មិនដែលដឹងសោះថា ​នៅខេត្តព្រះវិហារ មាន​រមណីយដ្ឋាន​ធម្មជាតិស្រស់ស្អាតបែបនេះ

មិត្ត​អ្នក​អាន​មួយ​ចំនួន ​​​ប្រហែល​ជាមិន​ធ្លាប់​ បាន​ស្គាល់​នូវ​រមណីយដ្ឋាន​ ធម្មជាតិ​”ចំ​បក់​ហោះ​”​នេះទេ​​ ​ឬ​ខ្លះ​អាច​ច្រឡំ​ថា​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ចំបក់ ដែល​ស្ថិតនៅ ​​ឧទ្យាន​ជាតិ​គិរី​រម្យ​ ខេត្ត​កំពង់ស្ពឺ​។​​​​​​ រមណីយដ្ឋាន​​​ចំបក់​ហោះ​នេះ ​មាន​ទីតាំង​ស្ថិត​ក្នុង​​ភូមិ​ ភ្នំ​ដែក​ ឃុំ ​រមណីយ​ ​ស្រុក​រវៀង ​និង​មាន​ចម្ងាយ​ប្រមាណ​៧​៦ គ.ម​ ​ពី​ទី​រួម​ខេត្ត​ព្រះ​វិហារ​។​

រមណីយដ្ឋាន​​​​”ចំ​បក់​ហោះ​” ​បាន​ក្លាយ​ជា​តំបន់​ដ៏​មាន​សក្ដានុពល ​ទេសចរណ៍​មួយ​របស់​ខេត្ត​ នៅ​ភូមិ​ភាគ​ជើង​​មួយ​នេះ​ ​​ក្នុង​​ការ​​​ទាក់ទាញ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​​ ឲ្យ​មក​លម្ហែ​កម្សាន្ត​ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ​អម​​​​​ដោយ​ទេសភាព​​ធម្មជាតិ ​ដ៏​ស្រស់​ត្រកាល​​​​​ ដែល​រេរាំ​តាម​ខ្យល់​ជាមួយ​ សំឡេង​សត្វ​យំ​ ប្រគំ​បាន​ជា​​​តន្ត្រី​ធម្មជាតិ​ ដ៏​ពីរោះ​រណ្ដំ​ ​ ​​ហើយ​ផ្សំនឹង​​ភាព​សម្បូរ​​បែប ​​នៃ​ដើម​ឈើ​ធំ​នៅ​ព័ន្ធ​ជុំវិញ​។

ពិសេស​​នោះ​​ តំបន់​សហគមន៍​ទេសចរណ៍ ​ដែល​មាន​ផ្ទៃក្រឡា​​ ១៥៨៥​ហិកតា​ និង​ព័ទ្ធ​ជុំវិញ​ដោយ ​របង​សំណាញ់​ខ្ពស់​ៗ​ ប្រៀប​ដូចជា​ដី​របស់​ឯកជន​​​នេះ​​ ក៏​ចំណុច​ទាក់ទាញ​ ខ្លាំង​ផង​ដែរ​ ដូចជា ​​​​​ស្ពាន​ដើ​រលើអាកាស​ ស្ពាន​យោល​​​ កម្ពស់​ ៤​ទៅ​៨ ​ម៉ែត្រ ​ចម្ងាយ​៥០​ម៉ែត្រ​​​​ ​កន្លែង​ជិះ​ខ្សែ​រ៉ត​ហោះ​​ ផ្ទះ​សង់​លើ​ដើមឈើ​មើល​ ទេសភាព​និង​សត្វ​ព្រៃ​​​ និង​មាន​កន្លែង​លេង​ល្បែង​ផ្សេង​ៗ ​ដូចជា ឡើង​ជញ្ជាំង​ឈើ​ ជា​ដើម​ផង​ដែរ​​​។

ចង់​ដឹង​ថា​ រមណីយដ្ឋាន ​​​​”ចំ​បក់​ហោះ​”​ មាន​ចំណុច​ពិសេស​ប៉ុណ្ណា​នោះ​ ​សូម​មិត្ត​អ្នក​អាន​ ខេឃ្យូប​ ​កុំ​ភ្លេច​ទៅ​ទស្សនា​ទាំងអស់ ​ពេល​បាន​ទៅ​ដល់​ដី​ខេត្ត​ព្រះ​វិហារ​​។​​​

សូម​បញ្ជាក់​ថា​ ខេត្ត​ភូមិភាគ​ខាង​ជើង​នៃ​ប្រទេស​មួយ​នេះ​ ក៏​ជា​តំបន់​ទេសចរណ៍​ ដ៏​ទាក់ទាញ​ខ្លាំង​​របស់​កម្ពុជា​ផង​ដែរ ដែល​មាន​ទាំង​តំបន់​ទេសចរណ៍ ​វប្បធម៌​ប្រវត្តិសាស្ត្រ​ (ប្រាសាទ​ព្រះវិហារ​)​និង​ទេសចរណ៍​ធម្មជាតិ​ ​ដែលមាន​​ដូច​ជា​ ទឹកធ្លាក់​ព្រះ​និមិ្មត ​​​​សហគមន៍​​ការពារ​ព្រៃឈើ ​និង​សត្វព្រៃ​ “ភ្នំ​ត្នោត”​ ​(មាន​​ខ្សែ​រ៉ត​ហោះ ​ប្រវែង​១​គីឡូ​ម៉ែត្រ​ កម្ពស់​២០​-៣០ ​ម៉ែត្រ​ឆ្លង​កាត់​ជ្រលងភ្នំ​​ ​ទស្សនា​សត្វ​ព្រៃ)​ និង​រមណីយដ្ឋាន​​​​”ចំ​បក់​ហោះ​”នេះ​ជាដើម​៕

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ pressnews