន ដែល​ស្ថិត​ក្រោម​​ក្រុមហ៊ុន​មេ រ៉ូយ៉ាល់ គ្រុប៖

 

២) ធនាគារ កាណាឌីយ៉ា និង​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា (OCIC)

អ្នកឧកញ៉ា ពុង ឃាវសែ ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​អគ្គនាយក​គ្រប់គ្រងធនាគារកាណាឌីយ៉ា

ធនាគារ​កាណាឌីយ៉ា និង​ក្រុមហ៊ុន OCIC គឺ​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​សកម្ម​លើ​ការ​វិនិយោគ​គម្រោង​ជា​ច្រើន ដោយ​មាន​អ្នក​ឧកញ៉ា ពុង ឃាវសែ ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល និង​ជា​អគ្គនាយក​គ្រប់គ្រង។ 

OCIC អាច​និយាយ​បាន​ថា គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​មួយ ដែល​បាន​និង​កំពុង​វិនិយោគ​លើ​គម្រោង​អចលន​ទ្រព្យ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា ហើយ​ក្រោម​ការ​គ្រប់គ្រង​របស់​តារា​ជំនួញ​អាត់កឺ ពុង ឃាវសែ ក្រុមហ៊ុន​នេះ បាន​វិនិយោគ​លើ​ការ​សាងសង់​បង្កើត​ទីក្រុង​រណប​ធំៗ​ចំនួន​២ គឺ​ទីក្រុង​រណប​កោះ​ពេជ្រ និង​ទីក្រុង​រណប​ជ្រោយ​ចង្វារ ដែល​គម្រោង​នីមួយៗ​មាន​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ។

ក្រៅ​ពី​ទី​ក្រុង​រណប ក្រុមហ៊ុន​នេះ​ក៏​មាន​វិនិយោគ​លើ​គម្រោង​លំនៅឋាន​និង​អគារ​ពាណិជ្ជ​កម្ម​ជា​ច្រើន​កន្លែង​ផង​ដែរ ដូចជា បុរី​ទន្លេ​បាសាក់ បុរី​ចម្ការមន បុរី​វីរជន សាន់វ៉េ ស៊ីធី គម្រោង​អូឡាំព្យា ស៊ីធី ផ្សារ​ទំនើប រតនាផ្លាហ្សា សូរិយា សុវណ្ណា អគារ​ខុនដូរ សណ្ឋាគារ ហើយ​ថ្មីៗ​នេះ​ក៏​កំពុង​សាង​សង់​លើ​គម្រោង​បុរី​សង្ឃឹម​ថ្មី (New Hope) ដែល​ជា​លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​ទាប​-មធ្យម និង​បាន​សាងសង់​បុរី​លំនៅ​ឋាន​នៅ​តាមបណ្ដា​ខេត្ត​ជា​ច្រើន​ទៀត​ផង​ដែរ ។ល។

ងាក​មក​ជំនួញ​ធនាគារ​និង​ហិរញ្ញ​វត្ថុ​​វិញ លោក​អ្នក​ប្រហែល​ស្គាល់​ច្បាស់​ហើយ​ពី​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​របស់​ធនាគារ​កាណាឌីយ៉ា ដែល​មាន​សាខា​រាប់​សិប​កន្លែង​នៅ​ទូទាំង​ប្រទេស និង​១​សាខា​នៅ​ប្រទេស​ឡាវ។ លើស​ពី​នេះ ក្រោម​សហវិនិយោគ​ជាមួយ​នឹង​ដៃគូ​ពី​ក្រៅ​ប្រទេស ធនាគារ​កាណាឌីយ៉ា ក៏​មាន​បង្កើត​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត សុវណ្ណភូមិ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កម្ពុជា​-វៀតណាម ផង​ដែរ។ 

មិន​តែ​ប៉ុណ្ណោះ ក្រោម​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​របស់​កាណាឌីយ៉ា ក៏​មាន​ការវិនិយោគ​លើ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែល​មាន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ផ្សារ និង​ឃ្លាំង​ស្ដុក​ទំនិញ​ជា​ច្រើន​ផ្សេង​ទៀត។ល។

៣) ក្រុមហ៊ុន ជីបម៉ុង គ្រុប (Chip Mong Group)

ក្រុមហ៊ុន​ជីបម៉ុង គ្រុប នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ ខណៈ​ថ្មីៗ​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​លើ​ការ​សាងសង់​គម្រោង​លំនៅ​ឋាន​លំដាប់​ខ្ពស់​ជា​ច្រើន​កន្លែង។

ថ្មីៗ​នេះ​ផង​ដែរ ក្រុមហ៊ុន​ ជីបម៉ុង ក៏​បាន​បង្កើត​រោងចក្រ​ដ៏​ធំ​ចំនួន​ពីរ​ទៀត សម្រាប់​ការ​ផលិត​ចំណី​សត្វ និង​ស៊ីម៉ងត៍។ ក្រៅពី​ការ​វិនិយោគ​លើ​គម្រោង​ថ្មី​នេះ ជីបម៉ុង ក៏​មាន​មុខ​ជំនួញ​ជា​ច្រើន​ទៀត ដូចជា រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា និង​ភេសជ្ជៈ​ជា​ច្រើន​មុខ នាំ​ចូល​ផលិត​ផល​គ្រឿង​សំណង់ គ្រឿង​សម្រាប់​តុបតែង​លំនៅ​ដ្ឋាន និង​នាំ​ចូល​ផលិតផល​ចំណី​អាហារ​ច្រើន​ទៀត​ផង​ដែរ។

ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​លើ​វិថី​ជំនួញ​មួយ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ការ​គ្រប់គ្រង​ផ្ទាល់​ពី​សំណាក់​លោក​ជំទាវ​ ឧកញ៉ា ភាព ហៀក ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន និង​ដោយ​មាន​ជំនួយ​ការងារ​ពី​កូនប្រុស​ដ៏​ល្បី​ឈ្មោះ​ទាំង​ពីរ​របស់​លោក​ជំទាវ គឺ​លោក​ឧកញ៉ា លាង ម៉េង និង​លោក​ឧកញ៉ា លាង ឃុន។

៤) ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ (Attwood Import Export)

លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អ៊ែតវូត

ក្រោមការ​ដឹកនាំ​របស់​លោក​ជំទាវ ឧកញ៉ា លឹម ឈីវហូ តាំង​ពី​ទសវត្សរ៍​ទី​៩០​មក ក្រុមហ៊ុន អ៊ែតវូត បាន​បន្ត​នូវ​កិត្យានុភាព និង​បាន​កសាង​អាណាចក្រ​អាជីវកម្ម​របស់​ខ្លួន​មិន​ចាញ់​ក្រុមហ៊ុន​ក្នុង​ស្រុក​គ្រាក់ៗ​ដទៃ​ទៀត​នោះ​ឡើយ។ 

ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ តាមរយៈ​ការ​រក​ស៊ី​នាំ​ចូល​នូវ​ផលិតផល​ស្រា​ម៉ាក​ល្បីៗ ដែល​មាន​តម្លៃ​ខ្ពស់​មក​លក់​នៅ​កម្ពុជា ដូចជា Johnnie Walker, Hennessy, Kickapoo Joy Juice និង Corona ជាដើម។

ក្រៅពី​នេះ ក្រុមហ៊ុន​ អ៊ែតវូត ក៏មាន​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​កន្លែង តួយ៉ាង​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ប៉ោយប៉ែត ដែល​បាន​និង​កំពុង​ផ្ដល់​នូវ​ឱកាស​វិនិយោគ ក៏ដូចជា​ការបង្កើត​ការងារ​ជា​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ។ 

មិន​តែ​ប៉ុណ្ណោះ ថ្មីៗ​នេះ ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​វិនិយោគ​សាងសង់​សាលារៀន​អន្តរជាតិ​ដ៏​ធំ​មួយ​ទៀត និង​គ្រោង​វិនិយោគ​សាងសង់​មជ្ឈ​មណ្ឌល​សម្រាប់​ទទួលមនុស្ស​ចាស់​ជរា​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ។ សូម​បញ្ជាក់​ថា ក្រៅ​ពី​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន អ៊ែត​វូត ក៏​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ប្រទេស​ឡាវ​ផង​ដែរ។

៥) ក្រុមហ៊ុន អិល​.វ៉ាយ​.ភី គ្រុប (L.Y.P Group)

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល ក្រុមហ៊ុន LYP Group

L.Y.P Group ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មេ​ដ៏​ធំ​មួយ ដែល​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មិន​តិច​ជាង​១០​នោះ​ទេ។ ក្រុមហ៊ុន​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​អំឡុង​ទសវត្សរ៍​ទី​៩០ ដោយ​មាន​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ជា​ស្ថាបនិក និង​ត្រូវ​បាន​មហាជន​ឲ្យ​រហ័ស​នាម​ថា ជា​«ស្តេច​កោះកុង» ព្រោះ​គាត់​មាន​ដើម​កំណើត និង​បាន​កសាង​អាជីវកម្ម​ឡើង​ចេញ​ពី​ខេត្ត​ជាប់​ទល់ដែន​ថៃ​មួយ​នេះ និង​បាន​ចាក់​ឫស​យ៉ាង​រឹង​មាំ និង​ពង្រីក​ខ្លួន​ជា​បន្ត​បន្ទាប់។

មុខ​ជំនួញ ក្រោម​កិត្តនាម​ក្រុមហ៊ុន អិល.វ៉ាយ.គ្រុប មាន​គ្រប់​ដណ្ដប់​លើ​វិស័យ​ជា​ច្រើន​នៅ​កម្ពុជា ដូចជា សណ្ឋាគារ និង​កម្សាន្ដ ក្រុមហ៊ុន​នេះ​មាន​កាន់កាប់​រហូត​ដល់​៦​កន្លែង​ក្នុង​នោះ៖

  • រមណីយដ្ឋាន​កោះកុង ដែល​ជា​សណ្ឋាគារ​ផ្កាយ ៥ និង​កាស៊ីណូ ស្ថិត​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​ថៃ ក្បែរ​ច្រក​ព្រំដែន​អន្តរ​ជាតិ ចាំយាម។
  • សណ្ឋាគារ​ភ្នំពេញ លំដាប់​ផ្កាយ​៤ ស្ថិត​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។ 
  • សណ្ឋាគារ និង​កាស៊ីណូ អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា ជាប់​នឹង​ព្រំដែន​ថៃ។ 
  • សណ្ឋាគារ ហ្គាឌិន ស៊ីធី (Garden City Hotel) នៅ​ភ្នំពញ ចន្លោះ​ផ្លូវ​ជាតិ​លេខ​៥ និង​លេខ​៦។
  • ក្លិប​វាយ​កូន​ហ្គោល ហ្គាឌិន ស៊ីធី ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​នឹង​សណ្ឋាគារ ហ្គាឌិន ស៊ីធី។
  • សួនសត្វ សាហ្វារី វើល ភ្នំពេញ ដែល​រើ​យក​មក​ពី​ខេត្ត​កោះកុង ដែល​គ្រោង​នឹង​បើក​សម្ពោធ​ឲ្យ​សាធារណ​ជន​ចូល​ទស្សនា​នា​ចុង​ឆ្នាំ​២០១៧​នេះ។

ក្រៅ​ពី​វិស័យ​សណ្ឋាគារ​និង​រមណីយ​ដ្ឋាន ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប ក៏​មាន​វិនិយោគ​លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សេវា​ទឹក​ភ្លើង​សម្រាប់​ផ្គត់ផ្គង់​នៅ​ទូទាំង​ខេត្ត​កោះកុង និង​ខេត្ត​ឧត្តរ​មាន​ជ័យ​ផង​ដែរ។ ជា​មួយ​គ្នានេះ ក្រុមហ៊ុន​នេះ​ក៏​មាន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ដែរ តួយ៉ាង រោងចក្រ​ផលិត​ស្ករ​ស ភ្នំពេញ ស៊ូហ្គើរ ត្រូវ​បាន​វិនិយោគ​ក្រោម​ទឹក​ប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ និង​មាន​ការ​វិនិយោគ​លើ​ចម្ការ​កៅស៊ូ នៅ​ខេត្ត​ត្បូង​ឃ្មុំ​ផង​ដែរ។

 ងាក​ទៅ​មើល​វិស័យ​ជួញ​ដូរ​ទំនិញ​វិញ ក្រុមហ៊ុន​នេះ​ក៏​ជា​តំណាង​ចែក​ចាយ​ផ្ដាច់​មុខ​ដ៏​ធំ​នូវ​ផលិត​ផល​ជា​ច្រើន​សម្រាប់​ទីផ្សារ​កម្ពុជា រួម​មាន បារី ភេសជ្ជៈ ជា​ច្រើន​មុខ និង​ការ​នាំចូល​រថយន្ដ​ជាដើម ហើយ​កាល​ពី​ពេល​​ថ្មី​នេះៗ ក្រុមហ៊ុន​មួយ​នេះ​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ វិនិយោគ​លើ​ផ្សារ​លក់​ទំនិញ​បោះដុំ​និង​លក់​រាយ​ដ៏​ធំ​ពី​ប្រទេស​ថៃ Makro ដែល​នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ 

នៅ​មិន​ទាន់​អស់​នោះ​ទេ ក្រុមហ៊ុន​របស់​អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក៏​មាន​វិនិយោគ​ទីក្រុង​រណប​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​ច្រើន​កន្លែង​ផង​ដែរ ព្រម​ជាមួយ​នឹង​ការ​វិនិយោគ​លើ​ស្ថានីយ​ទូរទស្សន៍​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា គឺ​ស្ថានីយ​ទូរទស្សន៍ PNN ដែល​កំពុង​ឈរ​លំដាប់​នាំមុខ​គេ​មួយ​លើ​ទីផ្សារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

៦) ក្រុមហ៊ុន សូគីមិច អ៊ីនវេសមិន គ្រុប (Sokimex Investment Group)

លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សូគីមិច អ៊ីនវេសមិន គ្រុប

លោក​អ្នក​ភាគ​ច្រើន​ប្រហែល​ជា​ធ្លាប់​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​ឈ្មោះ​ស្ថានីយ​ប្រេង​ឥន្ធនៈ សូគីមិច ដែល​មាន​សាខា​នៅ​ទូទាំង​ប្រទេស ប៉ុន្ដែ មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ ដែល​បាន​ជ្រាប​ច្បាស់​ពី​ក្រុមហ៊ុន ក៏​ដូចជា​អាជីវកម្ម​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​ស្ថិត​នៅ​ក្រោម​ក្រុមហ៊ុន​សូគីមិច អ៊ីនវេសមិន គ្រុប មួយ​នេះ។

បើ​តាម​គេហ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម​ឡើង​ដំបូង​ពី​ក្រុមហ៊ុន​ផលិត​និង​នាំ​ចេញ​កៅស៊ូ​នៅ​កម្ពុជា​នៅ​ឆ្នាំ១៩៩០ ហើយ​ក៏​បាន​​និង​កំពុង​បន្ត​អភិវឌ្ឍ​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​របស់​សេដ្ឋកិច្ច​កម្ពុជា។

សណ្ឋាគារ សុខា ភ្នំពេញ នៅ​ត្រើយ​ម្ខាង​ទល់​មុខ​ព្រះ​បរម​រាជ​វាំង រាជ​ធានី​ភ្នំពេញ

ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​​លោក​ឧកញ៉ា សុខ គង់ ក្រុមហ៊ុន​វិនិយោគ​ក្នុង​ស្រុក​ដ៏​ធំ​មួយ​នេះ​កំពុង​មាន​ប្រតិបត្តិការ​លើ​អាជីវកម្ម ក៏​ដូចជា​ការ​វិនិយោគ​ធំៗ​ជា​ច្រើន​នៅ​កម្ពុជា តួយ៉ាង សណ្ឋាគារ​សុខា ភ្នំពេញ សុខា អង្គរ រីសត រមណីយ​ដ្ឋាន​ឆ្នេរ​សមុទ្រ សុខា នៅ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​ឋាន​សួគ៌​បូកគោ កាស៊ីណូ នៅ​ខេត្ត​ព្រះសីហនុ ការ​វិនិយោគ​លើ​គម្រោង​អចលន​ទ្រព្យ​មួយ​ចំនួន រោងចក្រ​កាត់ដេរ ​និង​មាន​ស្ថានីយ​ប្រេង​​ឥន្ធនៈ សូគីមិច ជា​ច្រើន​សាខា​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​ក្រុមហ៊ុន​នេះ​ក៏​មាន​ស្ថានីយ​ធំ​សម្រាប់​ផ្ទុក​និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ​ដ៏​ធំជាង​គេ​នៅ​កម្ពុជា​ផង​ដែរ។

៧) ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (Mong Reththy Group)

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ជាសមាជិក​ព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ហ៊ុន​ម៉ុង​ឬទ្ធី​គ្រុប

ឈ្មោះ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បច្ចុប្បន្ន ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សេដ្ឋី​ចិត្ត​ធម៌​មួយ​រូប ដោយសារ​តែ​លោក​ជា​រឿយៗ តែងតែ​បង្ហាញ​នូវ​សមានចិត្ត​ជាមួយ​អ្នក​ទីទាល់​ក្រ ពិសេស តាម​រយៈ​បណ្ដាញ​សង្គម។ 

ទន្ទឹម​នឹង​នេះ លោក​ក៏​ត្រូវ​បាន​មហាជន​ស្គាល់​ថា ជា​សហគ្រិន​កសិកម្ម​ដ៏​លេច​ធ្លោ​របស់​កម្ពុជា​មួយ​រូប​ផង​ដែរ ដោយសារ​តែ​ក្រុមហ៊ុន​របស់​លោក បាន​និង​កំពុង​ពង្រីក​វិនិយោគ​លើ​វិស័យ​នេះ​គួរ​ឲ្យ​កត់​សម្គាល់។

ជំនួញ​កសិកម្ម​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ច្បាស់​ពី​ក្រុមហ៊ុន ម៉ុង ឫទ្ធី គឺ​ការ​ដាំ​ដុះ​ដូង​ប្រេង ប៉ុន្ដែ បើ​និយាយ​ពី​ជំនួញ​ដំបូង​របស់​ក្រុមហ៊ុន​នេះ មិន​មែន​ជា​ការ​ដាំ​ដុះ​ដូង​ប្រេង​នោះ​ឡើយ តែ​វា​ជា​ក្រុមហ៊ុន​សំណង់​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៨៩ ដោយ​ទទួល​សាងសង់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​កម្ពុជា ដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរ​ពេទ្យ និង​អគារ​រដ្ឋាភិបាល​ជាដើម។ នេះ​បើ​យោង​តាម​ការ​កត់ត្រា​ពី​គេហ​ទំព័រ​​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​មួយ​នេះ។

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប

បន្ទាប់​ពី​ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត និង​ចម្ការ​ដូង​ប្រេង​ជាង ១៦០០​ហិកតា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏​មាន​ប្រតិបត្តិការ​លើ​ជំ​នួញ​ធំៗ​ជាច្រើន​ទៀត ដូចជា កំពង់​ផែ​សមុទ្រ ឧកញ៉ា ម៉ុង នៅ​ខេត្ត​ព្រះ​សីហនុ វិនិយោគ​លើ​ចម្ការ​កៅស៊ូ​រាប់​លាន​ដើម ដាំ​ដុះ​និង​នាំ​ចេញ​ផ្លែ​ស្វាយ ផលិត​និង​នាំ​ចេញ​អង្ករ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ក្រុមហ៊ុន​នាំ​ចូល​ចែក​ចាយ​ផលិត​ផល​គ្រឿង​ចក្រ​សម្រាប់​វិស័យ​កសិកម្ម និង​វិស្វកម្ម។

ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន​នេះ​ក៏​បាន​វិនិយោគ​លើ​ការ​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ដ៏​ធំ ដោយ​ចំណាយ​ដើម​ទុន​រាប់​លាន​ដុល្លារ​ផង​ដែរ។

៨) ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប (WorldBridge Group)

លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន WorldBridge Group

ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​បំផុត តាម​រយៈ​ការ​វិនិយោគ​សាង​សង់​គម្រោង​អគារ​ខុន​ដូ​ខ្ពស់ៗ​នៅ​កម្ពុជា ដូចជា អគារ​ខុន​ដូ The Bridge និង The Peak ជា​ដើម។ ប៉ុន្ដែ បើ​យើង​និយាយ​ពីក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​មាន​នៅ​ក្រោម វើលប្រ៊ីដ គ្រុប មាន​​ជាង ៣០​ក្រុមហ៊ុន​ឯណោះ។

ក្រុមហ៊ុន WorldBridge Group របស់​លោក​ឧកញ៉ា សៀ ឫទ្ធី

ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុ​វិស័យ​របស់​ឧកញ៉ា សៀ ឫទ្ធី ដែល​ផ្ដើម​ឡើង​ពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តូច​មួយ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​នេះ ហាក់​​កំពុង​ឡើង​កូដ​ក្រឺតៗ ដោយ​បាន​ពង្រីក​ខ្លួន​ជា​បន្ត​​បន្ទាប់ និង​មាន​ការ​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ជាច្រើន តួយ៉ាង ក្នុង​វិស័យ​អចលន​ទ្រព្យ ក្រុមហ៊ុន​បាន​និង​កំពុង​វិនិយោគ​លើ​គម្រោង​លំនៅឋាន និង​ខុនដូ The Bridge, The Peak, The Palm និង​គម្រោង​លំនៅឋាន​​សម្រាប់​អ្នក​ចំណូល​ទាប​ជាដើម។ លើស​ពី​នេះ លោក​ឧកញ៉ា សៀ ឫទ្ធី ក៏​បាន​វិនិយោគ​និង​សហការ​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន​ក្រុមហ៊ុន​ផង​ដែរ។

គម្រោង​អគារ​ខុនដូ​ប្រណីត The Peak ដែល​កំពុង​សាងសង់​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

ងាក​ទៅ​ផ្នែក​សេវា​ហិរញ្ញ​វត្ថុ​វិញ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សៀ ឫទ្ធី ក៏​មាន​បង្កើត​ធនាគារ​ឯកទេស Oxley Worldbridge និង​ហាង​បញ្ចាំ Cash U Up ជាដើម។ មិន​ទាន់​អស់​នោះ​ទេ ក្រុមហ៊ុន​នេះ ក៏​មាន​វិនិយោគ​​លើ​វិស័យ​ជា​ច្រើន​ទៀត​ ដូចជា ភោជនីយ​ដ្ឋាន​និង​ផ្នែក​បច្ចេក​វិទ្យា ផង​ដែរ។

ដោយ​ឡែក ថ្មីៗ​នេះ ក្រុមហ៊ុន World Bridge Group ក៏ទើប​តែ​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​របស់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ និង​ទើប​តែ​សហការ​ជាមួយ​ដៃគូ​ក្រៅ​ស្រុក​បង្កើត​រោងចក្រ​ដំឡើង ​និងផលិត​រថយន្ដ​ធុន​ធំ​ម៉ាក កាំម៉ាស់ ហើយ​ក៏​ទើប​តែ​បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា​ជាមួយ​ក្រុមហ៊ុន Sino Great Wall International ដ៏​ធំ​របស់​ចិន ដើម្បី​វិនិយោគ​លើ​ការ​សាងសង់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល​ផង​ដែរ។ 

លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប ក៏​មាន​ប្រតិបត្តិការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ ដូចជា នៅ​ប្រទេស​ឡាវ និង​ភូមា។

៩) ក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group)

លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ គ្រុប

ផ្ដើម​ចេញ​ពី​ដើម​ទុន​មាស​២​ជី ពាណិជ្ជករ​ដ៏​លេច​ធ្លោ លោក​ឧកញ៉ា លី ហួរ បាន​និង​កំពុង​ពង្រីក​អាណាចក្រ​អាជីវកម្ម​របស់​ខ្លួន​កាន់​តែ​ធំ​ឡើងៗ។ បន្ទាប់​ពី​ការ​ហែល​ឆ្លង​ក្នុង​វិថី​ជំនួញ​ជិត​៣​ទសវត្សរ៍​កន្លង​មក​នេះ ក្រុមហ៊ុន លី ហួរ គ្រុប ក៏​មាន​ចំណែក​ទីផ្សារ​ធំ​គួរ​សម​ដែរ នៅ​ក្នុង​ចរន្ដ​សេដ្ឋកិច្ច​កម្ពុជា ពោល​បើ​គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន លី ហួរ គ្រុប មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ប្រមាណ​១០​ក្រុមហ៊ុន​ធំៗ។ 

ក្នុង​នោះ ជំនួញ​មួយ​​ក្នុង​ចំណោម​ជំនួញ​ជា​ច្រើន​ផ្សេង​ទៀត ដែល​មហា​ជន​ស្គាល់​ច្បាស់​ជាង​គេ​នោះ គឺ លីហួរ ប្តូរ​ប្រាក់ និង លីហួរ វេរ​លុយ។

បុរី​វិមាន​ភ្នំពេញ ដែល​ជា​គម្រោង​លំនៅឋាន​វិនិយោគ​ដោយ​​ក្រុមហ៊ុន លី ហួរ គ្រុប

ក្រៅ​ពី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ គ្រុប ក៏​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ផ្សេង​ទៀត ដូចជា ក្រុមហ៊ុន លីហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​លក់​គ្រឿង​អលង្ការ ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ឋាន បុរី វិមាន ភ្នំពេញ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ លីហួរ ក្រុមហ៊ុន ទេពី (Tepi) វិនិយោគ កសិ-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ  និង​ក្រុមហ៊ុន លីហួរ លីស៊ីង (ជួល​រថយន្ត) ជា​ដើម។ 

នៅ​មិន​ទាន់​ចប់​នោះ​ទេ បើ​តាម​ប្រសាសន៍​របស់​ឧកញ៉ា លី ហួរ ធ្លាប់​បាន​ប្រាប់ ខេមបូណូមីស ថា ឆាប់ៗ​ខាង​មុខ​នេះ ក្រុមហ៊ុន លីហួរ ក៏​មាន​គម្រោង​វិនិយោគ​លើ​ជំនួញ​ថ្មីៗ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។

១០) ក្រុមហ៊ុន វឌ្ឍនៈ អ៊ីនវេសមិន (Vattanac Investment)

លោកឧកញ៉ា សំ អាង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមិន

លោក​អ្នក​ភាគ​ច្រើន ពិសេស អ្នក​រស់​នៅ​ភ្នំពេញ ប្រហែល​ជា​បាន​ស្គាល់​ច្បាស់​ពី​អគារ​ពាណិជ្ជ​កម្ម វឌ្ឍនៈ ថៅវើ កម្ពស់​៣៩​ជាន់ ដែល​ជា​អគារ​ដ៏​ខ្ពស់​ជាង​គេ​បំផុត​នៅ​កម្ពុជា ដែល​បាន​សាងសង់​រួច​រាល់ និង​កំពុងដំណើរការ​ជួល​នា​ពេល​បច្ចុប្បន្ន​នេះ។ 

ក្រៅ​ពី​ការ​វិនិយោគ​សាងសង់​អគារ​ខ្ពស់ ដែល​មាន​រូបរាង​ស្រដៀង​នឹង​សត្វ​នាគ​មួយ​នេះ ក្រុមហ៊ុន​នេះ​ក៏​មាន​ការ​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ដូចជា ធនាគារ​វឌ្ឍនៈ សួន​ឧស្សាហ​កម្ម វឌ្ឍនៈ ពីរ​កន្លែង​ដែល​មាន​រោងចក្រ​ជាច្រើន និង​ផ្ដល់​ការងារ​ដល់​ប្រជាជន​ជា​ច្រើន​ម៉ឺន​នាក់​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​នេះ​ក៏​បាន​នាំ​ចូល​នូវ​ម៉ាក​ម៉ូដ​អន្តរជាតិ​ល្បីៗ​ជា​ច្រើន ដូចជា សម្លៀក​បំពាក់ ស្បែក​ជើង កាបូប និង​គ្រឿង​សម្អាង​ជា​ដើម។ល។ ពាណិជ្ជករ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ ត្រូវ​បាន​គេ​ស្គាល់ថា គឺ​លោក​ឧកញ៉ា សំ អាង។ 

វត្តមាន​របស់​អគារ​វឌ្ឍនៈ ត្រូវ​បាន​គេ​មើល​ឃើញថា​ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្ដានុពល​នៃ​ទីផ្សារ​អចលន​ទ្រព្យ​របស់​កម្ពុជា ខណៈ​ដែល​វត្តមាន​របស់​គម្រោង​អគារ​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត បាន​និង​កំពុង​ចាប់​ផ្ដើម​រីក​ដុះ​ឡើង​ជា​បន្ត​បន្ទាប់​រហូត​មក​ទល់​បច្ចុប្បន្ន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambonomist