គ្រោះថ្នាក់ណាស់! បើអ្នកមិនដឹងពី ១០ ចំនុច ដើម្បីបង្ការហានិភ័យទៅលើពន្ធដាសម្រាប់អាជីវកម្មរបស់អ្នក

នៅពេលដែលវិស័យអាជីវកម្មកំពុងតែងើបឡើង សេចក្ដីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ក៏មានការកើនឡើងនូវខ្ទង់សូចនាករថវិកា ចំណូល និងចំណាយ ថវិការដ្ឋ ដូច្នេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហប្រតិបត្តិការជាមួយអគ្គនាយកដ្ធានពន្ធដារ ក្នុងការប្រមូលពន្ធអាករ និងសួយសារអាករ ចូលរដ្ឋវិញតាមរយៈការប្រកាសពន្ធរបស់សហគ្រាសជាប់ពន្ធ ។

បន្ទាប់ពីដាក់ចេញនូវផែនការហិរញ្ញវត្ថុ ដូច្នេះយើងឃើញមានការចាប់ផ្តើមកែទម្រង់ទ្រង់ទ្រាយអ្នកជាប់ពន្ធក្នុងរបបស្វ័យប្រកាស ជា៣ប្រភេទ   ទី១-អ្នកជាប់ពន្ធតូច ទី២-អ្នកជាប់ពន្ធមធ្យម ទី៣-អ្នកជាប់ពន្ធធំ ក្នុងការពង្រឹងកាតព្វកិច្ចសារពើពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ ។ ស្របពេលជាមួយគ្នានេះដែរម្ចាស់សហគ្រាសត្រូវតែពង្រឹងកិច្ចការគ្រប់គ្រងបញ្ជីស្នាមគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុអោយបានត្រឹមត្រូវ ស្របតាមស្តង់ដាររបាយការណ៍គណនេយ្យកម្ពុជា ដើម្បីជៀសវាងហានិភ័យ និងបញ្ហាប្រឈមនានា ដែលបានកើតឡើងចំពោះម្ចាស់អាជីវកម្មដោយការផាកពិន័យធ្ងន់ធ្ងរ ឬការប្រឈមរហូតដល់មានទោសទណ្ឌតាមផ្លូវច្បាប់ ។

លោក គិត ចាន់ថង ដែលជានាយកប្រតិបត្តិ និងជាសហគ្រិនវ័យក្មេងមួយរូប នៃក្រុមហ៊ុន សូតា ប្រឹហ្វេសិនណល ឯ.ក (SOTA PROFESSIONAL COMPANY LIMITED) និងជាគ្រូបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារអនុវត្ត បច្ចុប្បន្នក្រុមហ៊ុននេះទទួលបានជាភ្នាក់ងារសេវាកម្មពន្ធដារបានផ្តល់យោបល់ទៅលើកត្តាដើម្បីបង្ការហានិភ័យពន្ធដារ សម្រាប់អាជីវកម្មរបស់អ្នក។

ខាងក្រោមនេះ ជាចំណុចទាំង ១០ ដែលអ្នកគួរយល់ដឹង ដើម្បីបង្ការហានិភ័យពន្ធដារ សម្រាប់អាជីវកម្មរបស់អ្នក៖

១) បណ្តុះបណ្តាលបុគ្គលិកអោយមានចំណេះ និងជំនាញគណនេយ្យនិងពន្ធដារ អោយបានច្បាស់ ។

២)​  ម្ចាស់អាជីវកម្ម ឬក្រុមអាជីវករ ត្រូវស្វែងយល់អំពីច្បាប់ពន្ធដារ និងកាតព្វកិច្ចអ្នកជាប់ពន្ធ  ។

៣) បុគ្គលិកកាន់តួនាទីគណនេយ្យករ និងគណនេយ្យករពន្ធដារ ត្រូវចេះធ្វើបច្ចុប្បន្នភាព ច្បាប់ពន្ធដារអោយបានទាន់ពេលវេលា ។

៤) អង្គភាពអាជីវកម្ម ត្រូវមានប្រព័ន្ធគ្រប់គ្រងគណនេយ្យមកប្រើប្រាស់ Accounting System ។

៥) ត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង Internal Control នីតិវិធី និងគោលនយោបាយគណនេយ្យ ដើម្បីតាមដាន និងត្រួតពិនិត្យការអនុវត្តន៍ការងារអោយមានតម្លាភាព គណនេយ្យភាព និងភាពដែលអាចជឿ ទុកចិត្តបានគ្រប់ភាគី ទាំងម្ចាស់អាជីវកម្ម និងរដ្ធបាលសារពើពន្ធ ។

៦) រាល់បញ្ជីស្នាមរៀបចំអោយបានត្រឹមត្រូវនូវរាល់ប្រតិបត្តិការណ៍អាជីវកម្មបានកើតឡើង (វិភាគឥរិយាបទគណនី ធ្វើចំណាត់ថ្នាក់គណនី និងតួនាទីគណនីនីមួយៗ ) ទៅតាមប្រភេទសកម្មភាពអាជីវកម្មនីមួយៗ ដោយអនុលោមតាមច្បាប់ពន្ធដារកម្ពុជា និងអនុលោមតាមស្តង់ដារគណនេយ្យកម្ពុជា ។

៧) ដាក់មនុស្សអោយត្រូវទៅនិងជំនាញ ចំណេះ បទពិសោធន៏ការងារ និងភាពពិនប្រសព្វយ៉ាងស្ទាត់ជំនាញលើតួនាទីរបស់ខ្លួន ។

៨) រាល់កិច្ចការដែលបានធ្វើរួច និងសំណុំឯកសារដែលពាក់ព័ន្ធ ត្រូវចេះយកមកត្រួតពិនិត្យឡើងវិញដូចជា៖ ទី១-រៀបចំកាលវិភាគបង់ប្រាក់ និងដាក់លិខិតប្រកាសពន្ធ ទី២-ការចេញវិក័យបត្រទៅអោយអតិថិជន ទី៣-ការគ្រប់គ្រងឯកសារអោយលំដាប់លំដោយតាមលេខរៀង ទី៤-គណនាតួលេខឡើងវិញ ទី៥-ត្រួតពិនិត្យវិក័យប័ត្រចំណូលនិងចំណាយ ទី៦-និងឯកសារផ្សេងៗទៀតដូចជា៖   កិច្ចសន្យាទិញ-លក់ និងកិច្ចសន្យាបុគ្គលិក ។ល។

៩) បុគ្គលិកឆ្លៀសវ័យត្រូវចេះជួយផ្តល់ប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង អំពីបច្ចុប្បន្នភាពច្បាប់ពន្ធដារ និងជួយដោះស្រាយរាល់បញ្ហាដែលបានកើតឡើងនៃការងារអនុវត្តន៍ជាក់ស្តែងដើម្បី      បញ្ជៀសការប្រឈមហានិភ័យ ។

១០) ប្រសិនបើកត្តាខាងក្នុងពុំសូវមានអ្នកជំនាញច្បាស់លាស់ នោះលោកអ្នកគួរតែស្វែងរកក្រុមហ៊ុនដៃគូរណាដែលបានចុះបញ្ជីត្រឹមត្រូវ មកផ្តល់សេវាកម្ម និងប្រឹក្សាយោបល់ ជូនប្រកបដោយវិជ្ជាជីវៈខ្ពស់ ពីព្រោះក្រុមហ៊ុនទាំងនេះមានអ្នកជំនាញឯកទេសច្បាស់លាស់លើការងារគណនេយ្យ និងពន្ធដារ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia