ស្រាយចម្ងល់ បើមាន​អត្តសញ្ញាណ​ប័ណ្ណ​ខេត្ត អាច​ធ្វើ​ផ្លាក​លេខ​ភ្នំពេញ​​បាន​អត់?

ជឿជាក់​ថា​មហាជន​មួយ​ចំនួន នៅ​តែ​មាន​មន្ទិល​ខ្លះ​ៗ​ជុំវិញ​ដំណើរ​ការ​ចុះ​បញ្ជី​យាន​ជំនិះ​​រថយន្ត​នៅ​កម្ពុជា។ ផ្អែក​តាម​គេហទំព័រ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ឆ្លើយ​តប​នូវ​មន្ទិល​ជា​ច្រើន​ ដូច​ខាង​ក្រោម​នេះ ៖

១) ​ការ​ចុះ​បញ្ជី​រថយន្ត​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ? និង​ត្រូវ​ធ្វើ​នៅ​ទីណា?

ឯកសារ​តម្រូវ​សម្រាប់​ការ​ចុះ​បញ្ជី​រួមមាន ឯកសារ​អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ​ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ) , បង្កាន់​ដៃ​ពន្ធ​យានយន្ត លិខិត​ទិញ​លក់ និង ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត (អាច​ធ្វើ​បាន​ក្នុង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះ​បញ្ជី)។ អាច​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដោយ​ខ្លួនឯង តាម​គេហទំព័រ​ https://vehicle.mpwt.gov.kh ឬ អាច​ទៅ​កាន់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី-ខេត្ត ឬ​ទៅ​កាន់​ហាង​លក់​យានយន្ត​ដែល​មាន​សិទ្ធិ​ចុះ​បញ្ជី​ជា​មួយ​ក្រសួង។

២) ​ការ​ទូទាត់​តម្លៃ​សេវា​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​​​ត្រូវ​ធ្វើ​ដូច​ម្ដេច?

ការ​ទូទាត់​តម្លៃ​សេវា​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ អាច​មាន​ជម្រើស​ពីរ​ គឺ​ទី​​មួយ​ អាច​ទូទាត់​តាម​គណនី​ផ្ទាល់​ចំពោះ​​អ្នក​​មាន​គណនី​របស់​ភ្នាក់ងារ​ទូទាត់​ដែល​សហការ​ជាមួយ​ក្រសួង​ដូច​ជា វីង , លីហួរ ឬ ស្មាតលុយ និង​ទី​ពីរ​ អាច​ទូទាត់​ជាមួយ​បញ្ជរ​ភ្នាក់ងារ​ដែល​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ដូច​ជា វីង , លីហួរ ឬ ស្មាតលុយ។

៣) ការ​ផ្ទេរ​កម្មសិទ្ធិ​​រថយន្ត​​ត្រូវ​មាន​ឯកសារ​អ្វី​ខ្លះ? និង​ត្រូវ​ទៅ​ធ្វើ​ទីណា?

ឯកសារ​សម្រាប់​ការ​ផ្ទេរ​កម្មសិទ្ធិ​ រួមមាន ពាក្យ​សុំ​ផ្ទេរ​កម្មសិទ្ធិ, លិខិត​ទិញ​លក់, ប័ណ្ណ​សម្គាល់​យានយន្ត​ច្បាប់​ដើម, អត្តសញ្ញាណប័ណ្ណ​របស់​ភាគី​ទាំង​អ្នក​លក់ និង​អ្នក​ទិញ , វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត និង​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ទៅ​កាន់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​នៃ​អាសយដ្ឋាន​អ្នកទិញ​ដើម្បី​ធ្វើ​បែបបទ​ផ្ទេរ​កម្មសិទ្ធិ។

៤) ចង់​ប្ដូរ​ផ្លាក​លេខ​រថយន្ត​ស៊េរី​ចាស់​ យក​ផ្លាក​ថ្មី​ដែល​មាន​ QR Code ត្រូវ​ការ​ឯកសារ​អ្វី​ខ្លះ?

ត្រូវ​មាន​ឯកសារ ៖ ពាក្យ​សុំ​ប្ដូរ, ផ្លាក​លេខ​ដែល​ត្រូវ​ប្ដូរ, ប័ណ្ណ​សម្គាល់​យានយន្ត, អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ។

៥) បាត់​ប័ណ្ណ​សម្គាល់​រថយន្ត​តើ​ត្រូវ​ការ​ឯកសារ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ថ្មី និង​ត្រូវ​ធ្វើ​នៅ​ទីណា?

ការ​ស្នើ​សុំ​ទុតិយតា​ប័ណ្ណ​សម្គាល់​រថយន្ត​ត្រូវ​មាន​ឯកសារ​ដូចជា ​អត្តសញ្ញាណប័ណ្ណ, ពាក្យ​បណ្ដឹង​បញ្ជាក់​អំពី​ការ​បាត់ និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ។

៦) តើ​​អត្តសញ្ញាណ​ប័ណ្ណ​មាន​អាសយដ្ឋាន​ខេត្ត អាច​ធ្វើ​ផ្លាក​លេខ​ភ្នំពេញ​​បាន​ដែរ​ឬ​ទេ?

អាច​ធ្វើ​បាន​លុះត្រាតែ​មាន​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ដែល​មាន​អាសយដ្ឋាន​ភ្នំពេញ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia