ខ្លោចចិត្ត! ចប់ពិធីឡើងផ្ទះមិនទាន់ស្រួលបួលផង ស្រាប់តែក្មួយលង់ទឹកស្លាប់

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Van Nang បានប្រាប់ឲ្យដឹងនូវរឿងរ៉ាវដ៏សង្វេគមួយ ដែលបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យ ទាក់ទងរឿងក្មេង២នាក់បានបាត់លង់ជីវិតដោយសារតែលង់ទឹកក្នុងរណ្តៅម៉ៃខូ។

ដោយបានសរសេររៀបរ៉ាប់នៅលើហ្វេសប៊ុកថា៖

«ពិធីឡើងផ្ទះស្ទើរមិនទាន់រួចស្រួលផងធ្វើបុណ្យសពកូននិងក្មួយបន្តទៀតដោយសារតែកូននិងក្មួយលង់ទឹកស្លាប់ក្នុងរណ្តៅម៉ៃខូ
ខេត្តបន្ទាយមានជ័យ

ម្តាយ ឪពុក សពក្មេងស្រី និងក្មេងប្រុស យំបោកខ្លួនដួចអកស្ទើរគាំងបេះដូងស្លាប់ទាំងអស់គ្នា ដោយសារតែបានឃើញកូនជាទីស្រឡាញ់លង់ទឹកស្លាប់ ក្នុងរណ្តៅម៉ៃខូ ពេលដែលក្រុមគ្រួសាររបស់សពជាប់រវល់ធ្វើពិធីឡើងផ្ទះថ្មី នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្រោយក្រុមហ៊ុនទឹកស្អាតប្រហែល៥០០ម៉ែត្រ ភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកទូច ដែលត្រូវជាបងម្តាយសពទាំងពីនាក់បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅ ថ្ងៃទី១៣នោះ ក្រុមគ្រួសាររបស់ប្អូនគាត់បានធ្វើពិធីឡើងគេហដ្ឋានថ្មីដោយអញ្ជើញភ្ញៀវញាត្តិមិត្តជិតខាងពិសេសប្អូនបង្កើតនៅបាត់ដំបងឲ្យចូលរួមកម្មពិធីឡើងផ្ទះថ្មីនោះផងដែរ។

លោកទូច បានបញ្ជាក់ឲ្យដឹងទៀតថាពិធីឡើងគេហដ្ឋានថ្មីធ្វើទៅដោយចប់ចុងចប់ដើមដោយមិនចាប់អារម្មណ៍ពីកូនបាត់ពីថ្មើរណានោះឡើយលុះពេលភ្ញៀវចេញទៅផ្ទះវិញអស់ម្ចាស់ផ្ទះបានយកលុយមករាប់ស្រាប់តែពេលនោះបាត់កូនទាំង២នាក់មិនដឹងទៅណាក៏ឆោឡោឡើងហើយដើររកពេលដើរទៅដល់ស្រះម៉ៃខូនៅក្រោយពីផ្ទះប្រហែល១០០ម៉ែត្រស្រាប់តែឃើញស្បែកជើងក្មេងទាំង២ហើយក៏ចុះរាវរកឃើញសពក្មេងទាំង២បានបីយកមកផ្ទះដោយក្មេងទាំង២នាក់នៅសភាពទន់នាំគ្នារលាក់ឲ្យចេញទឹក។ ទោះបីខិតខំរលាក់យ៉ាងណានៅមិនដឹងខ្លួន ព្រោះក្មេងទាំង២នាក់នេះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុរួច មាននគរបាល និងកំលាំងអាវុធហត្ថជំនាញ ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសព។ លោកវរសេនីយ៍ឯក សុីឌី អធិការនគរបាល ក្រុងសិរីសោភ័ណ បានឲ្យដឹងថា សពក្មេងស្រីរងគ្រោះ មានឈ្មោះ ជា ដាវរី អាយុ ៥ឆ្នាំ ម្តាយឈ្មោះ ង៉ាន់សុជាតិ ប្តីឈ្មោះ ដុក ធីតា រស់នៅភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកសពក្មេងប្រុសមានឈ្មោះ ត្រាំ សាន់ ប្រុសអាយុ ៦ឆ្នាំ ឪពុកឈ្មោះ ហេង ត្រា ម្តាយឈ្មោះង៉ាន់លី រស់នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោក សុីឌី បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីមន្ត្រីជំនាញរបស់លោកធ្វើការត្រួតពិនិត្យរួចហើយ បានធ្វើការសន្និដ្ឋានថាក្មេងទាំង២នាក់ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដ ដោយឪពុក ម្តាយ ជាប់រវល់ក្នុងពិធីឡើងផ្ទះថ្មី មិនបានចាប់អារម្មណ៍ថាក្មេងទៅលេងទឹក គ្មានជាប់ពាក់ព័ន្ធនិងអំពើប៉ងធ្វើឃាតនោះទេ សពត្រូវបានក្រុមគ្រួសាររៀបចាត់តែងធ្វើបុណ្យតាមប្រពៃណីបន្តទៀតក្រោយពីឡើងផ្ទះថ្មីចប់៕គង្គា»៕

ចង់ជ្រាបច្បាស់សូមទស្សនារូពភាពខាងក្រោម៖

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក