ផ្លូវការ! ជនជាប់ចោទលោក នួន ជា បានទទួលមរណៈភាពហើយ ព្រោះតែ…..

បន្ទាប់ពីបានជូនដំណឹងបឋមហើយនោះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬសាលាក្តីខ្មែរក្រហម បានចេញសេចក្តីជូនដំណឹងផ្លូវការមួយទៀត ពាក់ព័ន្ធនឹងមរណភាពរបស់ លោក នួន ជា។

សេចក្តីជូនដំណឹងរបស់ សាលាក្តីខ្មែរក្រហមបានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានជូនដំណឹងមកអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ថា ជនជាប់ចោទ នួន ជា បានទទួលមរណៈភាពនៅវេលាម៉ោង ១៨ ល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យ។ គ្រួសាររបស់ នួន ជា ត្រូវបានផ្តល់ដំណឹងអំពីមរណភាពរបស់គាត់។

នួន ជា កើតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩២៦ មានតួនាទីជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា សមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ និងគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃ របបកម្ពុជាប្រជាធិបតេយ្យ។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧។

នួន ជា ត្រូវបានរកឃើញថា មានពិរុទ្ធភាពពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គជំនុំជម្រះតុលាការកំពូល បានបដិសេធពិរុទ្ធភាពមួយចំនួន ប៉ុន្តែតម្កល់ការផ្តន្ទាទោសរបស់អង្គជំនុំជម្រះសាលាដំបូងឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នួន ជា ត្រូវបានផ្តន្ទាទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន។

អង្គជំនុំជម្រះសាលាដំបូង បានរួមបញ្ចូលទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១ និងសំណុំរឿង ០០២/០២ ទៅជាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត តែមួយ៕

ចង់ជ្រាបច្បាស់សូមអាននូវសារលិខិតខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ freshnewsasia