តើអ្នកដឹងទេ? ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា«ភ្នំឱរ៉ាល់»គឺនៅមានសត្វព្រៃដែល..

ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាមួយនេះ ក្រៅពីមានទេសភាពដ៏ស្រស់ត្រកាលគួរឲ្យគយគន់ហើយ ក៏នៅមានវត្តមានសត្វគោព្រៃ ដំរី ខ្លាធំ ខ្ទីង និងម្រឹគជាច្រើនប្រភេទទៀត។ ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១,៨១៣ម៉ែត្រ ស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរមិនច្រើនឡើយ ដែលបានឡើងភ្នំដ៏ខ្ពស់មួយនេះ។

លោក ឈឺន ឆីម អ្នកនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ និងជាអ្នកបានឡើងភ្នំនេះជាង២០០ដង មកហើយនោះ បានឲ្យដឹងថា លោកបានឡើងចុះនាំភ្ញៀវទេសចរ ឡើងភ្នំដ៏ខ្ពស់នេះ ប្រមាណ១៤ឆ្នាំមកហើយ។ តាមឥន្ទ្រីយារម្មណ៍របស់លោក ក្រៅពីទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ភ្នំឱរ៉ាល់ក៏នៅមានប្រភេទសត្វព្រៃកម្រ ជាច្រើនប្រភេទ ដូចជា សត្វដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និងសត្វម្រឹគដទៃទៀតផង។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកមិនបានឃើញសត្វព្រៃទាំងនេះផ្ទាល់ទៀតនោះទេ គឺបានឃើញត្រឹមតែដានជើង ឬស្នាមក្រចកជើងពួកវាប៉ុណ្ណោះ នេះជាភស្តុតាងបញ្ជាក់ថា សត្វព្រៃទាំងនេះនៅមានវត្តមាននៅឡើយ។អ្នកនាំភ្ញៀវឡើងភ្នំដ៏ជំនាញរូបនេះ ថ្លែងយ៉ាងដូច្នេះថា «ឥឡូវទៅមិនសូវជួបទេ តែសត្វទាំងអស់នោះនៅតែមាន។ ប្រហែលសត្វទាំងនោះ វាខ្លាចមនុស្សយើងហើយ បានជាវាខំគេចចេញពីផ្លូវដែលយើងដើរ។ ខ្ញុំជឿថាអ៊ីចឹង ព្រោះពេលឡើងភ្នំម្ដងៗ គឺតែងតែឃើញមានស្នាមនៅថ្មីៗនៅឡើយ»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង