តើធ្លាប់ដឹងពីប្រវត្តិសង្ខេប​របស់​តារា​ស្រី៣រូប​ល្បី​ខ្លាំង​ក្នុង​ទសវត្ស​រ៍ ឆ្នាំ៦០ដែរឬទេ?

ក្មេង​ៗ​ជំនាន់​ក្រោយ​តិច​ណាស់ ដែល​បាន​ដឹង​ពី​ប្រវត្តិ​តារា​ភាពយន្ត​ក្នុង​ទសវត្ស​រ៍ឆ្នាំ​១៩៦០ និង៧០។ ភាពយន្ត​ក្នុង​ទសវត្ស​រ៍នោះ ត្រូវ​បាន​បរទេស​ឱ្យ​តម្លៃ​ថា ជា​យុគ​សម័យ​ភាពយន្ត​មាស។

មាន​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ ក៏​ដូច​ជា​អឺរ៉ុប ស្វាគមន៍​ភាពយន្ត​ខ្មែរ​ឱ្យ​ទៅ​បញ្ចាំង​ក្នុង​ប្រទេស​របស់​ពួក​គេ ហើយ​ក៏​មាន​តារា​មិន​តិច​ដែរក្នុង​សម័យ​នោះ​​បាន​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស និង​បាន​សម្ដែង​ជា​មួយ​តារា​បរទេស​ល្បី​ៗ​ជា​ច្រើន​រូប​។ ថ្ងៃ​នេះ Sabay សូម​លើក​យក​ជីវប្រវត្តិ​តួកុន​ល្បី​ៗ ៣រូប​ ផ្នែក​នារី​មក​ជូន​ប្រិយមិត្ត៖

សូម​តាម​ដាន​ប្រវត្តិ​តារា​ល្បី​ល្បាញ​ខ្លាំង​ក្នុង​អំឡុង​ទសវត្ស​រ៍ទី​៦០ និង ៧០​ទាំង​៣រូប​ខាង​ក្រោម៖

១) ជីវប្រវត្តិ​សង្ខេបអ្នក​ស្រី សោម វណ្ណស៊ូដានី

អ្នក​ស្រី​កើត​ក្នុង​ឆ្នាំ១៩៤៥ នៅ​វាំង​ចាស់ ក្នុង​ខេត្ត​កំពង់ស្ពឺ ឪពុក​ឈ្មោះ សោម ផន ម្ដាយ​ឈ្មោះ ព្រាប មុត អ្នកទាំងពីរប្រកប​របរ​ដុត​ធ្យូង​លក់ ធ្វើ​ជា​កម្មករ​បោស​ថ្នល់ និង​ធ្វើ​ជា​អ្នក​យាម​ចម្ការ។ អ្នក​ស្រី​មាន​បង​ប្អូន​៤​នាក់ ប្រុស៣​ស្រី១ អ្នក​ស្រី​ជា​កូន​ទី២ កាល​នៅ​ក្មេង​អ្នក​ស្រី​រៀន​នៅ​សាលា ពេទ្យ​ប្រណម រៀន​ចប់​ឌីប្លូម ក៏​ប្រឡង​ជាប់​ធ្វើ​គ្រូ បង្រៀន​បណ្ដើរ​ថត​កុន​បណ្ដើរ។

ស្វាមី​របស់​អ្នក​ស្រី​គឺ​លោក ជា យុទ្ធថន ជា​តួកុន​ដ៏​ល្បី​១រូប​ដែរ។ អ្នក​ស្រី​បាន​រៀប​ការ​ ពេល​សម្ដែង​រឿង “ឆ្នាំ​អូន​១៦” ចុង​ឆ្នាំ១៩៧៣ ដើមឆ្នាំ១៩៧៤ ដោយ​ចែក​ធៀប​ការ​ និង​ហៅ​ភ្ញៀវ​ ដោយ​មាន​ចាស់​ទំ​ទាំង​សង​ខាង​ដឹង​ឮ។ អ្នក​ស្រី​រៀប​ការ​ជាមួយ​លោក ជា យុទ្ធថន ជា​គំនិត​របស់ ប្រពន្ធ​ទី១​របស់​លោក ជា យុទ្ធថន ព្រោះ​ប្រពន្ធ​ទី១​នោះ​មាន​ជំងឺ​ច្រើន បារម្ភខ្លាច​អត់​ពី​គាត់​គ្មាន​អ្នក​មើល​ថែ​កូន​ទាំង​ពីរ ម្យ៉ាង​អ្នក​ស្រី សោម វណ្ណស៊ូដានី ក៏​ស្រលាញ់​កូន​ៗ​របស់​លោក ជា យុទ្ធថន ដែរ។

អ្នក​ស្រី​ សោម វណ្ណស៊ូដានី បាន​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម ដោយ​មូល​ហេតុ​​ទាស់​អាហារ ក្រោយ​ពី​អ្នក​ស្រី​សម្រាលកូន​បាន​ប្រមាណ​ជាង​១០​ថ្ងៃ។

ជីវិត​សិល្បៈ និង​ស្នាដៃ៖

ស្ថិត​ក្នុង​អាយុ១៦ឆ្នាំ អ្នក​ស្រី​បាន​ប្រឡង​បវរកញ្ញា​ជាប់​លេខ២ នៅ​ឧដុង្គ​វាំង​ចាស់ ដើម​ហេតុ​ដំបូង​នាំ​ឱ្យ​អ្នក​ស្រី​បាន​ចូល​ប្រលូកក្នុង​វិស័យ​ភាព​យន្ត ដោយសារ​តែ​មាន​ពេល​មួយ​នោះ អ្នក​ស្រី​ដាំបាយ តែ​បែរ​ជា​ធ្វើ​ឱ្យ​ឆេះ​កូន​ខ្ទម ដែល​ជា​ផ្ទះ​អ៊ំ​របស់​អ្នក​ស្រី​ធ្វើ​ឱ្យ​ម្ដាយ​ឪពុក​អ្នក​ស្រី​ចាំ​ចម្ការ ហើយ​ផលិតករ​ភាពយន្ត​ឃើញ​អ្នក​ស្រី​យំ​សម​ក៏​យក​ទៅ​ថត​រឿង។

រឿង​ដែល​អ្នក​ស្រី​ថត​ដំបូង​គឺ​រឿង “សូផាត​និង​ម៉ានយ៉ាន” រឿង​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ល្បី​ជាង​គេ​គឺ​រឿង “សូផាត​និង​ម៉ានយ៉ាន” “ជាតិ​ជា​ស្ត្រី” និង ​រឿង”ថោវរី​មាស​បង” ហើយ​រឿង “ថោវរី​មាស​បង” នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្រី​ល្បី​បំផុត។ អ្នក​ស្រី​ឈប់​ថត​កុន​ក្នុង​ឆ្នាំ១៩៧៤ ក្នុង​ជីវិត​សិល្បៈ​អ្នក​ស្រី​ល្បី​ជាង​គេ ត្រង់​ចរិយា​សុភាព​រាបសា។

បើ​តាម​លោក ជា ផារិទ្ធិ ត្រូវ​ជា​កូន​អ្នក​ស្រី សោម វណ្ណសូដានី បាន​ឱ្យ​ដឹង​ថា សាច់​ញាតិ​ខាង​ម្ដាយ​អ្នក​ស្រី សោម វណ្ណសូដានី ជាប់​ខ្សែ​រាជវង្ស​ខាង​សម្ដេច ស៊ីសុវត្ថិ (សម្ដី​ម្ចាស់​អ៊ំ​របស់ លោក ជា ផារិទ្ធិ ឈ្មោះ អូលីវីយ៉ា សេរីម៉ាតាក់ និង លី ស៊ីសុវត្ថិ​បទុម បាន​ប្រាប់​លោក ជា ផារិទ្ធិ។

២) ជីវប្រវត្តិ​សង្ខេបអ្នក​ស្រី វីរៈ តារា

អ្នក​ស្រី​កើត​​នៅ​ឆ្នាំ១៩៤៧ ក្នុង​ទី​រួម​ខេត្ត​កំពត មាន​ឈ្មោះ​ដើម​ថា គឹម ហៀក ឪពុក​ឈ្មោះ កុក យិន ជា​អ្នក​បើកបរ​រថយន្ត​ពេទ្យ​ ម្ដាយ​ឈ្មោះ សេង ញុង ជា​មេផ្ទះ អ្នក​ស្រី​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ផលិតករភាពយន្ត លោក លី ប៊ុនយីម ក្នុង​ឆ្នាំ ១៩៦៤ មាន​កូន​៥នាក់​សុទ្ធតែ​ប្រុស។

នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ អ្នក​ស្រី និង ស្វាមី ត្រូវ​បាន​ជម្លៀស​ទៅ​រស់​នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត បាន​រយៈពេល​៥ខែ ក៏​លួច​រត់​ចេញ​ទៅ​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម ហើយ​ឆ្លង​ចូល​ទៅ​ប្រទេស​ឡាវ រហូត​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​នៅ​ឆ្នាំ១៩៧៦។ ក្នុង​ឆ្នាំ ១៩៨៦ អ្នក​ស្រី​បាន​លែង​លះ​ជាមួយ​ស្វាមី ហើយបច្ចុប្បន្ន​អ្នក​ស្រី​រស់​នៅ​ប្រទេស​បារាំង។

ជីវិត​ក្នុង​សិល្បៈ និង​ស្នាដៃ៖

អ្នក​ស្រី​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ១៩៦៥ ក្នុង​វ័យ​១៨ឆ្នាំ តាម​រយៈ​ការ​ជួយ​ជ្រោមជ្រែង​ពី​លោក លី ប៊ុន​យីម ចាងហ្វាង​ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត ដែល​ត្រូវ​ជា​ស្វាមី​របស់​អ្នកស្រី។

អ្នក​ស្រី​សម្ដែង​ឱ្យ​ផលិតកម្ម​​​រន្ទះ​ពេជ្រ​​ភាពយន្ត​​សរុប​បាន​ប្រមាណ​១០​រឿង ក្នុង​ចំណោម១០រឿង​ដែល​អ្នក​ស្រី​បាន​សម្ដែង មាន​៣រឿង​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ពី​ទស្សនិកជន​គឺ​រឿង “ពុទ្ធិ​សែន​នាង​កង្រី” “សព្វ​សិទ្ធិ” និង “អន​អើយ​ស្រី​អន”។

៣) ជីវប្រវត្តិ​សង្ខេបអ្នក​ស្រី ឌី សាវ៉េត

អ្នកស្រី​កើត​នៅ​ឆ្នាំ១៩៤៤ នៅ​សង្កាត់​លេខ៦ ទីក្រុង​ភ្នំពេញ ឪពុក​​ឈ្មោះ ឌី ណយ ជា​ស្មៀន​របស់​ជីតា​ដែល​ជា​ចាងហ្វាង​សាលាឧទ្ធរណ៍ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ម្ដាយ​ឈ្មោះ សាត់ រិន ជា​កសិករ​នៅ​ស្រុក​​អង្គស្នួល ខេត្ត​កណ្ដាល។ អ្នក​ស្រី​មាន​បង​ប្អូន​បង្កើត២នាក់ កាល​ពី​វ័យ​កុមារ​អ្នក​ស្រី​បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​សម្ដេច​សុធារស ស្វាមី​អ្នក​ស្រី​គឺ​លោក ហ៊ុយ គឹង ដែល​ជា​តារា​សម្ដែង និង​ជា​ផលិតករ​ភាពយន្ត​ទសវត្ស​រ៍ឆ្នាំ១៩៦០ និង៧០។ អ្នក​ស្រី​មាន​កូន​២នាក់ ឈ្មោះ​ហ៊ុយ​ ឌីណា​ និង​​ ហ៊ុយ​ ឌីលី អ្នក​ស្រី​ និង​ស្វាមី​បាន​ចែក​ផ្លូវ​គ្នា​ក្នុង​ឆ្នាំ​១៩៧៤ មុន​ពេល​ដែល​អ្នក​ស្រី​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​ប្រទេស​បារាំង។

ជីវិត​ក្នុង​សិល្បៈ និង​ស្នាដៃ៖

ឆ្នាំ​១៩៥៩​ ក្នុង​វ័យ១៥ឆ្នាំ អ្នក​ស្រី​បាន​ប្រឡង​ជាប់​បវរ​កញ្ញា​លេខ១។ ឆ្នាំ​១៩៦២ អ្នក​ស្រី​​ត្រូវ​បាន​លោក អ៊ួង កន្ធន់ ចាងហ្វាង​ផលិតកម្ម​កង​ចក្រ​ភាព​យន្ត​ ជ្រើស​រើស​ថត​ខ្សែ​ភាពយន្ត​ដំបូង​ក្នុង​​រឿង​ «ក្បូន​ជីវិត» ដើរតួ​ជាមួយ​លោក ម៉ក់ ហូ។ អ្នក​ស្រី​បាន​សម្ដែង​កុន​ក្នុង​ផលិតកម្ម​ជា​ច្រើន​កាល​ក្នុង​អំឡុង​ឆ្នាំ១៩៦០ និង ៧០។ ដោយ​សារ​ជោគ​ជ័យ​លើ​វិស័យ​សិល្បៈ អ្នក​ស្រី​និង​ស្វាមី​បាន​បើក​ផលិត​កម្ម​ថត​ខ្សែ​ភាព​យន្ត​ឈ្មោះ​ ផលិតកម្ម​សុវណ្ណ​គិរី​ភាពយន្ត ហើយ​ថត​បាន​ប្រមាណ​​ជាង​១០រឿង​ដែល​សុទ្ធ​សឹង​តែ​ទទួល​ការ​គាំ​ទ្រ​ពី​មហាជន។

អ្នក​ស្រី​សម្ដែង​កុន​សរុប​បាន​ប្រមាណ​ជា៦៥ រឿង កាល​ក្នុង​ទសវត្ស​រ៍ឆ្នាំ១៩៦០ និង៧០។ បន្ទាប់​ពី​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​មួយ​រយៈ ក្នុង​ឆ្នាំ១៩៩៣ អ្នក​ស្រី​ត្រលប់​មក​កម្ពុជា​វិញ ក្រោយ​ពី​ត្រលប់​ពី​បរទេស​វិញ​អ្នក​ស្រី​ត្រូវ​បាន​គេ​ទាក់​ទង​ឱ្យ​ជួយ​បង្ហាត់​សិល្បៈ​ភាព​យន្ត​​តាម​ក្លឹប អង្គការ និង​ស្ថានីយ​ទូរទស្សន៍​នានា។

ក្នុង​អំឡុង​ឆ្នាំ១៩៩៧-១៩៩៨ អ្នក​ស្រី​បាន​បើក​ក្លឹប MSL ជាមួយ​លោក​ហ៊ុយ​ សាន់​​ អតីត​តារា​ភាព​យន្ត​រួម​ជំនាន់ ទទួល​បង្ហាត់​បង្រៀន​រាំ ដើរ​ម៉ូដ សម្ដែង និង​ច្រៀង។ អ្នក​ស្រី​ក៏​បាន​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុ​ជា​បង្កើត​កម្មវិធី​ជាច្រើន។ បច្ចុប្បន្ន​អ្នក​ស្រី​ នៅ​តែ​បន្ត​សម្ដែង​កុន ​ថត​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ផ្សេង​ៗ និង​បង្ហាញ​មុខ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​​មួយ​ចំនួន​ផង​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay

error: Content is protected !!