កក្រើកពិភពសិល្បះហើយ! មកដឹងពីតម្លៃការរៀបចំមង្គលការរបស់សុគន្ធ នីសា ពិតជាមិនធម្មតានោះទេ

ការសារភាពចូលរោងការនៅដើមខែធ្នូ ឆ្នាំ២០១៧ របស់អ្នកចម្រៀងល្បីល្បាញឈ្មោះ សុគន្ធ និសា បង្កឱ្យមន្ត្រីធំៗ​ ឧកញ៉ា មហាសេដ្ឋីជាច្រើនរូប មានការភ្ញាក់ផ្អើល និងជ្រួលជ្រើមពេញផ្ទៃប្រទេស ហើយម្នាក់ៗបានចោទជាសំណួរថា តើអនាគតស្វាមីសុគន្ធ និសា មានចំណុចពិសេសយ៉ាងណា បានជាតារារូបនេះ សុខចិត្តចោលតំណែងជាជំទាវ ហើយសម្រេចចិត្តផ្ញើខ្លួនជាមួយប្រុសខ្មែរអាមេរិក? ជាមួយនេះ មានព័ត៌មានថា និសា បានត្រៀមថវិកា១០ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីមង្គលការរបស់នាងឱ្យអធិកអធម…។

សុគន្ធ និសា បានសារភាពថា នាងពិតជាចូលរោងការនៅអំឡុងខែធ្នូ ឆ្នាំ២០១៧ មែន តែតារាចម្រៀងហង្សមាស រូបនេះ មិនទាន់បញ្ជាក់ថា កូនកំលោះដែលនឹងក្លាយទៅជាអនាគតប្តីស្របច្បាប់របស់នាងនាពេល១ខែទៀតនេះ ជាអ្នកណាឡើយ ទើបធ្វើឱ្យអ្នកខ្លះនៅមានចម្ងល់ថា តើនិសា ជ្រើសប្តីជាប្រុស ក្នុងឬក្រៅស្រុក? ប៉ុន្តែ ទោះជាសុគន្ធ និសា មិនបានប្រាប់ថា អនាគតស្វាមីនាងជាប្រុសមួយណាក៏ដោយ តែអ្នកដែលស្និទ្ធនឹងអ្នកចម្រៀងល្បីឈ្មោះរូបនេះ គឺច្បាស់ណាស់ថា និសា នឹងក្រាបផ្ទឹមជាមួយបណ្តូលចិត្តរបស់នាង គឺ១០០ភាគរយ បុរសនោះគ្មានអ្នកណាក្រៅពីលោកសាំបា ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក នោះឡើយ ហើយពេលនេះលោកក៏មានភាគហ៊ុននៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife។

ប្រភពបានឱ្យដឹងថា ពេលនេះ សុគន្ធ និសា បានសម្រិតសម្រាំងឈ្មោះតារាសិល្បករល្បីឈ្មោះទាំងអស់នៅក្នុងស្រុក ដើម្បីទៅចូលរួមកម្មវិធីពិសេសរបស់នាង ដែលក្នុង១ជីវិតមានតែម្តងនោះ ហើយសម្រាប់តារាដែលនាងត្រូវអញ្ជើញនោះ គឺសឹងតែគ្រប់រូបគ្មានចន្លោះអ្នកណាឡើយ គឺឱ្យតែល្បីឈ្មោះនាងហៅទាំងអស់។

ព័ត៌មានបានឱ្យដឹងថា សម្រាប់ភ្ញៀវរបស់ប្តីសុគន្ធ និសា វិញភាគច្រើនលោកសាំបា បានហៅអ្នកជំនួញធំដែលរកស៊ីជាមួយលោកនៅក្រុមហ៊ុន Manulife និងអាណិកជនខ្មែរ-អាមេរិក មួយចំនួនផងដែរ ហេតុនេះហើយមង្គលការរបស់និសា និងលោកសាំបា មានការចំណាយទឹកប្រាក់មិនក្រោម១០ម៉ឺនដុល្លារឡើយ ហើយមង្គលការរបស់ និសា នឹងរៀបចំឡើងនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែលភ្នំពេញ។

សុគន្ធ និសា បានស្វែងយល់ចិត្តថ្លើមអាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ដោយពួកគេបានរួមរស់ជាមួយគ្នាក្នុងនាមគូដណ្តឹង រយៈពេលជាង៦ឆ្នាំ ទម្រាំសម្រេចចិត្តជ្រើសរើសស្នេហ៍ “ជួញឆ្ងាយប្រសើរជាងជួញជិត” នេះ។
ការលាភាពនៅលីវរបស់សុគន្ធ និសា នេះដែរ គឺស្របពេលដែលអតីតសង្សារ៧ឆ្នាំរបស់នាង លោកសុខ ជំនោរ បានដឹកដៃសង្សារថ្មី ស្រី សុរង្សី ភ្ជាប់ពាក្យជាចំហ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ហើយពួកគេនឹងចូលរោងការនៅខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សុគន្ធ និសា ដែលត្រូវអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបង្អាប់ថា កាលចូលសិល្បៈដំបូង មានសម្រស់ចាញ់គូដណ្តឹងលោកជំនោរ ហើយមិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះ មិនរារែកចិត្តទៀតឡើយ គឺនាងត្រូវតែក្រាបផ្ទឹមតាមប្រពៃណីខ្មែរ ដែលអាចនឹង រៀបចំនៅថ្ងៃទី០១ ឬ១២ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ ដើម្បីកុំឱ្យចាញ់លោកសុខ ជំនោរ ព្រោះថា មង្គលការតារាហង្សមាស រូបនេះ ក្រោយលោកជំនោរ តែ១ខែប៉ុណ្ណោះ។

ការសារភាពថា នឹងលាភាពក្រមុំរបស់សុគន្ធ និសា ត្រឹមខែធ្នូ ឆ្នាំ២០១៧ នេះ បានធ្វើឱ្យប្រុសៗមានអំណាច មន្ត្រីធំៗ និងលោកឧកញ៉ាមិនតិចរូបឡើយ ដែលស្តាយស្នេហ៍តារាចម្រៀងល្បីរបស់ផលិតកម្មរស្មីហង្សមាស នេះ ពិសេស គឺលោកផ្កាយ២ ដែលជាប្អូនលោកផ្កាយ៤ម្នាក់ ដ៏មានអំណាចនោះ គឺនឹងអស់សិទ្ធិតាមស្នេហ៍និសា ដូចមុនទៀតហើយ ព្រោះថា និសា មិនចាប់អារម្មណ៍តំណែងជាជំទាវទេ ហើយបុរសដែលនាងនឹងផ្ញើវាសនាមួយជីវិតនោះ គឺលោកសាំបា ឯណោះទេ ដែលអាចយកឈ្នះប្រុសៗមហាសេដ្ឋីនៅស្រុកខ្មែរទាំងឡាយបាននាពេលនេះ។

សុគន្ធ និសា អាយុ៣៤ឆ្នាំ ជាអតីតជ័យលាភីលេខ១ ផ្នែកចម្រៀងសម័យប្រចាំខេត្តក្រចេះ មានទំនាក់ទំនងស្នេហ៍ជាមួយលោកសាំបា កាលពីឆ្នាំ២០១១ អំឡុងពេលដែលនាងចេញទៅច្រៀងសម្តែងនៅអាមេរិក ហើយអាណិកជនខ្មែរ នៅអាមេរិករូបនោះ ធ្វើជាអ្នកធានានិសា ដោយរ៉ាប់រងក្នុងការស្នាក់នៅ និងថ្លៃសំបុត្រយន្តហោះ គឺពេលនោះហើយដែលនិសា បានផ្តាច់ស្នេហ៍ជាមួយអតីតសង្សារ លោកសុខ ជំនោរ ដោយគ្មានអាល័យ បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់៧ឆ្នាំនោះ។

មង្គលការរបស់សុគន្ធ និសា នាពេលនេះ គឺគ្មានឧបសគ្គឡើយ ព្រោះនាងនិងលោកសុខ ជំនោរ បានបញ្ចប់និស្ស័យស្នេហ៍អស់ទៅហើយ និងពេលនេះ ពួកគេមានថ្មីរៀងៗខ្លួន ប៉ុន្តែការគ្រងឈុតកូនក្រមុំមែនទែនរបស់និសា នៅពេលនេះ គឺមិនត្រឹមតែធ្វើឱ្យមន្ត្រីធំៗជ្រួលជ្រើមស្តាយស្នេហ៍ ហើយមហាជនជាច្រើនបានចាប់អារម្មណ៍ខ្លាំងនោះឡើយ តែក៏ធ្វើឱ្យតារាស្រីល្បីឈ្មោះជាច្រើនដួងទៀត មានការស្រឡាំងកាំងមិនតិចដែរ ដូចជា មាស សុខសោភា, ឱក សុគន្ធកញ្ញា, សុខ ពិសី, អ៊ីវ៉ា , ម៉ាក សែនសូនីតា, មាន សូនីតា, នៅ សុនិតា, ឌុច លីដា ជាដើម ដែលគេដឹងថា ពេលនេះ សុទ្ធតែមានបណ្តូលចិត្តរៀងៗខ្លួន តែពួកគេមិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះ។

អ្នកស្រីឌី សាវ៉េត តារាភាពយន្តជើងចាស់ ធ្លាប់និយាយថា ការចូលរោងការរបស់តារាស្រី នឹងមិនប៉ះពាល់ខ្លាំងដល់អាជីពសិល្បៈរបស់ពួកគេឡើយ ព្រោះជាធម្មតាមនុស្ស គឺត្រូវតែមានគូ គេចមិនផុតទេ ហើយម្នាក់ៗមិនអាចរស់នៅម្នាក់ឯងបានឡើយ អីចឹងត្រូវតែរៀបការតាមប្រពៃណីខ្មែរ ព្រោះយើងមិនមែនអឺរ៉ុបទេ។ ចំពោះតារាមួយចំនួនដែលរស់នៅជាមួយគ្នា ស្វែងយល់ចិត្តគ្នាច្រើនឆ្នាំមុនរៀបការនោះ គឺសំខាន់ត្រូវមានគ្រួសារទាំងសងខាងដឹងឮដែរ ហើយត្រូវដឹងថា តើដៃគូរបស់ខ្លួននោះ មានពាក់ព័ន្ធជាមួយអ្នកណាដែរឬអត់?

ទស្សនិកជនជាច្រើនរង់ចាំមើលថា សុគន្ធ និសា នឹងចុះខ្សោយការគាំទ្រឬទេ ក្រោយពេលរៀបការនេះ ស្របពេលដែលមុនរៀបការនេះ និសា បានតំណែងជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី “The Voice Kids Cambodia” និងតួឯកក្នុងភាពយន្តភាគរបស់ហង្សមាស ២រឿង គឺ “សិសិររដូវក្នុងបេះដូង” និងរឿង “រាជិនីភូមិគ្រឹះ”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ phnomkhmer