សូមអបអរសាទរ! ពលករ​កម្ពុជាជាង​៣សែននាក់ ត្រូវបានកម្ពុជា​ ស្នើថៃ​បន្ត​សហការ​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​

សម្តេច សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​ស្នើសុំ​ដល់​អាជ្ញាធរ​ថៃ​បន្ត​សហការ​ជាមួយ​នឹងក្រុម​ការងារ​កម្ពុជា ក្នុងការ​បន្ត​យុទ្ធនាការ​ផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា​ដែល​មិនទាន់​មាន​ឯកសារ​ប្រមាណ ៣១​ម៉ឺន​នាក់។ សំណើ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​រវាង សម្តេច សាយ ឈុំ ជាមួយ​ឧត្តម​នាវី​ឯក Sithawat Wongsuwan ប្រធាន​គណៈកម្មាធិការ​អចិន្រ្តៃយ៍ ទទួល​បន្ទុក​ផ្នែក​ច្បាប់ នីតិវិធី​តុលាការ និង​កិច្ចការ​សន្តិសុខ នៃ​រដ្ឋសភា​នីតិប្បញ្ញត្តិ​ជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​វិច្ឆិកា នៅ​វិមាន​ព្រឹទ្ធ​សភា។

សម្តេច សាយ ឈុំ បាន​សម្តែង​នូវការ​អបអរ​សាទរ​ ដែល​ប្រទេស​ទាំង២ ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ចំពោះ​កំណើន​ពាណិជ្ជកម្ម និង​បាន​ប្តេជ្ញា​រួមគ្នា​សម្រេច​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបាន ១៥ពាន់​លាន​ដុល្លារ​នៅឆ្នាំ​២០២០។

ឧត្តម​នាវី​ឯក Sithawat Wongsuwan បាន​លើកឡើង​អំពី​ភាព​រីក​ចម្រើន នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង២ ដែល​ជំរុញ​ឲ្យមាន​កំណើន​វិនិយោគ និងមាន​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ តាមរយៈ​ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ រវាង​សភា​នៃ​ប្រទេស​ទាំង២៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay