អបអរសាទរ! សិស្ស​ Aii​ ៣រូប​ ឈ្នះ​ ពានរង្វាន់​ ម៉េ​ងលី​​ ជេ​. គួច លើ​ការ​ប្រកួត…

ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ការប្រកួត​ប្រកប​ពាក្យ​ភាសា​ចិន​ ដណ្ដើម​ពានរង្វាន់​ ម៉េ​ងលី​ ជេ​. គួច​ លើក​ទី២​ របស់​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ (Aii​) ផ្នែក​ភាសា​ចិន​ កាលពី​ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៩​ រក​ឃើញ​ជើងខ្លាំង​ចំនួន៣រូប​ ដែល​មាន​សម្មតភាព​ប្រកប​ និង​បញ្ចេញ​ស្នៀង​ភាសា​ចិន​បាន​យ៉ាង​ល្អ​ បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​ជាមួយ​បេក្ខជន​ប្រមាណ២០០នាក់​។ ទីបំផុត​ទៅ​ ជ័យលាភី​លេខ១បាន​ទៅលើ​យុវ​សិស្ស​ ជា​ នី​ងរ៉ា​ឡា​(吴美玲​)លេខ២បាន​ទៅលើ​យុវ​សិស្ស​ គង់​ សុវណ្ណ​ ពិសិដ្ឋ​(张海逸) ខណៈ​លេខ៣បាន​ទៅលើ​ យុវ​សិស្ស​ លឹម​ សុ​ផា​វីន​(林淑平)។

កញ្ញា​ អេង​ សុ​ពង្ស​លក្ខិ​ណា​(吴玉玲)ប្រធាន​គ្រូ​ភាសា​ចិន​ បាន​លើ​ឡើង​ថា​ កម្មវិធី​ប្រកួត​ចំណេះដឹង​នេះ​ ផ្ដោត​ទៅលើ​ការ​និយាយ​ ដើម្បី​សិស្សានុសិស្ស​បញ្ចេញ​សំឡេង​ភាសា​ចិន​បាន​ត្រឹមត្រូវ​ ព្រោះថា​ការ​ស្តាប់​ ការ​បញ្ចេញ​សំឡេង​ គឺជា​ផ្នែក​មួយ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀន​ភាសា​ចិន​ឱ្យ​មានប្រសិទ្ធភាព​។

កញ្ញា​បញ្ជាក់​ថា​ សិក្សា​ភាសា​ចិន​ នៅ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ ក្រៅពី​ទទួល​ចំណេះដឹង​ពី​ការ​បង្រៀន​ពី​គ្រូ​មាន​ជំនាញ​វិជ្ជា ជីវៈ​ចម្រុះ​វប្បធម៌​ សិស្ស​អាច​ទទួល​បាន​សេវា​អប់រំ​ពិ​សេស​ៗជាច្រើន​ពី​មជ្ឈមណ្ឌល​សិក្សា​ភាសាបរទេស​នេះ​ក្នុង​ការ​ពង្រឹង​សម្មតភាព​សិក្សា​របស់​សិស្ស​កាន់តែ​មានគុណ​ភាព​ ជាពិសេស​បទ​ពិសោធ​ ចំណេះ​ដឹង​ថ្មី​ៗ និង​ភាព​ក្លាហាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ចំណេះ​ដឹង​ផ្សេង​ៗ។

កញ្ញា​ អេង​ សុ​ពង្ស​លក្ខិ​ណា​ បញ្ជក់​ទៀត​ថា​ ក្រៅពី​ចំណេះដឹង​ អ្នក​ជាប់​ជ័យ​លា​លេខ១​ ទទួល​បាន​អាហារូបករណ៍១០០​% សម្រាប់​ការសិក្សា​មួយ​ឆមាស​ បាន​មេដាយ​ និង​ពាន់​។ អ្នក​ជាប់​ជ័យលាភី​លេខ២​ ​ទទួល​បាន​អាហារូបករណ៍៧៥​% និង​មេដាយ​ និង​សិស្ស​ជ័យលា​ភី​លេខ៣​ ទទួល​បាន​អាហារូបករណ៍៥០​% និង​មេដាយ​។

ម្ចាស់​ជ័យលា​ភី​លេខ១​ យុវតី​ ជា​ នី​ងរ៉ា​ឡា​ (吴美玲​)បាន​ឡើង​ថា​ កម្មវិធី​ការ​ប្រឡង​ប្រកប​ពាក្យ​ភាសា​ចិន​ គឺ​ល្អ​មែនទែន​ វា​អាច​ធ្វើ​ឱ្យ​យើង​បញ្ចេញ​សម្មត​ភាព​ ក្នុង​ការ​បញ្ចេញ​សូរ​សំឡេង​ពាក្យ​ឱ្យ​បាន​ល្អ​ត្រឹមត្រូវ​។ ជា​ នី​ងរ៉ា​ឡា​ បញ្ជាក់​ថា​ កម្មវិធី​នេះ​បាន​ផ្ដល់​ចំណេះ​ដឹង​ថ្មី​ៗជាច្រើន​ ជាពិសេស​បាន​រៀន​ពាក្យ​ថ្មី​ៗ។

យុវតី​ដដែល​ បាន​បញ្ជាក់​ថា​ នៅក្នុង​កម្មវិធី​នេះ​បាន​ផ្ដល់​សារៈសំខាន់​ជាច្រើន​ទៅដល់​សិស្ស​ដែល​ប្រឡងជាប់​ រួមមាន​ អាហារូបករណ៍​ ពាន​ និង​មេដាយ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ interconrooster