គាំទ្រ! ត្នោត៣ម៉ឺនគ្រាប់ អាជ្ញាធរខេត្តស្ទឹងត្រែង ដាំនៅតាមព្រំដែនកម្ពុជា-ឡាវ

នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សសរុបប្រមាណ ៥០០នាក់ ដើម្បីចូលរួមដាំដើមត្នោត ចំនួន ៣០.០០០គ្រាប់ នៅតាមបណ្តោយសងខាងផ្លូវខែ្សក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ នៅចំណុចបង្គោលព្រំដែនលេខ 040 រហូតដល់បង្គោលព្រំដែនលេខ 042 ចម្ងាយ 10គីឡូម៉ែត្រ។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន៕

ចង់ជ្រាបច្បាស់សូមទស្សនារូពភាពខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews