ឧកញ៉ាចិត្តធម៌៣រូប បានឧបត្ថម្ភថវិកាជូនមន្ត្រីនគរបាល ដែលត្រូវភ្លើងឆេះ

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញ ឧកញ៉ាចិត្តធម៌៣រូប បានឧបត្ថម្ភថវិកាជូន មន្ត្រីនគរបាលដែលត្រូវភ្លើងឆាបឆេះពេញខ្លួន ខណៈពេលកំពុងចុះជួយអន្តរាគមន៍បញ្ចៀសប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។ ដោយក្នុងនោះរួមមាន ឧកញ៉ា ឌួង ឆាយ ឧបត្ថម្ភថវិកាចំនួន 1,000,000 រៀល ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ខ្ញុំបាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប”។

ឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាចំនួន 4,000,000 រៀល ព្រមទាំងបានបញ្ជាក់បន្ថែមថា៖ “ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន 4,000,000៛ ដល់បងប្រុសដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅខេត្តសៀមរាម តាមរយៈប្អូន Sovann Rithy…ហើយខ្ញុំក៏សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ”។

ឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភថវិកាចំនួន ៤លានរៀល ហើយក៏បានប្រាប់ឲ្យដឹងថា៖ “អរគុណនូវទឹកចិត្តដ៏ល្អរបស់ប្អូនលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើង បងចូលរួមថវិកា (៤លានរៀល) សំរាប់ព្យាបាលជំងឺហើយក៏ជូនពរប្អូនឆាប់ជាសះស្បើយ”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីម្សិលមិញនេះ មន្ត្រីនគរបាលម្នាក់រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ក្នុងពេលចូលរួមសង្គ្រោះ ហេតុការណ៍អគ្គិភ័យ ក្នុងហាងបញ្ជូលហ្គាសមួយកន្លែង តាមបណ្តោយផ្លូវលោកតាណឺយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប កាលពីម៉ោងជាង០១ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ហើយហេតុការណ៍អគ្គិភយ័នេះតាមសមត្ថកិច្ចបញ្ជាក់ថាដោយសារផ្ទុះធុងហ្គាស។

ជនរងគ្រោះឈ្មោះ ហួត មុនីពិសាខ ជាមន្ត្រីប៉ូលិស ផ្នែកអន្តរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប ក្រោយរងគ្រោះរលាកភ្លើងសមត្ថកិច្ចរួមការងារបានជួយសង្គ្រោះបឋម រួចបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ ដោយសារតែស្ថានភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រួសារ បានបញ្ជូនរូបគាត់ទៅកាន់មន្ទីរពេទ្យនៅឯប្រទេសថៃហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ share4lives