ភ្ញាក់ផ្អើល! រកឃើញ​ព្រះវិហារ​មាន់ ដែលជាទីសម្រាប់បួងសួងគ្រប់សាសនាទាំងអស់

លាតសន្ធឹង​កណ្ដាល​ព្រៃ​ជ្រៅ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ ប្រាសាទ​ដ៏ចម្លែក​មួយ​មាន​សណ្ឋាន​ដូចជា​មាន់​យក្ស​មួយ​ក្បាល​។ ​អគារ​ដែល​ត្រូវ​បាន​គេ​បោះ​បង់​យូរយារ​នេះ​ អ្នកស្រុក​បាន​ហៅ​ឈ្មោះ​ថា ហ្គេរ៉េចា​អាយ៉ាម ឬ​ «​ព្រះវិហារ​មាន់​» ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​ថតរូប​ចង់​ឃើញ​ចង់​ស្គាល់​ជា​ច្រើននាក់​មក​កាន់​ភ្នំ​ម៉ាហ្គេឡាង កណ្ដាល​ក្រុង​ជ្វារ​រៀង​រាល់​ឆ្នាំ​។

ប៉ុន្ដែ​យោងតាម​សម្ដី​ម្ចាស់​សំណង់ ដ៏​ចម្លែក​នេះ​ឲ្យ​ដឹង​ថា អគារ​ប្រកប​ដោយ​អានុភាព​នេះ​មិនមែន​ទាំង​សត្វមាន់​ និង​ព្រះវិហារ​យេស៊ូ​នោះ​ទេ​។ដើម​ឡើយ លោក ដានីញ៉ែ អាឡាំចា កំពុង​តែ​ធ្វើ​ការ​ក្នុង​ទីក្រុង​ហ្សាការតា​ ចម្ងាយ​​ ៥៥០ គីឡូ​ម៉ែត្រ​ នៅពេល​នោះ​លោក​​ទទួល​សារ​អាទិទេព​មួយ​ពី​ព្រះជាម្ចាស់​ឲ្យកសាង​«ព្រះវិហារ​បួងសួង​» រាង​ដូច​សត្វព្រាប។

លោកតា​ វ័យ​ ៦៧ ​ឆ្នាំ ​ប្រាប់ Jakarta​ Globe ថា​៖ «​ប្រហែល​ជា​ដោយ​សារខ្ញុំ​ជា​គ្រិស្ដ​សាសនិក​ មនុស្ស​ភាគច្រើន​គិតថា ខ្ញុំ​សង់​ព្រះវិហារ​គ្រិស្ដ​។ ប៉ុន្ដែ​វា​មិនមែន​ទេ​។ ខ្ញុំ​សង់​វា​សម្រាប់​អ្នក​ជឿ​គ្រប់​សាសនា​ទាំង​អស់​»។ក្នុង​ឆ្នាំ​ ១៩៨៩ លោក​បាន​ដើរកាត់​តាម​ភ្នំ​ម៉ាហ្គេឡាង ជា​ទី​ដែល​គ្រួសារ​របស់​លោក​រស់​នៅ​ ​ពេល​លោក​ឃើញ​ទីតាំង​ស័ក្ដិសម​តាម​ក្ដី​សុបិន លោក​ក៏​ចាប់ផ្ដើម​សាងសង់​តែ​ម្ដង​។

លោកក៏បានបន្ថែមទៀត​ថា​៖ «​ខ្ញុំ​យល់​ថា ខ្ញុំ​ត្រូវ​តែ​សាងសង់​ប្រាសាទ​បួងសួង​នៅ​តំបន់​នេះ​»៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង