គួរឲ្យសរសើរ! ឯកឧត្ដម គួច ចំរើន ឆ្លៀតពេលវេលា ទៅសួរសុខទុក្ខក្មួយៗ​ និង..

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុករបស់ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖

«ក្រោយម៉ោងរដ្ឋបាល​ ថ្ងៃត្រង់នេះ​បានមកសួរសុខទុក្ខក្មួយៗ​ ម៉ែដោះ​ និងបុគ្គលិក​ នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ​,ថ្ងៃទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩»។

មិត្រេមតែប៉ុណ្ណោះហ្វេសប៊ុក “រដ្ឋបាលខេត្តព្រះសីហនុ” ក៏បានបញ្ជាក់បន្ថែមទៀតថា៖

«ខេត្តព្រះសីហនុ៖ ឯកឧត្តម គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។

លោកស្រី សំ ខាន់ឌី នាយិការបុរីកុមារកំព្រាខេត្តព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្នបុរីកុមារកំព្រាទទួលកុមារស្នាក់នៅចំនួន ២៦នាក់ ប្រុស ៥នាក់ ហើយបុរីបានបញ្ជូនកុមារកំព្រាទាំងអស់ចូលសិក្សារៀនសូត្រនៅតាមសាលារដ្ឋដូចកុមារដ៏ទៃទៀតផងដែរ កុមារដែលចេញពីបុរី ៩០ភាគរយ បានទទួលការងារធ្វើ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណអ្នកគ្រូទាំងអស់ ដែលបានខិតខំចិញ្ចឹម ថែទាំកុមារ និងបានបញ្ជូនពួកគេឱ្យចូលសាលារៀនសូត្រដូចកុមារដ៏ទៃទៀត នេះជាការយកចិត្តទុកដាក់ ក្នុងការមើលថែទាំកុមារឱ្យមានសុខភាពល្អ និងមានការអប់រំ មានសីលធម៌ក្នុងការរស់នៅ ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗកុមារកំព្រាទាំងអស់ ត្រូវស្តាប់តាមការអប់រំរបស់អ្នកគ្រូក្នុងបុរីហើយ ខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង ចំណេះធ្វើ ក្លាយខ្លួនជាកូនល្អ កុមារល្អ ពលរដ្ឋល្អ នៅពេលក្មួយៗចេញពីបុរី ក្មួយៗអាចរកការងារធ្វើបានល្អ ដើម្បីចិញ្ចឹមជីវិត ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន នាំយកអំណោយ ឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ មានដូចជា ស្កសរ ៥០គីឡូក្រាម, អំបិល ៥០កញ្ចប់, ប៉ីចេង ៥០កញ្ចប់, ក្រមា ៥០, កន្សែង ពោះគោ ៣០, ត្រីខកំប៉ុង ២កេសធំ ទឹកសុទ្ធ ៥០កេស ។ ចំពោះអ្នកគ្រូចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល និងកុមារកំព្រាចំនួន ២៦នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហ្វេសប៊ុក